តើការអនុវត្តមិនសុចរិតដែលច្បាប់ហាមឃាត់មានលក្ខណៈបែបណាខ្លះ? តើការអនុវត្តមិនសុចរិតអាចប្រឈមមុខទៅនឹងការទទួលទោសឬទេ?
កម្មវិធីស្វែងយល់អំពីច្បាប់របស់ការិយាល័យមេធាវី ប៊ីធី (BT Law Office) សហការជាមួយ អង្គភាពសារព័ត៌មាន DBT News សូមលើកយកប្រធានបទស្តីពី «ការអនុវត្តមិនសុចរិត» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត អ្នកស្រាវជ្រាវ ឱ្យបានជ្រាបកាន់តែច្បាស់។
យោងតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
មាត្រា១៥ ការផ្សាយពាណិជ្ជកម្មជានុយ
១- រាល់បុគ្គលមិនត្រូវផ្សាយពាណិជ្ជកម្មដើម្បីផ្គត់ផ្គង់ទំនិញឬសេវាក្នុងថ្លៃជាក់លាក់ណាមួយ ដែលបុគ្គលនោះគ្មានបំណងផ្គត់ផ្គង់ឬគ្មានមូលដ្ឋានសមស្របដែលអាចជឿជាក់បានថាបុគ្គលនោះអាច ផ្គត់ផ្គង់បានតាមថ្លៃដែលបានផ្សាយ។
២- រាល់បុគ្គលដែលបានផ្សាយពាណិជ្ជកម្មទំនិញឬសេវាដើម្បីផ្គត់ផ្គង់ក្នុងថ្លៃជាក់លាក់ណា មួយត្រូវតែផ្គត់ផ្គង់ទំនិញឬសេវានោះតាមថ្លៃដែលបានផ្សាយនោះក្នុងរយៈពេលកំណត់ណាមួយនិង បរិមាណសមរម្យ។
៣- ក្នុងករណីមានបណ្ដឹងឬការតវ៉ាចំពោះបុគ្គលណាមួយ ពាក់ព័ន្ធនឹងការមិនបានផ្តល់ទំនិញ ឬសេវាទៅឱ្យអ្នកប្រើប្រាស់ តាមបញ្ញត្តិដែលមានចែងក្នុងមាត្រានេះ បុគ្គលនោះអាចការពារខ្លួនបាន ប្រសិនបើបុគ្គលនោះបង្ហាញថា៖
ក- បានផ្តល់ការផ្គត់ផ្គង់ឬឱ្យបុគ្គលផ្សេងទៀតដែលទទួលសិទ្ធិផ្គត់ផ្គង់ទំនិញឬសេវាដែល បានផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ជំនួសគាត់ ក្នុងរយៈពេលកំណត់ណាមួយ ក្នុងបរិមាណ កំណត់ណាមួយ និងក្នុងថ្លៃ ដូចដែលបានផ្សាយពាណិជ្ជកម្ម ហើយដែលការផ្គត់ផ្គង់នោះត្រូវបាន យល់ព្រមពីអ្នកប្រើប្រាស់ផងដែរ។
ខ- បានផ្តល់ការផ្គត់ផ្គង់ភ្លាមៗឬឱ្យបុគ្គលផ្សេងទៀតដែលទទួលសិទ្ធិផ្គត់ផ្គង់ជំនួសគាត់ ក្នុងអំឡុងពេលកំណត់មួយជូនដល់អ្នកប្រើប្រាស់នូវទំនិញឬសេវាដែលសមមូលទាំងបរិមាណ ទាំងថ្លៃ ដូចដែលបានផ្សាយពាណិជ្ជកម្ម ហើយដែលការផ្គត់ផ្គង់នោះត្រូវបានយល់ព្រមពីអ្នកប្រើប្រាស់ផងដែរ។
មាត្រា១៧ ការទាមទារឬការទទួលយកការទូទាត់ដោយគ្មានចេតនាផ្គត់ផ្គង់ទំនិញឬសេវាតាមការបញ្ជាទិញ
