តើអ្វីទៅជាការលក់បែបពីរ៉ាមីដ?ហើយអ្វីជាការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត?
តើបុគ្គលដែលប្រព្រឹត្តអំពើលក់បែបពីរ៉ាមីដ ឬ ការលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិតមានទោសឬទេ?
យោងតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩
មាត្រា២០ គម្រោងលក់បែបពីរ៉ាមីដ
បុគ្គលណាមួយមិនត្រូវជំរុញឬប្រតិបត្តិគម្រោងលក់បែបពីរ៉ាមីដឡើយ។
គម្រោងលក់បែបពីរ៉ាមីដ គឺជាគម្រោងដែល៖
១- ផ្តល់ការផ្គត់ផ្គង់ទំនិញនិង/ឬសេវាដើម្បីទទួលបានប្រាក់រង្វាន់ឬតម្លៃតបស្នងមកវិញ និង
២- បង្កើតឱកាសលក់ទិញ ឱកាសវិនិយោគមួយដល់អ្នកចូលរួមជាច្រើនជាលក្ខណៈបុគ្គល ឬតាមរយៈភ្នាក់ងារដែលមិនមែនជាការបង្កើតឱកាសលក់ទិញទំនិញឬសេវាពិតប្រាកដ និង
៣- គម្រោងនេះមានលក្ខណៈមិនសុចរិតចំពោះអ្នកចូលរួមជាច្រើន ពីព្រោះ៖
- ប្រាក់រង្វាន់ឬតម្លៃតបស្នងរបស់អ្នកចូលរួមទាំងនោះគឺពឹងផ្អែកលើការជ្រើសរើសអ្នក ចូលរួមបន្ថែម
- អ្នកចូលរួមថ្មីមិនអាចរកអ្នកចូលរួមបន្ថែមទៀតបាន។
មាត្រា២១. ការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត
បុគ្គលណាមួយមិនត្រូវលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិតឡើយ។
សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត គឺជាសេចក្តីបរិយាយដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទំនិញ ឬការជំរុញការផ្គត់ផ្គង់ទំនិញតាមគ្រប់មធ្យោបាយឬការប្រើប្រាស់ទំនិញដែលត្រូវបានចាត់ទុកថាមិនពិត។
មាត្រានេះអនុវត្តលើទំនិញទាំងឡាយដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិតដោយ៖
- ដេរ សង្កត់ពុម្ពពីលើ បញ្ចូល ភ្ជាប់ ឬបិទពីលើទំនិញ ឬ
- បង្ហាញលើគម្រប លើស្លាក លើបំពង់ លើស្រោមសំបកវេចខ្ចប់ឬលើទំនិញ។
ការលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិតត្រូវផ្តន្ទាទោសដូចដែលច្បាប់បានចែងដូចខាងក្រោម៖
មាត្រា៤៥. អំពើលក់បែបពីរ៉ាមីដឬការលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត
ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៨០ ០០០ ០០០ (ប៉ែតសិបលាន) រៀល ចំពោះអំពើ លក់បែបពីរ៉ាមីដឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត។
មាត្រា៤៦ ស្ថានទម្ងន់ទោសនៃការលក់បែបពីរ៉ាមីដឬលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្ម មិនពិត ដោយសារប៉ះពាល់ដល់សុខភាពនិងសុវត្ថិភាព
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែទៅ២ (ពីរ)ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១ ០០០ ០០០ (មួយលាន) រៀលទៅ៤ ០០០ ០០០ (បួនលាន) រៀល ចំពោះអំពើលក់បែបពីរ៉ាមីដឬការលក់ទំនិញដែល មានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ហើយដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាព អ្នកប្រើប្រាស់។
មាត្រា៤៧ .. ស្ថានទម្ងន់ទោសនៃការលក់បែបពីរ៉ាមីដឬការលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយ ពាណិជ្ជកម្មមិនពិត ដោយសារពិការភាពឬមរណភាព
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំទៅ៥ (ប្រាំ)ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀលទៅ១០ ០០០ ០០០ (ដប់លាន) រៀល ចំពោះអំពើលក់បែបពីរ៉ាមីដឬការលក់ទំនិញដែល មានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដែលបណ្តាលឱ្យមានពិការភាពអចិន្ត្រៃយ៍ឬបណ្តាលឱ្យ បាត់បង់អាយុជីវិត។
សរុបមកអាជីវកម្មពីរ៉ាមីដ គឺគ្រោះថ្នាក់ណាស់ប្រសិនបើលោកអ្នកមិនបានស្វែងយល់លម្អិតអំពីវា ដូច្នេះអ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក៏ដូចជាចែករំលែកចំណេះដឹងទាំងនេះដល់មិត្តភក្តិរបស់អ្នកឱ្យបានដឹងឮទាំងអស់គ្នា ជៀសវាងការខាតបង់ពេលវេលា និងលុយកាក់ ។ សូមផ្តាំថា មុននឹងដាក់ចិត្តរកស៊ីអ្វីមួយត្រូវធ្វើការសិក្សា ស្វែងយល់ និងសម្រេចចិត្តឪ្យបានត្រឹមត្រូវ។
ចែករំលែកដោយ៖ លោក ប៉ិច ដេវីត ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ពាណិជ្ជកម្ម នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888