តើអ្វីទៅជាកិច្ចសន្យាក្រុមហ៊ុន ហើយកិច្ចសន្យាក្រុមហ៊ុនត្រូវបានបង្កើតឡើង និងរំលាយទៅវិញក្នុងរូបភាពបែបណា?
ដូចនេះយើងខ្ញុំសូមលើកយកប្រធានបទស្ដីពី «កិច្ចសន្យាក្រុមហ៊ុន» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖
សូមបញ្ជាក់ថា ប្រធានបទខាងលើយើងខ្ញុំសូមលើកបកស្រាយផ្ដោតសំខាន់ទៅលើកិច្ចសន្យាក្រុមហ៊ុនដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ តែប៉ុណ្ណោះ។
យោងតាមមាត្រា៦៩៩ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានឲ្យនិយមន័យនៃកិច្ចសន្យាក្រុមហ៊ុនថា៖ «កិច្ចសន្យាក្រុមហ៊ុន សំដៅទៅលើកិច្ចសន្យាដែលបង្កើតឡើងជាក្រុម ដែលគ្មានការរៀបចំលក្ខណៈជានីតិបុគ្គល ដើម្បីប្រកបកិច្ចការ ដោយសហការគ្នា ដោយភាគីនីមួយៗធ្វើការវិនិយោគទ្រព្យធនរៀងៗខ្លួន»។
កិច្ចសន្យាក្រុមហ៊ុនអាចបង្កើតឡើងបានដោយផ្អែកតាមស្មារតីនៃមាត្រា៧០០ នៃក្រមរដ្ឋប្បវេណីបានបង្ហាញពីការបង្កើតកិច្ចសន្យាក្រុមហ៊ុនមានដូចខាងក្រោម៖
១៖ ក្រុមហ៊ុន គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយការសន្យា ដែលភាគីនីមួយៗវិនិយោគទ្រព្យធនរៀងៗខ្លួន ហើយប្រកបកិច្ចការដោយសហការគ្នា។ ពោលកិច្ចសន្យាក្រុមហ៊ុន អាចបង្កើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីភាគី ទើបអាចបង្កើតជាកិច្ចសន្យាក្រុមហ៊ុនបាន។
២៖ ទ្រព្យធនដែលភាគីនីមួយៗត្រូវវិនិយោគ នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ក្រៅពីទ្រព្យសម្បត្តិ គឺយកពលកម្ម មកធ្វើជាកម្មវត្ថុបាន។ មានន័យថាទ្រព្យធនវិនិយោគនៅក្នុងកិច្ចសន្យាក្រុមហ៊ុនមិនចាំបាច់ទាល់តែទ្រព្យសម្បត្តិរបស់ភាគីនោះទេ គឺកម្លាំងពលកម្មក៏អាចក្លាយជាកម្មវត្ថុនៃការវិនិយោគបានដែរ។
៣៖ ក្នុងករណីដែលភាគីបានយកប្រាក់ធ្វើជាកម្មវត្ថុនៃការវិនិយោគទ្រព្យធន បើមានការយឺតយ៉ាវក្នុងការបង់ប្រាក់នោះ ក្រៅពីត្រូវបង់ការប្រាក់នៃការយឺតយ៉ាវ ក៏ត្រូវបង់ទៅលើការខូចខាតដែលកើតឡើងដោយសារការយឺតយ៉ាវនោះ ចំពោះក្រុមហ៊ុនផងដែរ។ ត្រង់បញ្ញត្តិនេះបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់ភាគី ចំពោះការយឺតយ៉ាវរបស់ខ្លួនក្នុងការបង់ប្រាក់តាមពេលវេលាកំណត់។
