កម្មវិធីស្វែងយល់អំពីច្បាប់របស់ការិយាល័យមេធាវី ប៊ីធី (BT Law Office) សហការជាមួយ អង្គភាពសារព័ត៌មាន DBT News សូមលើកយកប្រធានបទស្តីពី «ម៉ាក និងម៉ាកដែលមិនអាចចុះបញ្ជីបាន » មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត អ្នកស្រាវជ្រាវ អាជីវករ សិប្បករ ផលិតករ ឬម្ចាស់ម៉ាក ឱ្យបានជ្រាបកាន់តែច្បាស់អំពីលក្ខណៈនៃម៉ាកដែលត្រូវបានហាមឃាត់ ឬមិនអាចចុះបញ្ជីបាន។
តើម៉ាកជាអ្វី?
ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដេលប្រើប្រាស់សំរាប់សេវាហៅថា សេវាសញ្ញា។
ម៉ាកមានលក្ខណះសំគាល់ច្រើនប្រភេទដូចជា៖
-
ម៉ាកជាពាក្យ
-
ម៉ាកជាអក្សរ
-
ម៉ាកជាលេខ
-
ម៉ាកជារួបសញ្ញា
-
ម៉ាកជាស្លាកសញ្ញា
-
ម៉ាកជាលេខ និងអក្សរ
-
ម៉ាកជាការរួមគ្នានៃអក្សរ និងរូបសញ្ញា
-
ម៉ាកជាពណ៌
-
ម៉ាកជាឈ្មោះ
-
ម៉ាកជាសញ្ញាដែលមើលឆ្លុះបីជ្រុង
-
ម៉ាកជាហត្ថលេខាជាដើម។
តើម៉ាកដែលមិនអាចចុះបញ្ជីបានមានលក្ខណៈបែបណាខ្លះ?
យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ បានកំណត់អំពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានដូចខាងក្រោម៖
មាត្រា៤
ម៉ាកដែលមិនអាចចុះបញ្ជីបានមានដូចតទៅ៖
ក- ម៉ាកដែលមិនអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវារបស់សហគ្រាសមយយទៅនឹងសហគ្រាមួយផ្សេងទៀត។
ខ- ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ។
គ- ម៉ាកដែលនាំឱ្យសាធារណៈជន ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្រ្តនៃទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ។
ឃ- ម៉ាកដែលដូចគ្នា និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។
ង- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំឱ្យច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះសម្រាប់ទំនិញ ឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។
ច- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែលដែលនាំឱ្យច្រឡំគ្នានឹងម់ាក ឬពាណិជ្ជនាមមួយល្បី ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នាដោយការប្រើប្រាស់ម៉ាកនោះធ្វើឱ្យខូចប្រយោជន៍របស់ម្ចាស់ម៉ាកល្បី។
ឆ- ម៉ាកដែលដូចគ្នា ឬស្ទើតែដូចគ្នានទាំងស្រុងទៅនឹងម៉ាក ដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេងដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុននៅឯបរទេស ចំពោះទំនិញ ឬសេវាដូចគ្នា ឬទំនិញឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ។
តើត្រូវចុះបញ្ជីម៉ាកនៅឯណា? ក្រោយពេលចុះបញ្ជីរួចតើម៉ាកនោះត្រូវបានការពាររយៈពេលប៉ុន្មានឆ្នាំ?
ចំពោះការចុះបញ្ជីម៉ាក គឺត្រូវធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដោយត្រូវដាក់ពាក្យស្នើសុំដែលមានភ្ជាប់ជាមួយនូវ គំរូម៉ាក និងបញ្ជីទំនិញ ឬសេវាដែលត្រូវចុះបញ្ជី ដោយរាយលំអិត តាមក្រុមមុខទំនិញ ទៅតាមចំណាត់ថ្នាក់អន្តរជាតិ ។
- ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព ១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី ។
- តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើសាជាថ្មីសម្រាប់រយៈពេល ១០ឆ្នាំម្តង ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មីតាមការកំណត់ ។
- ការអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចុះបញ្ជីសាជាថ្មី ត្រូវបានអនុញ្ញាតត្រឹមរយៈពេល ៦ខែ ។
-
សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក មានដូចខាងក្រោម៖
- ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន ។
- ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញ និងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឲ្យមានការភាន់ច្រឡំជាសាធារណៈ ។
- សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក នឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ ។
សរុបមក ដើម្បីការពារនូវម៉ាកផលិតផលដែលជាស្នាដៃរបស់ខ្លួនបាន សិប្បករ ផលិតករ ឬម្ចាស់ម៉ាក ចាំបាច់ត្រូវយកម៉ាកដែលខ្លួនបានផលិត ឬបង្កើតឡើង ទៅចុះបញ្ជីម៉ាកនៅក្រសួងពាណិជ្ជកម្ម ជៀសវាងនូវការរំលោភបំពានទាំងឡាយ និងប្រើប្រាស់នូវម៉ាកដែលជាស្នាដៃបង្កើតឡើងរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីសំណាក់ដៃគូប្រកួតប្រជែង
ចែករំលែកដោយ៖ លោក ប៉ិច ដេវីត ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ពាណិជ្ជកម្ម នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ឧទាហរណ៍ ខាងក្រោមជារូបភាពនៃម៉ាក៖