ត្រង់នេះអ្នកឧកញ៉ាបានបញ្ជាក់ថាអតិថិជនរបស់ម្ចាស់បុរីដែលកំពុងបង់រំលស់ផ្ទះជាមួយម្ចាស់បុរីអាចមកសហការជាមួយធនាគារជីប ម៉ុងដោយអាចយកប្រាក់កម្ចីពីធនាគារជីប ម៉ុង រហូតដល់ទៅ៨០%នៃតម្លៃផ្ទះជាមួយរយៈពេលកម្ចីវែងរហូតដល់ទៅ២០ឆ្នាំ។ អ្វីដែលអ្នកឧកញ៉ា លាង ម៉េងបានរៀបរាប់ខាងលើគឺចង់ជំរុញលើកទឹកចិត្តឲ្យម្ចាស់បុរីឬខុនដូអាចមកសហការជាមួយធនាគារដោយអនុញ្ញាតឲ្យអ្នកបង់រំលស់ផ្ទះអាចផ្ទេរកម្ចីទិញផ្ទះមកធនាគាជីប ម៉ុងតាមរយៈការខ្ចីលុយធនាគារជីប ម៉ុងទៅបង់ផ្ដាច់ផ្ទះជាមួយម្ចាស់បុរី រួចអ្នកទិញផ្ទះអាចបង់រំលស់ប្រចាំខែជាមួយធនាគារជីប ម៉ុងវិញ ដែលជាទូទៅការបង់រំលស់ផ្ទះជាមួយធនាគារគឺការប្រាក់ទាបសមរម្យ។
អ្នកឧកញ៉ា លាង ម៉េងបានមានប្រសាសន៍ថាបើម្ចាស់បុរីសហការជាមួយធនាគារ ជីប ម៉ុងនោះនឹងជួយសម្រួលសាច់ប្រាក់ដល់ម្ចាស់បុរី ដោយម្ចាស់បុរីអាចយកសាច់ប្រាក់យកទៅប្រើប្រាស់ដើម្បីពង្រីកអាជីវកម្ម ដើម្បីបន្តសាងសង់ផ្ទះជូនអតិថិជន។ អ្នកឧកញ៉ាក៏បានបញ្ជាក់ផងដែរ ធនាគារជីប ម៉ុងសម្រួលក្នុងការសិក្សានិងការផ្ដល់ការទូទាត់មានភាពបត់បែនតាមម្ចាស់បុរីឬតាមអតិថិជនរបស់ខ្លួន។ ត្រង់នេះអ្នកឧកញ៉ាក៏បានបង្ហើបផងដែរថាគោលការណ៍រដ្ឋាភិបាលឆ្នាំ២០២៥បានលើកទឹកចិត្តថារាល់អតិថិជនដែលទិញលំនៅឋានជាលើកដំបូងនឹងបានទទួលការលើកលែងពន្ធកាត់ឈ្មោះកម្មសិទ្ធិផ្ទះដោយជាបន្ទុករបស់រដ្ឋ៕