ភាពទូទៅនៃ Hydroquinone
Hydroquinone ត្រូវបានប្រើប្រាស់ជាទូទៅក្នុងការព្យាបាលការកើនឡើងនៃជាតិពណ៌ដ៏ខ្លាំងនៅលើស្បែក (hyperpigmentation) ឬហៅថាជាំ (Melasma) ក្រោមទម្រង់ជាផលិតផលលាបផ្ទាល់នៅលើស្បែក (ក្រែម ជែល ឡូសិន សូលុយស្យុងរាវ)។

Hydroquinoneត្រូវបានរកឃើញមានវត្តមានរួមផ្សំនឹងសារធាតុផ្សេងៗទៀតនៅក្នុងផលិតផលជាច្រើនដែលក្នុងនោះជួបញឹកញាប់ជាងគេគឺការរួមផ្សំជាមួយនឹង ពពួក Retine A ដើម្បីជំរុញឥទ្ធិពលដែលធ្វើឲ្យស្បែកភ្លឺ និង Steroid ដើម្បីជួយកាត់បន្ថយការរលាកឲ្យនៅតិចបំផុត ។
ជាទូទៅ អ្នកអាចរកបានដោយមិនបាច់ត្រូវការវេជ្ជបញ្ជាបានលុះត្រាតែវាជាប្រភេទក្រែម ដែលមានកម្រិតសារធាតុសកម្មមិនលើសពី 2% ប៉ុណ្ណោះ ករណីបរិមាណលើសពីនេះ តម្រូវឲ្យចេញវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត ដោយសារផលរំខានរបស់វាក៏កើនឡើងជាមួយនឹងកម្រិតរបស់វាផងដែរ។
ការព្យាបាលដោយ Hydroquinone
ក្រៅពីបញ្ហាមុខជាំ ជាទូទៅគេក៏ឃើញមានការប្រើប្រាស់ Hydroquinone ចំពោះការព្យាបាល ស្នាមអុជខ្មៅ (ពីកម្តៅថ្ងៃជាពិសេស) និងស្នាមមុនជាដើម។

ការធ្វើតេស្តរកប្រតិកម្មទៅនឹងសារធាតុ Hydroquinone ត្រូវធ្វើឡើងមុនពេលព្យាបាល ហើយសង្កេតលើភាពឡើងក្រហម និងរមាស់ត្រង់កន្លែងលាប។ បើសិនមិនមានប្រតិកម្មណាមួយកើតឡើងនៅ 24ម៉ោងក្រោយការធ្វើតេស្ត នោះការព្យាបាលដោយ Hydroquinone អាចត្រូវបានចាប់ផ្តើម។ ត្រូវប្រាកដផងដែរថា កន្លែងដែលមានភាពជាំ ត្រូវតែស្អាត និងស្ងួត មុនពេលលាបស្រទាប់ស្តើងមួយនៃថ្នាំនេះលើ និងលាងដៃ បន្ទាប់ពីការលាប។ដើម្បីធានាបាននូវប្រសិទ្ធភាព និងការពារការត្រឡប់មកវិញនៃភាពជាំ Hydroquinone គួរតែត្រូវបានប្រើប្រាស់រួមជាមួយនឹងឡេការពារកម្តៅថ្ងៃកម្រិតសមរម្យមួយជានិច្ច ឬរួមផ្សំគ្នាក្នុងផលិតផលតែមួយតែម្តង។
សកម្មភាពរបស់ Hydroquinone
Hydroquinone ធ្វើការរំខានដល់ការផលិតសារធាតុពណ៌របស់ស្បែក (Melanin) ដោយកោសិកា Melanocyte ដែលដំណើរនេះប្រព្រឹត្តទៅដោយការរារាំងទៅលើការបំលែងនៃ tyrosineទៅជា DOPA (dihydroxyphenyla-lanine)។
ដំណើរការនេះនាំឲ្យមានការបន្ថយតម្រូវការសារធាតុពណ៌ ដែលបណ្តាលឲ្យមានការថយចុះនៃចំនួន melanocyte និង melaninជាលទ្ធផលផ្តល់ឲ្យស្បែកនូវភាពភ្លឺជាងមុន។
ផលរំខាននៃHydroquinone
