BY | Admin | / | 24-01-2025 | / | 143 |
រដ្ឋយល់ព្រមលើកលែងពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចរយៈពេល ៥ឆ្នាំ
ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល សម្រេចយល់ព្រមលើកលែងពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចរយៈពេល ៥ឆ្នាំ និងកាត់បន្ថយកម្រៃ អាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ។
ការចេញសម្រេចនេះ គឺក្រោយពីមានសំណើសុំចេញសេចក្ដីជូនដំណឹង (សជណ) ស្ដីពី ការលើកលែងពន្ធប៉ាតង់ សារព័ត៌មានអនឡាញប្រភេទធុនតូច ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណ បង្កើតអង្គភាពសារព័ត៌មានសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ។
យោងតាមលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងចំណាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល យល់ព្រមលើកលែងពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡញាប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃអាជ្ញាបណ្ណស្នើសុំ បង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ចំនួន ៩១៧អង្គភាព។ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកកំពុងប្រកបអាជីវកម្ម ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឲ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន៕
|