BY | Heach | / | 20-12-2024 | / | 73 |
ដំណឹងល្អ! ធនាគារធំៗទាំងនេះ ឯកភាពបន្ធូរបន្ថយការប្រាក់លើកម្ចីទិញអចលនទ្រព្យនិងអភិវឌ្ឍន៍លំនៅឋានក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ
ដំណឹងល្អ! ធនាគារធំៗទាំងនេះ ឯកភាពបន្ធូរបន្ថយការប្រាក់លើកម្ចីទិញអចលនទ្រព្យនិងអភិវឌ្ឍន៍លំនៅឋានក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ"ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណងស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។
ជាលទ្ធផល តំណាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងកិច្ចពិភាក្សា បានគាំទ្រលើគោលការណ៍នេះ និងឯកភាពថា៖
១. គាំទ្រគំនិតផ្តួចផ្តើម ក្នុងការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញលំនៅឋាននូវលទ្ធភាពអនុវត្តកាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល ដែលនឹងផ្តល់ឱ្យអតិថិជនក៏ដូចជា ស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។
២. កម្ចីដែលមានការប្រាក់ទាបលើវិស័យអចលនទ្រព្យ នឹងកាត់បន្ថយវិវាទដែលកើតឡើង ដោយសារ អតិថិជនគ្មានលទ្ធភាពបំពេញកាតព្វកិច្ច ហើយការអនុវត្តគោលការណ៍ នឹងឈានទៅបញ្ចប់វិវាទបុរី ក៏ដូចជាការបើកទំព័រថ្មី សម្រាប់ការងើបឡើងនូវវិស័យអចលនទ្រព្យ និងការទិញលក់លំនៅឋាន។
៣. ភាគីទាំងអស់បានឯកភាពថា នឹងបន្តជួបពិភាក្សាលម្អិតលើគោលការណ៍នេះ នៅក្នុងកិច្ចប្រជុំរបស់ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាពេលខាងមុខ ហើយចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណាដែលមានលទ្ធភាពអនុវត្តបាន នឹងចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីនេះជាបណ្តើរៗ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានសារសំខាន់ក្នុងការកំណត់យន្តការសម្រួលដល់ដំណើរការ និងសុវត្ថិភាព របស់ឧស្សាហកម្មអចលនទ្រព្យ ដែលជាប្រភពផ្តល់នូវឱកាសការងារ និងកម្រៃជូនប្រជាជនបានយ៉ាងច្រើន ជាពិសេសសម្របសម្រួលរកដំណោះស្រាយជាក់ស្តែង សម្រាប់បងប្អូនប្រជាជនមានលំនៅឋានសមរម្យ ជីវភាពល្អប្រសើរ បន្តរក្សានូវបរិយាកាស គ្មានវិវាទនៅក្នុងសង្គម ធានាដល់ដំណើរការឧស្សាហកម្មអចលនទ្រព្យ, ឧស្សាហកម្មប្រាក់កម្ចី, និងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជាជារួម៕
DBT_News
|