ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្ដែង ដោយសារអ្នកសារព័ត៌មានភាគច្រើនខិតខំក្នុងការរៀបចំ និងចុះផ្សាយព័ត៌មាន ឬហេតុការណ៍ណាមួយឱ្យបានឆាប់រហ័ស និងទាន់សភាពការណ៍ ជាហេតុធ្វើឱ្យការចេញផ្សាយនូវព័ត៌មានមួយចំនួន ធ្វើឡើងមិនបានគ្រប់ជ្រុងជ្រោយ និងអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ដែលបញ្ហានេះគឺជាការទទួលខុសត្រូវចំពោះជនរងគ្រោះ និងអាចឈានដល់ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ នៅក្នុងសញ្ញាណជាបទបរិហារកេរ្តិ៍តាមសារព័ត៌មាន ។
ដើម្បីយល់ឱ្យកាន់តែច្បាស់ ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE) សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី (DBT NEWS) សូមលើកយកប្រធានបទស្ដីពី (បទបរិហារកេរ្តិ៍តាមសារព័ត៌មាន) មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនសាធារណជនដូចខាងក្រោម។
ការបរិហាកេរ្តិ៍ គឺជាសកម្មភាពដែលអះអាងមិនពិត បំផ្លើស ឬការទម្លាក់កំហុសនាំឱ្យខូចកិត្តិយសបុគ្គលឯកជន ឬស្ថាប័នណាមួយ ដែលអាចកើតមានគ្រប់រូបភាពទាំងការប្រើប្រាស់ពាក្យសំដី ផ្សព្វផ្សាយជាសាធារណៈ ឬតាមរយៈសារព័ត៌មាន ជាអាទិ៍ ។ នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣០៦ ក៏បានចែងអំពីបទល្មើសបរិហារកេរ្តិ៍តាមសារព័ត៌មាន ប៉ុន្តែមិនបានកំណត់សញ្ញាណជាក់លាក់ឡើយ ពោលសញ្ញាណនៃបទល្មើសប្រភេទនេះ គឺមានកំណត់នៅក្នុងច្បាប់ពិសេស គឺច្បាប់ស្តីពីរបបសារព័ត៌មាន។ ជាក់ស្ដែង ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលប្រកាសឱ្យប្រើ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ បានធានានូវការបើកចំហសេរីភាពបញ្ចេញមតិសម្រាប់សារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ ដើម្បីឱ្យស្របតាម មាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលកំណត់អំពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ។ ច្បាប់ស្ដីពីរបបសារព័ត៌មានក៏បានចែងអំពីក្រមសីលធម៌ និងបានកម្រិតសិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការបោះពុម្ពផ្សាយ ជាផ្លូវការ មិនអាចត្រូវផ្តន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពេញលេញ ឬសេចក្តីសង្ខេបត្រឹមត្រូវតាមរឿងពិតអង្គហេតុជាក់ស្តែង ។
ប៉ុន្តែប្រសិនបើការផ្សព្វផ្សាយនោះមិនពិត អង្គហេតុមិនច្បាស់លាស់ បំផ្លើស ឬក្នុងន័យមួលបង្កាច់ដល់នរណាម្នាក់ នោះអ្នកសារព័ត៌មានត្រូវទទួលខុសត្រូវរាល់សំណងផ្សេងៗជាប្រាក់ ឬធ្វើការកែតម្រូវអត្ថបទព័ត៌មាននោះ តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដូចដែលមាត្រា ១០ នៃច្បាប់នេះបានបញ្ញត្តិថា (ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មានណាមួយដែលមានលក្ខណៈខុសពីការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប និងធ្វើបណ្តឹងពីបទបរិហាកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ (៧ថ្ងៃ) យ៉ាងយូរ ឬនៅលេខបន្ទាប់ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬ ឆ្លើយតប)។មួយវិញទៀត ប្រសិនបើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះ៖
-
ចុះផ្សាយនូវការកែតម្រូវ ឬ
-
សងជំងឺចិត្ត ឬ
-
ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង ។
អត្ថបទកែតម្រូវដែលអ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សាយនៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នានិងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទធ្វើឱ្យខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គេ ។ លើសពីនេះទៅទៀត តុលាការរអាចផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១.០០០.០០០ រៀល)ទៅ ប្រាំលានរៀល (៥.០០០.០០០ រៀល) ទៀតក៏បាន ។ ម្យ៉ាងទៀត ក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខណ្ឌខាងលើ តុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកន្លែងទាំងឡាយ ដែលតុលាការនឹងបញ្ជាក់ ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌មានមួយឬច្រើន និងឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយទាំងអស់ដោយកម្រិតត្រឹម មួយលានរៀល (១.០០០.០០០ រៀល) យ៉ាងច្រើនបំផុត ។
សរុបសេចក្តីមក សេរីភាពសារព័ត៌មានត្រូវបានផ្ដល់ឱ្យយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយ ក្នុងរូបភាពជាច្រើនបែបច្រើនយ៉ាង ប៉ុន្តែទោះបីជាការផ្សព្វផ្សាយសារព័ត៌មាននោះក្នុងរូបភាពណាក៏ដោយ អ្នកសារព័ត៌មានគួរតែប្រុងប្រយ័ត្ន ជៀសវាងការផ្សព្វផ្សាយ រាយការណ៍ ឬធ្វើសេចក្តីថ្លែងការណ៍ព័ត៌មានណាមួយ ដែលមានលក្ខណៈបំផ្លើស បាត់ព័ត៌មានពីប្រភពដើម ឬដែលអាចនឹង ឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
ផ្ទុយទៅវិញ ប្រសិនបើមានការបំពាន បុគ្គលរងគ្រោះ ឬបាត់បង់ផលប្រយោជន៍ អាចអនុវត្តសិទ្ធិក្នុងការការពារផលប្រយោជន៍របស់ខ្លួន ស្របតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ យ៉ាងណាក៏ដោយ យើងមើលឃើញថា ការបរិហារកេរ្តិ៍តាមសារព័ត៌មាន នេះពុំមានការផ្តនា្ទទោសដាក់ពន្ធនាគារទេ គឺត្រឹមតែពិន័យជាសំណងជម្ងឺចិត្ត និងការចុះផ្សាយឡើងវិញ ជាលក្ខណៈកែតម្រូវជាសាធារណៈតែប៉ុណ្ណោះ។
រៀបរៀងដោយ ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office