ក្រោមទម្រង់ជាឱសថលាបផ្ទាល់នៅនឹងកន្លែងធម្មតាវាមិនបង្កជាប្រតិកម្មណាមួយឡើយប៉ុន្តែក្នុងករណីខ្លះវាអាចបង្កឲ្យមានផលរំខានមួយចំនួនរួមមាន ស្បែកស្ងួត រលាក រមាស់ ឡើងក្រហមផ្ទាំងៗ ការឡើងកន្ទួលជាដើម។ដោយឡែកចៀសវាងការប៉ះពាល់នៃសារធាតុថ្នាំចំពោះភ្នែក និងប្រើប្រាស់ញឹកញាប់ពេកនៅលើស្បែកមុខ ហើយក៏មិនត្រូវប្រើប្រាស់នៅក្នុងកម្រិតខ្ពស់រយៈពេលយូរឡើយ ដោយសារវាអាចមានទំនាក់ទំនងនឹងជំងឺ Ochronosis (ការប្រែប្រួលពណ៌ខុសប្រក្រតី ជាមួយការឡើងជាពងៗលើស្បែក)។ គួរបញ្ជាក់ថា ចំពោះការប្រើប្រាស់លើសពី 3ខែដោយមិនឃើញមានលទ្ធផល អ្នកត្រូវត្រឡប់ទៅជួបនឹងអ្នកជំនាញដើម្បីសុំការណែនាំ។មានការព្រួយបារម្ភជាច្រើនទៅលើអនុភាពនៃការបង្កើតជាមហារីកនៃ Hydroquinone ដោយមានទំនាក់ទំនងនឹងការធ្វើមេតាលីសនៅក្នុងថ្លើមរបស់វា ក៏ប៉ុន្តែ ការប្រើប្រាស់នៅក្នុងទម្រង់សម្រាប់លាបផ្ទាល់លើស្បែក មិនគួរត្រូវបានបារម្ភឡើយ ដោយសារការធ្វើមេតាបូលីសរបស់វាមួយភាគធំគឺធ្វើនៅក្នុងសរសៃឈាម និងបន្ទាប់មកត្រូវបានបញ្ចេញចោលតាមតម្រងនោម។
បម្រុងប្រយ័ត្ន
អ្នកត្រូវប្រាប់វេជ្ជបណ្ឌិត ឬអ្នកជំនាញមុនទទួលការព្យាបាលដោយ Hydroquinone នេះប្រសិនបើអ្នកមានស្ថានភាពណាមួយដូចខាងក្រោម៖
• បើអ្នកមានផ្ទៃពោះ ឬមានគម្រោងក្នុងការមានផ្ទៃពោះ ឬនៅបំបៅដោះកូន
• បើអ្នកមានប្រើប្រាស់ថ្នាំប្រភេទណាមួយ រួមបញ្ចូលទាំងថ្នាំបុរាណ ឬអាហារបំប៉នផងដែរ
• បើអ្នកប្រតិកម្មនឹងថ្នាំ អាហារ ឬសារធាតុណាមួយ
• បើអ្នកមានបញ្ហាទាក់ទងនឹងតម្រងនោម ឬថ្លើម។
ក្រៅពីនោះ អ្នកត្រូវចៀសវាងប្រើប្រាស់ជាមួយនឹងផលិតផលឱសថដទៃទៀត (ជាពិសេសផលិតផលដែលជាស្រឡាយនៃ peroxide) អំឡុងពេលប្រើប្រាស់ Hydroquinone រហូតមានការណែនាំពីអ្នកជំនាញប៉ុណ្ណោះ។បើទោះជាមានផលរំខាន និងការបារម្ភទៅលើហានិភ័យនៃការប្រើប្រាស់ Hydroquinone រហូតមកដល់សព្វថ្ងៃ ក៏ប៉ុន្តែជាក់ស្តែង Hydroquinone (ទម្រង់លាបផ្ទាល់) មានប្រវត្តិនៃការព្យាបាលប្រកបដោយសុវត្ថិភាពតាំងពីយូរមកហើយ ប្រសិនបើគោរពតាមការណែនាំក្នុងការប្រើប្រាស់បានត្រឹមត្រូវ។ស្រាវជ្រាវដោយ ៖ កញ្ញា កែវ គីមស្រៀ ជាបុគ្គលិកស្រាវជ្រាវផ្នែកច្បាប់នៃការិយាល័យ ប៊ីធី(BT LAW OFFICE)មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី 8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, ទូរសព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888 ហ្វេសបុកផេក៖ BT Law Offcie