បើតាមលោករដ្ឋមន្រ្តី នៅក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បង ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក បានសហការជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្តនានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និងកោះស្តេច ដែលជាលទ្ធផល គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ កំពង់ផែនេះទទួលបានភ្ញៀវទេសចរសរុបជាង ៧០០០នាក់ ចេញ-ចូល។ បន្ថែមពីលើនេះ ដោយមានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនក៏បានសិក្សាអំពីកិច្ចសហការធុរកិច្ចជាមួយដៃគូក្រៅប្រទេសមួយចំនួន ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មកំពង់ផែ ជំរុញលើកកម្ពស់លំហូរទេសចរណ៍ ឬសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និងពង្រីកវិស័យទេសចរណ៍របស់កម្ពុជានាពេលអនាគត។កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤,២៥ ហិកតា។ កំពង់ផែនេះ បច្ចុប្បន្នអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូលចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។
តាមការគ្រោងទុករបស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាចរណ៍ត្រូវមានជម្រៅទឹក ៣ ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥ គីឡូម៉ែត្រ និងទទឹងទំហំ ៦២ ម៉ែត្រ មាន ២ គន្លងទៅមក។
ផ្តើមចេញពីគម្រោង និងសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីតនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលបានសាងសង់រួច រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តម្រាយផ្លូវនាវាចរណ៍កំពង់ផែនឹងត្រូវអភិវឌ្ឍន៍បន្ថែមឱ្យមានជម្រៅទឹកលើសពី ៣ ម៉ែត្រ ទទឹងប្រវែងពី ១៦០ ម៉ែត្រ ទៅ ៣៤០ ម៉ែត្រ ដែលមានប្រវែងរហូតដល់ ១៥ គីឡូម៉ែត្រ រាប់ចាប់ពីទីតាំងបត់នាវា រហូតដល់ផ្ទៃសមុទ្រ៕