តើសកម្មភាពបែបណា ដែលត្រូវបានចាត់ទុកថាជាការស្ដាប់ ឬថតពាក្យសម្ដីឯកជន? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា?
ដូច្នេះដើម្បីងាយស្រួលយល់ ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE) សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី (DBT NEWS) សូមលើកយកប្រធានបទស្ដីពី (បទស្ដាប់ ឬថតពាក្យសំដីឯកជន) មកបកស្រាយ និងចែករំលែកជូនបងប្អូនសាធារណៈជន និងសិស្ស និស្សិត ទាំងអស់ដូចតទៅ៖
ដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិ ក្នុងការសន្ទនារបស់បុគ្គលឯកជន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិត្រង់មាត្រា៣០១ថា៖ (អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ទៅ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថតហើយ បុគ្គលនោះមិនបានជំទាស់ទេនោះ)។
យោងតាមបទបញ្ញត្តិខាងលើ បើគ្មានការអនុញ្ញាតពីបុគ្គលពាក់ព័ន្ធ ឬច្បាប់ទេនោះ គ្មានជនណាម្នាក់អាចស្តាប់ ឬថតពាក្យសម្ដីឯកជន ឬការសម្ងាត់ទាំងនោះបានឡើយ។ ការលួចថតនេះទៀតសោត អាចធ្វើឡើងតាមរយៈការលួចបង្កប់ម៉ាស៊ីនថតសម្លេងនៅពេលសន្ទនាដោយផ្ទាល់ឬលួចថតសម្លេងនៅពេលសន្ទនាតាមរយៈទូរស័ព្ទជាដើម។
យ៉ាងណាមិញ មាត្រាខាងលើក៏បានបញ្ជាក់ផងដែរថា ទោះបីជាភាគីដែលពាក់ព័ន្ធមិនបាន បញ្ជាក់អំពីការអនុញ្ញាតឱ្យ ស្តាប់ ឬថតសម្ដីឯកជនក៏ដោយ ក៏ប៉ុន្ដែបើភាគីបានដឹងថា មានជនទីបីកំពុងស្ដាប់ ឬថតសម្លេង ដោយមិនបានជំទាស់ ឬហាមឃាត់ណាមួយនោះទេ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការព្រមព្រៀងឱ្យស្ដាប់ ឬថតសម្លេងនូវការសន្ទនានោះ។ ឧទាហរណ៍៖ បុគ្គលម្នាក់ត្រូវបានជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ហើយគាត់បានឃើញម៉ាស៊ីនថតសម្លេងនៅលើតុសម្ភាសន៍រួចហើយ ហេតុដូចនេះ ប្រសិនបើបុគ្គលនោះមិនបាន ធ្វើការជំទាស់ទេ សកម្មភាពថតសម្លេងរបស់អ្នកសារព័ត៌មានមិនត្រូវបានចាត់ទុកថាជាបទលើ្មសនោះទេ។
សរុបរួមមក ជនទាំងឡាយណាដែលបាន ស្ដាប់ និងថតពាក្យសម្ដីឯកជន ឬការសម្ងាត់ដោយគ្មានការអនុញ្ញាត ត្រូវទទួលការផ្តន្ទាទោសតាមច្បាប់កំណត់ ដូចបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ ដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិឯកជនរបស់ខ្លូន ប្រជាពលរដ្ឋគ្រប់រូបគួរតែមានការប្រុងប្រយ័ត្ន មុនពេលជជែកពិភាក្សាអំពីការសម្ងាត់ផ្សេងៗ និងត្រូវបង្ហាញការជំទាស់ភ្លាមៗ ប្រសិនបើខ្លួនមិនចង់ឱ្យមានការលួចស្តាប់ ឬថតពាក្យសម្ដីឯកជនណាមួយនោះទេ ។
រៀបរៀងដោយ ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888 ហ្វេសបុកផេក៖ BT Law Office