BY | Heach | / | 11-04-2025 | / | 140 |
សមាគមគ្រឿងសម្អាងCCAចូលជួបសម្តែងការគួសមឯកឧត្តមអគ្គនាយក កបប និង ស្នើសុំមតិដឹកនាំឆ្នាំថ្មី
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទៅ ១១ ខែ មេសា ឆ្នាំ ២០២៥នេះសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងCCAនិងសហការីបានចូលជួបសម្តែងការគួសម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកបបនៅឯស្នាក់ការ កបប ផ្ទាល់។
ដោយក្នុងជំនួបនេះឯកឧត្តមបានលើកឡើងថា ស្ថាប័នរបស់លោកបានបង្កើតឡើងជាង៥ឆ្នាំមកហើយ និងបានធ្វើកិច្ចការជាច្រើនក្នុងបសកកម្មការពារប្រជាពលរដ្ឋ អ្នករកស៊ីស្របច្បាប់ជាពិសេសគឺសុខភាពប្រជាពលរដ្ឋតាមរយៈ ការទប់ស្កាត់បទល្មើសនានា ដោយសង្កត់ធ្ងន់លើចំណីអាហារ និង សារធាតុគីមីជាដើម។ល។
លោកបន្តទៀតថាកន្លងមកលោកបានធ្វើកិច្ចសហការជាមួយសមាគមគ្រឿងសម្អាងដោយបានចាត់ក្រុមការងារទៅធ្វើបទបង្ហាញអំពីច្បាប់ការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និង កាក្លែងបន្លំជាច្រើនវគ្គផងដែរ។
ក្នុងឪកាស់នោះលោក អ៊ឹង ឆាយគ័ង ប្រធានសមាគមCCA បានលើកឡើងថា សមាគមលោកមានក្តីសប្បាយរីករាយដែលបានទទួលបានការអនុញ្ញាតអោយចូលជួបសម្តែងការគួសមនិងទទួលបានមតិដឹកនាំសម្រាប់ឆ្នាំថ្មីនេះ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ លោក តេង ប៊ុនថុន ទីប្រឹក្សាសមាគមបានលើកឡើងថា សមាគមមួយនេះបានបណ្តុះបណ្តាលផ្នែកច្បាប់នានាដល់សមាជិករបស់ខ្លួនអស់រយៈពេល ៣ឆ្នាំ ហើយ បន្តទៅទៀតនោះគឺសមាគមនេះនិងចាប់ផ្តើមលើកិច្ចការប្រកួតប្រជែង និង ការការពារអ្នកប្រើប្រាស់ ដោយបានណែនាំអោយសមាគមនេះធ្វើនូវកិច្ចការ
ចំនួន៤ធំៗគឺ៖
១. ដាក់របាយការណ៍ទៅអង្គភាពនានាដែលពាក់ព័ន្ធ ដោយរបាយការនោះចែកចេញជា៣ចំនុចគឺ របាយការណ៍សកម្មភាព របាយការណ៍ផលិតផលក្លែងក្លាយ ក្លែងបន្លំ ដែលនាំអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និង របាយការណ៍សុំអន្តរាគមន៍។
ចំណែកទី ២ នោះគឺ កិច្ចសហការបណ្តុះបណ្តាលស្តីអំពីច្បាប់ប្រកួតប្រជែង និង ច្បាប់ការពារអ្នកប្រើប្រាស់
ទី៣គឺ សហការផ្សព្វផ្សាយអំពីដំណឹងដែលមានសារៈប្រយោជន៍ដល់សង្គមជាតិ ស្តីអំពីផលប៉ះពាល់ ដំណោះស្រាយ និង វិធីការពារជាដើម។ល។
ទី៤ ការគាំទ្រការផលិតក្នុងស្រុក ទាំងផលិតផលគ្រឿងសម្អាង និង ផលិតផលនានាដែលនាំអោយវិស័យផលិតក្នុងស្រុករីកចំរើន និង ទទួលបានការគាំទ្រពីមហាជនដែលនាំអោយវិស័យសេដ្ឋកិច្ចជាតិមានការរីកចំរើន។
ជាចុងបញ្ចប់ឯកឧត្តមប្រតិភូបានឯកភាព និង សហការទទួលយកដោយបានភ្ជាប់នូវពាក្យជូនពរឆ្នាំថ្មីជាច្រើដល់សមាជិក សមាជិការសមាគមដែលបានចូលរួមទទួលបានជោគជ័យគ្រប់ភារៈកិច្ច និង សំណាងល្អជាដើម។ល។
គួររំលឹកផងដែរថា សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងCCA មានគោលបំណង ទស្សនៈវិស័យ និងបេសកកម្មដូចជា៖
គោលបំណងរបស់សមាគមនោះគឺ
• ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
• គាំទ្រដល់ផលិតផល ដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយមន្ទីរពាក់ព័ន្ធរបស់ប្រទេសកម្ពុជា។
• រកទីផ្សារ កន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារ សម្រាប់ដាក់តាំងលក់ផលិតផលគ្រឿងសម្អាងក្នុងស្រុក និងបរទេស។
• ជួយគាំពារ និងលើកកម្ពស់ដល់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុក ឲ្យមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ ដែលជាសក្តានុពល ឆ្ពោះទៅរកការប្រកួតប្រជែងផលិតផលគ្រឿងសម្អាងកម្ពុជានៅលើទីផ្សារអន្តរជាតិ។
បេសសកម្មមានដូចជា
- គាំទ្រខ្សែសង្វាក់ផលិតកម្មគ្រឿងសម្អាងក្នុងស្រុក ដែលមានការទទួលស្គាល់ពីមន្ទីរពិសោធន៍ជាតិលើការផលិតតាមបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារក្រសួងពាក់ព័ន្ធ។
- លើកស្ទួយនូវផលិតផលក្នុងស្រុកចំពោះម្ចាស់កម្មសិទ្ធិករ ដែលបានចុះបញ្ជីការទទួលស្គាល់គ្រប់ស្ថាប័ន ពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារ ជៀសវៀងការផលិត ឬវេចខ្ចប់ផលិតផលគ្រឿងសម្អាងក្លែងក្លាយ។
- ផ្តល់ការប្រឹក្សាផ្លូវច្បាប់ ដោះស្រាយវិវាទដែលជាហានិភ័យរបស់ម្ចាស់អាជីវកម្មគ្រឿងសម្អាងស្របច្បាប់នៅកម្ពុជា។
|