៤៖ ក្នុងករណីដែលសកម្មភាពនៃការបង្កើតក្រុមហ៊ុនរបស់ភាគីណាមួយ ក្នុងចំណោមភាគីដែលបានព្រមព្រៀងបង្កើតក្រុមហ៊ុន ក្លាយទៅជាមោឃៈ ឬត្រូវបានលុបចោល ដោយយោងតាម បញ្ញត្តិផ្នែកទី២ (វិការៈក្នុងការបង្ហាញឆន្ទៈ និងសុពលភាពនៃកិច្ចសន្យា៖ ការបង្ហាញឆន្ទៈត្រូវធ្វើឡើងដោយការភាន់ច្រឡំ ការបង្ហាញឆន្ទៈធ្វើឡើងដោយការឆបោក ឬការគម្រាមកំហែង ឬការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ឬការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឱកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ) ដូច្នេះក្នុងជំពូកទី២ នៃគន្ថីទី៤ ត្រូវចាត់ទុកថា ក្រុមហ៊ុននោះត្រូវបានបង្កើតដោយភាគីដទៃទៀត។ ប៉ុន្តែ ក្នុងករណីដែលក្រុមហ៊ុនពុំអាចសម្រេចគោលបំណងបាន
ដោយសារកង្វះភាគីនោះត្រូវចាត់ទុកថាក្រុមហ៊ុននោះ ពុំត្រូវបានបង្កើតឡើយ។
ដោយយោងតាមមាត្រា៧១៣ ការរំលាយក្រុមហ៊ុនអាចប្រព្រឹត្តទៅបានលុះត្រា៖
១/ ក្រុមហ៊ុន ត្រូវរំលាយតាមករណីណាមួយ ដូចកំណត់ខាងក្រោមនេះ៖
ក៖ ការបញ្ចប់កិច្ចការដែលជាកម្មវត្ថុក្រុមហ៊ុន ឬអលទ្ធភាពក្នុងការបំពេញកិច្ចការនោះ។
ខ៖ បើមានការព្រមព្រៀងពីសមាជិកទាំងអស់របស់ក្រុមហ៊ុន។
គ៖ បើនៅសល់សមាជិកក្រុមហ៊ុនតែម្នាក់។
ឃ៖ បើអំឡុងពេលនៃអតិ្ថភាពរបស់ក្រុមហ៊ុន ដែលកំណត់នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ត្រូវបានបញ្ចប់។
២/ ក្នុងករណីដែលមានមូលហេតុមិនអាចជៀសវាងបាន សមាជិកនីមួយៗរបស់ក្រុមហ៊ុនអាចទាមទារឱ្យរំលាយក្រុមហ៊ុនបាន។
៣/ ការទាមទារនៃកថាខណ្ឌទី២ ខាងលើនេះត្រូវធ្វើដោយការបង្ហាញឆន្ទៈចំពោះសមាជិកផ្សេងទៀតទាំងអស់ របស់ក្រុមហ៊ុន។
សរុបមកកិច្ចសន្យាក្រុមហ៊ុន គឺជាកិច្ចសន្យាមួយប្រភេទដែលមានលក្ខណៈសេដ្ឋកិច្ចខ្ពស់ និងជះផលវិជ្ជមានដល់សង្កមហើយដើម្បីឲ្យកិច្ចសន្យានេះ រឹងមាំគូភាគីគួរធ្វើកិច្ចសន្យាដែលមាន ទម្រង់លាយលក្ខណ៍អក្សរ ជាពិសេសដើម្បីឲ្យកិច្ចសន្យានេះ មានសុពលភាពលុះត្រាតែកិច្ចសន្យានេះ បង្កើតឡើងដោយមានការព្រមព្រៀងគ្នា សមត្ថភាពក្នុងការបង្ហាញឆន្ទៈ ដោយត្រូវអនុវត្តតាមបញ្ញត្តិដែល បានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។
ស្រាវជ្រាវដោយ ៖ កញ្ញា កែវ គីមស្រៀ ជាបុគ្គលិកស្រាវជ្រាវផ្នែកច្បាប់នៃការិយាល័យ ប៊ីធី(BT LAW OFFICE)មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី 8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, ទូរសព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888 ហ្វេសបុកផេក៖ BT Law Offcie។