BY | Admin | / | 09-04-2025 | / | 86 |
មាត្រា២៥១ នៃច្បាប់ភូមិបាលចែងថា ជនណាដែលបានក្លែងប័ណ្ណក្នុងគោលបំណងយកទៅប្រើប្រាស់ជាផ្លូវការ ទោះក្នុងរូបភាពអ្វីក៏ដោយក៍ត្រូវមានទោសដូចខាងក្រោមនេះដែរ
ប័ណ្ណកម្មសិទ្ធិលើអចលនទ្រព្យ (ប្លង់ដី)ជាឯកសារភស្តុតាងស្របច្បាប់មួយដែលបញ្ជាក់អំពីភាពជាម្ចាស់កម្មសិទ្ធិលើដីធ្លី ឬផ្ទះសម្បែងណាមួយ ដែលនៅក្នុងប័ណ្ណកម្មសិទ្ធិនោះមានព័ត៌មានលម្អិតសំខាន់ៗអំពីអចលនទ្រព្យ ដូចជាព្រំដែន ទីតាំង ទំហំនិងឈ្មោះរបស់ម្ចាស់កម្មសិទ្ធិជាដើម ហើយប័ណ្ណកម្មសិទ្ធិនេះផងដែរមានអានុភាពផ្លូវច្បាប់ ដែលគេអាចប្រើប្រាស់បានតាមតម្រូវការចាំបាច់។
ទន្ទឹមនឹងនេះផងដែរមានជនខិលខូច ឃុបឃិតគ្នា ក្នុងការក្លែងបន្លំធ្វើប័ណ្ណកម្មសិទ្ធិនេះសម្រាប់យកទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតផងដែរ។ ។
តើអំពើក្លែងប័ណ្ណបែបសំគាល់កម្មសិទ្ធិមានរូបភាពយ៉ាងណាខ្លះ?
ជាការពិតណាស់ ការក្លែងប័ណ្ណដើម្បីយកទៅប្រើប្រាស់ជាផ្លូវការគ្រប់រូបភាពណាក៏ដោយ គឺជាអំពើដែលច្បាប់បានបំរាមហាមឃាត់យ៉ាងដាច់ខាត!ហើយអំពើក្លែងប័ណ្ណសំគាល់កម្មសិទ្ធកន្លងមកមានរូបភាពជាច្រើនដូចជា
១ ថតចំលងដែលមានលក្ខណៈស្រដៀងភាគរយច្រើន
២ យកប័ណ្ណថ្មីមកបំពេញព័ត៌មានក្បាលដីដោយសសេរមានលក្ខណៈស្រដៀងខ្លាំង
៣ ច្បាប់ដើមយកទៅដាក់បញ្ចាំឯកជន និង ទៅប្តឹងថាបាត់ហើយសុំធ្វើទុតិយតាបន្លំថាខ្លួនបានបាត់
នេះបើផ្អែកតាមច្បាប់ភូមិបាល ត្រង់មាត្រា២៥១ បានបញ្ញតិ្តថា៖ ជនណាដែលបានក្លែងប័ណ្ណក្នុងគោលបំណងយកទៅប្រើប្រាស់ជាផ្លូវការ ទោះក្នុងរូបភាពអ្វីក៏ដោយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ដល់ ៥(ប្រាំ) ឆ្នាំ។
គួររំលឹកផងដែរថាកន្លងមកករណីទាំងនេះធ្លាប់កើតមានជាច្រើនសឹងរាប់មិនអស់ ពេលខ្លះគេក្លែងធ្វើប័ណ្ណនេះសម្រាប់យកទៅអះអាងថាខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុណាមួយ ដើម្បីទាញយកផលប្រយោជន៍តាមរយៈ ការលក់ទិញ ការដាក់បញ្ចាំជាលក្ខណៈឯកជនច្រើនកន្លែងដោយប្រើប្រាស់ប័ណ្ណដដែល និងករណីខ្លះទៀតគឺបុគ្គលខិលខូចលួចធ្វើប័ណ្ណក្លែងក្លាយនោះយកទៅប្រើប្រាស់រំលោភរំពានទៅលើកម្មសិទ្ធិរបស់អ្នកដទៃជាដើម។
ទាំងនេះសុទ្ធសឹងតែជាបញ្ហាដែលបង្កជាភាពចលាចលដល់សង្គម នាំឱ្យជនរងគ្រោះខាតបង់ពេលវេលា និងផលប្រយោជន៍ជាច្រើនទៀត។
ដូចនេះដើម្បីចៀសវាងពីបញ្ហាដូចខាងលើ អ្នកទិញ ឬអ្នកទទួលបញ្ចាំគប្បីត្រូវទៅមន្ទីរសុរិយោដីតាមស្រុក/ខណ្ឌ ដើម្បីសួរព័ត៌មានអំពីប័ណ្ណកម្មសិទ្ធិណាមួយឱ្យបានច្បាស់ ចៀសជាងប៉ះចំប័ណ្ណក្លែងក្លាយដោយមិនដឹងខ្លួន។
|