BY | Heach | / | 21-12-2024 | / | 55 |
ខេត្ដកំពង់ចាមត្រូវបានប្រកាសជាខេត្ដដំបូងគេបញ្ចប់ការងារវាស់វែងដីធ្លីនៅថ្ងៃនេះ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះខេត្តកំពង់ចាមត្រូវបានប្រកាសជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈខេត្ដមួយនេះបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤។ ហើយការប្រកាសនេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម និងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន។
ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។
មួយវិញទៀតការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យយើងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
|