សកម្មភាពទាំងនោះសុទ្ធសឹងតែជាទង្វើដែលច្បាប់បានហាមឃាត់ ហើយការក្លែងបន្លំអាចស្ថិតក្រោមរូបភាពជាច្រើនដូចជា៖
-
ការក្លែងលេខបញ្ជិកា អាចស្ថិតក្រោមរូបភាពផ្សេងៗដូចជា ១-អ្នកផលិតយកលេខបញ្ជិការបស់ផលិតផលណាមួយយកទៅបិតគ្រប់ដបនៃផលិតផលផ្សេងៗដែលមិនបានចុះបញ្ជី។ ២-អ្នកផលិតបិតលេខបញ្ជិកាក្លែងក្លាយ ឬហោះថាលេខបញ្ជិកាសេះហោះ។ ៣-ការយកលេខបញ្ជិកាថ្នាំផ្សេង មកបិតលើថ្នាំផ្សេងទៀត ឧ.យកលេខបញ្ជិការបស់ថ្នាំដំឡូង យកទៅបិតលើដបថ្នាំសម្រាប់បាញ់ស្វាយ។
-
ការក្លែងបន្លំស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ ឬប្រើស្លាកសញ្ញាព័ត៌មានជាភាសាបរទេស ឧ.ការក្លែងបន្លំស្លាកសញ្ញាព័ត៌មានអំពីគុណភាព,ក្លែងបន្លំការចុះបញ្ជី,ក្លែងបន្លំកម្រិតគ្រោះថ្នាក់ ឬក្លែងបន្លំសារធាតុផ្សំផ្សេងៗជាដើម។
-
ការក្លែងបន្លំឈ្មោះទូទៅឬ ឈ្មោះពាណិជ្ជកម្មនៃថ្នាំកសិកម្ម ឧ.ការយកឈ្មោះផលិតផលរបស់ក្រុមហ៊ុនណាមួយមកប្រើប្រាស់ក្នុងគោលដៅក្លែងបន្លំម៉ាក ឬប្រេន។
-
ការក្លែងបន្លំសំបកវេចខ្ចប់ដូចជាការយកផលិតដែលគ្មានគុណភាពទៅវេចខ្ចប់ជាមួយសំបកវេចខ្ចប់ដែលមានគុណភាពខ្ពស់ ឬការយកផលិតផលដែលមានចំណុះច្រើនច្រកដាក់ដបតូចៗដើម្បីលក់។
-
ការក្លែងបន្លំសមាសភាព ឬមានសមាសធាតុផ្សេងពីការអះអាងនៅពេលស្នើសុំចុះបញ្ជី ឬជាផលិតផលក្រៅបមាណីយ ឧ.នៅពេលដែលស្នើសុំចុះបញ្ជីផលិតផលនោះមានការលាយផ្សំសមាធាតុត្រឹមត្រូវតាមស្តង់ដាររបស់ក្រសួងពាក់ព័ន្ធ ប៉ុន្តែនៅក្នុងដំណើរការផលិតលក់វិញគឺផលិតករបានក្លែងបន្លំសមាសធាតុ ឬលាយបញ្ចូលសមាសធាតុផ្សេងដែលគ្មានការថ្លឹងថ្លែងត្រឹមត្រូវទៅតាមស្តង់ដារ ដែលជាហេតុបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ក៏ដូចជាប្រើប្រាស់គ្មានប្រសិទ្ធភាព។
-
ការក្លែងបន្លំប្រភពដើម ឧ.ផលិតផលដែលមានកូដ ឬអក្សរបញ្ជាក់ថាផលិតនៅប្រទេសថៃ និងមានឈ្មោះរោងចក្រត្រឹមត្រូវ តែជាក់ស្តែងផលិតផលនោះវេចខ្ចប់ ឬកែច្នៃដោយខ្លួនឯងនៅតាមផ្ទះ។
យោងតាមច្បាស់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ត្រង់មាត្រា៤៨បានចែងបញ្ញត្តិហាមឃាត់ទៅលើសកម្មភាពក្លែងមួយចំនួននៅក្នុងពាណិជ្ជកម្មថ្នាំកសិកម្មគ្រប់ប្រភេទ។
មាត្រា ៤៨
ត្រូវហាមឃាត់ចំពោះសកម្មភាពក្លែងនៅក្នុងពាណិជ្ជកម្មថ្នាំកសិកម្មគ្រប់ប្រភេទដូចខាងក្រោម៖
១.ក្លែងលេខបញ្ជិកា។
២.ក្លែងបន្លំស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ ឬប្រើស្លាកសញ្ញាព័ត៌មានជាភាសាបរទេស។
៣.ក្លែងបន្លំសំបកវេចខ្ចប់។
៤.ក្លែងបន្លំឈ្មោះទូទៅឬ ឈ្មោះពាណិជ្ជកម្មនៃថ្នាំកសិកម្ម។
៥.ក្លែងបន្លំសមាសភាព ឬមានសមាសធាតុផ្សេង ពីការអះអាងនៅពេលស្នើសុំការចុះបញ្ជី
ឬជាផលិតផលក្រៅបមាណីយ។
៦.ក្លែងបន្លំប្រភពដើម។
ដូចនេះដើម្បីជាប្រយោជន៍ដល់វិស័យកសិកម្ម និងលើកទឹកចិត្តដល់ប្រជាកសិករយើង ក្នុងការធ្វើកសិកម្ម អ្នកផលិត និងអាជីវករគ្រប់រូបគួរគប្បីជៀសវាងនូវសកម្មភាពទាំងឡាយណាដែលច្បាប់បានហាមឃាត់ ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងស្រុកយើងឱ្យមានភាពជឿនលឿន ជួយឱ្យប្រជាកសិករប្រមូលផលបានល្អ និងអាចរកប្រាក់ចំណូលបានច្រើន មិនបង្កផលប៉ះពាល់ដល់បរិស្ថានធម្មជាតិជុំវិញស្រែចម្ការ និងសត្វនានាដែលប្រជាកសិករចិញ្ចឹម ជាពិសេសនោះមិនបង្កផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតទាំងអ្នកផលិត អ្នកប្រើប្រាស់ និងអ្នកបរិភោគផងដែរ។
ចែករំលែកដោយ៖ លោក ប៉ិច ដេវីត ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ពាណិជ្ជកម្ម នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាម៉ិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888