តើទង្វើបែបនេះត្រូវបានចាត់ទុកជាបទល្មើសដែរឬទេ ? និងត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច ?
ដើម្បីងាយស្រួលយល់និងឱ្យបានស៊ីជម្រៅដូច្នេះ ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE) សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី (DBT NEWS) សូមលើកយកប្រធានបទស្តីពី (បទល្មើសជេរប្រមាថជាសាធារណៈ) មកធ្វើការចែករំលែកជូនបងប្អូនសាធារណៈជន និងសិស្ស និស្សិត ដូចតទៅ៖
យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ (គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ)។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។
បទជេរប្រមាថត្រូវពិន័យជាប្រាក់ពី ១០០,០០០ (មួយសែនរៀល) ទៅ ១០,០០០,០០០ (ដប់លានរៀល) ប្រសិនបើការជេរប្រមាថ បានប្រព្រឹត្តឡើងតាមមធ្យោបាយ ណាមួយដូចខាងក្រោម៖
១- តាមពាក្យសំ ដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ។ ឧទាហរណ៍ លោក ក នៅក្នុងអង្គប្រជុំមួយ គាត់បានប្រើពាក្យពេចន៍មិនសមរម្យ (ពាក្យអាតិរច្ឆាន) ចំពោះលោក ខ និងបានប្រៀបធៀបលោក ខ ទៅនឹងសត្វឆ្កែ ឆ្មា ជាដើម ។
២- តាមលិខិត ឬគំនូរ ទោះបីជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយក្នុងចំណោមសាធារណៈជន ឬដាក់តាំងឱ្យសាធារណៈជនមើល ។ ឧទាហរណ៍ លោក (ក) នៅលើគេហទំព័រហេ្វសប៊ុករបស់ខ្លួន បានសរសេរនូវពាក្យប្រមាថមើលងាយចំពោះ លោក (ខ) និងបានប្រើប្រាស់នូវរូបភាពកាត់តរូបលោក (ខ) ដោយដាក់ក្បាលជាសត្វឆ្កែ ហើយផុសផ្សាយជាសាធារណៈ ។
៣- តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណៈជន ។ មធ្យោបាយទូរគមនាគន៍សោតទស្សន៍ អាចដូចជា តាមកញ្ចក់ទូរទស្សន៍ វិទ្យុ ជាដើម ។ ឧទាហរណ៍ អ្នកស្រី សុខ បានថតសម្លេងជេរប្រមាថរបស់ខ្លួនចំពោះ លោក សង្ឃឹម ហើយបានយកខ្សែអាត់សម្លេងនោះទៅចាក់ផ្សាយនៅក្នុងស្ថានីយ៍វិទ្យុមួយ ។ ចំពោះអំពើនៃការជេរប្រមាថតាមសារព័ត៌មានត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីរបបសារព័ត៌មាន ។
ចំពោះនីតិវិធីបណ្ដឹង បទជេរប្រមាថមានលក្ខណៈពិសេសខុសពីបទល្មើសផ្សេងៗទៀត បើយោងមាត្រា ៣០៩ (ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បណ្ដឹងចំពោះបទល្មើសជេរប្រមាថជាសាធារណៈ អាចធ្វើឡើងក្រោមរូបភាព
៣ យ៉ាងគឺ ៖
១-ក្នុងករណីដែលការជេរប្រមាថ ចំពោះសមាជិករដ្ឋាភិបាល ឬមន្រ្ដីរាជការសាធារណៈ ឬពលរដ្ឋទទួល អាណត្ដិសាធារណៈ ការចោទប្រកាន់ត្រូវធ្វើឡើងដោយសាមីខ្លួន ឬរបស់ប្រធានស្ថាប័នសាមី ។
២-ក្នុងករណីដែលមាន ការជេរប្រមាថចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងដោយសាមីខ្លួនដែលទទួលរងនូវការជេរប្រមាថនោះ។
៣-ការចោទប្រកាន់ធ្វើឡើងដោយស្វ័យប្រវត្ដដោយព្រះរាជអាជ្ញា កាលបើការជេរប្រមាថ ត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬមួយក្រុមដោយមូលហេតុដើមកំណើត ជាតិពន្ធុ ពូជសាសន៍ សញ្ជាតិ ឬសាសនារបស់បុគ្គលនោះ ។ ក្នុងករណីនេះ នីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះ ត្រូវអនុលោមតាមបញ្ញត្ដិនៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
នៅក្នុងករណីពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី ដែលកំណត់ក្នុងចំណុច ១ និង២ ខាងលើនេះ គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយអយ្យការ ហើយការដកបណ្ដឹងរបស់អ្នកប្ដឹង នាំឱ្យបណ្ដឹងអាជ្ញានោះរលត់ ។
សរុបមកបទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើបណ្ដឹងចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ដោយការដកបណ្ដឹងរបស់សាមីខ្លួន ឬស្ថាប័នសាមី ផងដែរ។
រៀបរៀងដោយ ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office