ដោយឡែកយោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផលិតទឹកឃ្មុំខាងលើ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីសំណាក់លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ទីតាំងផលិតទឹកឃ្មុំក្លែងក្លាយនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន CHAN HONEY IMPORT -EXPORT-Co.LTD ដែលមានថៅកែជាជនជាតិវៀតណាមឈ្មោះ ង្វៀន យិនធី ថាន់ ទៀង ។
តាមព័ត៌មានបានឱ្យដឹងថាជាលទ្ធផលនៃការបង្ក្រាបនេះសមត្ថកិច្ចជំនាញបានរកឃើញទឹកឃ្មុំសរុបចំនួន១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០គីឡូក្រាម(ជិត២០តោន) ដែលទឹកឃ្មុំទាំងនោះសង្ស័យជាផលិតផលក្លែងបន្លំប្រភព បច្ចុប្បន្ននេះព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដកហូតទឹកឃ្មុំប្រមាណជិត២០តោននោះ ជាបណ្តោះអាសន្ន ដែលរក្សាទុកនៅទីតាំងក្រុមហ៊ុន រួចធ្វើការបិតឃ្លាំង រីឯម្ចាស់ក្រុមហ៊ុនដែលជាជនជាតិវៀតណាម និងអ្នកពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនោះយកទៅបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធីទៅតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះសមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីលើកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះរបស់កម្ពុជាយើង ក៏ដូចជាទំនុកចិត្តពីអ្នកវិនិយោគទុន ហើយប្រសិនបើមានព័ត៌មាន ឬក៏សង្ស័យអំពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការដល់សមត្ថកិច្ច ដើម្បីមានវិធានការឱ្យបានទាន់ពេលវេលា។ ចែករំលែកដោយអង្គភាពសារព័ត៌មានឌីប៊ីធី DBT News