ផ្ទុយទៅវិញ ទំនាក់ទំនងរវាងតារាទាំងពីររូប គឺជាបងប្អូនល្អនឹងគ្នា ពោលគឺតាំងពីមុនហក់ចូលហង្សមាសមកម្ល៉េះ ប៉ុន្តែមកពីពេលកន្លងមកមិនមានគម្រោងឯកជនរួមគ្នា ហើយក្រៅពីប៉ះគ្នាលើឆាក ទើបធ្វើឲ្យទស្សនិកជន មានការយល់ច្រលំថា លោកព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត មានរឿងកុងគ្នា។
តារាចម្រៀង ព្រាប សុវត្ថិ បានបញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួន ជាមួយនឹង លោក ព្រាប សុវត្ថិ ថា រវាងលោក និង លោក ខេរមៈ សិរីមន្ត មិនធ្លាប់រឿងកាច់កុងគ្នា ដូចអ្វីដែលពាក្យចចាមអារាមមួយចំនួន បានលើកឡើង នោះទេ ពោលគឺទំនាក់ទំនងរវាងតារាទាំងពីរ ស្រឡាញ់គ្នាដូចរៀមច្បង និង សិស្សប្អូន នៅក្នុងវិស័យសិល្បៈ អ៊ឹចឹង។
លោក ព្រាប សុវត្ថិ បាននិយាយថា « ជាធម្មតា យើងមិនអាចហាត់ឃាត់នរណាម្នាក់ មិនឲ្យនិយាយអាក្រក់ ឬ ល្អ បាននោះទេ ប៉ុន្តែសម្រាប់ពួកខ្ញុំទាំងពីរនាក់ គឺមានតែការសហការគ្នា និង ញញឹមដាក់គ្នា ដើម្បីដើរទៅរកផ្លូវស្របទិសគ្នា ដើម្បីទទួលបានជោគជ័យ ហើយនេះគឺជាគោលដៅ ដែលពួកយើងដើររួមគ្នា នាពេលកន្លងមក»។
មិនខុសគ្នាប៉ុន្មាន ចំពោះ លោក ខេមរៈ សិរីមន្ត ក៏បានបង្ហាញនូវអារម្មណ៍រីករាយ សប្បាយចិត្ត ដែលបានចាប់ដៃគូ ធ្វើជំនួញរួមគ្នា ជាលើកដំបូង នៅលើគម្រោងដីឡូតិ៍ ស្ថិតនៅផ្សារព្រៃទទឹង ចូលតាមច្រកវត្តអន្លង់គគីរ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៣ ជាមួយមិត្តរួមទ្រនំ លោក ព្រាប សុវត្ថិ ខណៈដែលមុខជំនួញនេះ គឺបានកិច្ចសហការ និងយកចិត្តទុកដាក់ ពីអ្នកជំនាញដីធ្លីគឺលោក ឡេង ណាវ៉ាត់ត្រា។
លោក ខេមរៈ សិរីមន្ត បានប្រាប់ថា «បន្ទាប់ពីរំលេចគម្រោងយក្សមួយនេះ ពួកយើងនឹងមានគម្រោងយក្សធំៗ បែបនេះបន្តបន្ទាប់ទៀត ដោយការបាក់បែកសាមគ្គី គឺមិនអាចមានឡើយ»។
ដោយឡែកចំពោះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានបន្ថែមថា វត្តមានកំពូលតារាចម្រៀងទាំងពីរជាដៃគូភាគហ៊ុន មិនត្រឹមតែទទួលបានដើមទុនកើនឡើងប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យ មុខជំនួញថ្មី លើទំហំដី ៥០ ហិចតានេះ ទទួលបានការចាប់អារម្មណ៍ ក្នុងការប្រកួតប្រជែង ផងដែរ។ លោកបញ្ជាក់ថា « ដោយសារតែកំពូលតារាទាំងពីរលោកខេមរៈ សិរីមន្ត និង លោក ព្រាប សុវត្ថិ ចូលហ៊ុនជាមួយគ្នា ដូច្នេះកាន់តែធ្វើឲ្យមានទំនុកចិត្ត និង មិនមានការភ័យខ្លាច រឿងគម្រោងដីនេះជាគម្រោងដីមិនស្របច្បាប់ ឬសំណង់ផ្ទះខ្យល់ នោះទេ»៕