មុនពេលផ្គត់ផ្គង់ទំនិញ ឬសេវា អ្នកផ្គត់ផ្គង់មិនត្រូវទាមទារឬទទួលយកនូវការទូទាត់ឬតម្លៃតបស្នងដទៃទៀត ក្នុងករណីដែលអ្នកផ្គត់ផ្គង់នោះ៖
-
មិនមានបំណងផ្គត់ផ្គង់ទំនិញឬសេវាតាមការបញ្ជាទិញ
-
មានបំណងផ្គត់ផ្គង់ទំនិញឬសេវាដែលខុសពីទំនិញឬសេវាតាមការបញ្ជាទិញ
-
មិនមានមូលហេតុសមហេតុផលដើម្បីបញ្ជាក់ថាអ្នកផ្គត់ផ្គង់នោះអាចនឹងផ្គត់ផ្គង់ទំនិញឬសេវាបានក្នុងរយៈពេលកំណត់ឬក្នុងរយៈពេលសមស្របតាមការបញ្ជទិញ។
មាត្រា១៨ ការអះអាងដែលមិនពិត ឬដែលបំភាន់អំពីសកម្មភាពធុរកិច្ចមួយចំនួន
១- បុគ្គលណាមួយមិនត្រូវធ្វើការអះអាងដែលមិនពិតឬដែលបំភាន់ ទាក់ទងទៅនឹងការទទួលបានចំណេញ ហានិភ័យ ឬសារៈសំខាន់ផ្សេងៗទៀតក្នុងសកម្មភាពធុរកិច្ចណាមួយដែលបុគ្គលនោះបានអះអាងថាបុគ្គលផ្សេងទៀតអាចធ្វើសកម្មភាពធុរកិច្ចនោះបានពីទីលំនៅរបស់ខ្លួន។
២- បុគ្គលណាមួយមិនត្រូវធ្វើការអះអាងដែលមិនពិតឬដែលបំភាន់លើចំណុចសំខាន់ៗទាក់ទងនឹងការទទួលបានចំណេញ ហានិភ័យ ឬសារៈសំខាន់ដទៃទៀតនៃសកម្មភាពធុរកិច្ចណាមួយដែលបុគ្គលនោះអញ្ជើញបុគ្គលដទៃទៀតតាមរយៈការផ្សាយពាណិជ្ជកម្មឬតាមមធ្យោបាយផ្សេងទៀតឱ្យចូលរួម ហើយដែលសកម្មភាពធុរកិច្ចនោះតម្រូវឱ្យមាន៖
ក- ការចូលរួមបំពេញការងារដោយបុគ្គលដទៃទៀត ឬ
ខ- ការវិនិយោគប្រាក់ និងការចូលរួមបំពេញការងារដោយបុគ្គលដែលទាក់ទងនឹងការវិនិយោគនោះ។
មាត្រា១៩ ការបង្ខិតបង្ខំដោយកម្លាំង និងការគំរាមតាមផ្លូវចិត្ត
បុគ្គលណាមួយមិនត្រូវបង្ខិតបង្ខំដោយកម្លាំងដោយការរំខានឬដោយការគំរាមតាមផ្លូវចិត្តទាក់ទងនឹងការផ្គត់ផ្គង់ទំនិញ ឬសេវា ឬការទូទាត់ប្រាក់មសម្រាប់ទំនិញ ឬសេវាឡើង។
រាល់បុគ្គលណាដែលអនុវត្តមិនសុចរិតដូចបញ្ញត្តិក្នុងមាត្រាខាងលើនេះ ត្រូវទទួលខុសត្រូវ និងផ្តន្ទាទោសតាមមាត្រា៤៤ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
មាត្រា៤៤ អំពើទាក់ទងនឹងការអនុវត្តមិនសុចរិត
ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ៥០ ០០០ ០០០(ហាសិបលាន)រៀល ចំពោះបុគ្គលណាដែលប្រព្រឹត្តការផ្សាយពានិជ្ជកម្មជានុយ ការទាមទារឬការទទួលយកការទូទាត់ដោយគ្មានចេតនាផ្គត់ផ្គង់ទំនិញ ឬសេវាតាមការបញ្ជាទិញ ការអះអាងដែលមិនពិតឬដែលបំភាន់អំពីសកម្មភាពធុរកិច្ចមួយចំនួន ការបង្ខិតបង្ខំដោយកម្លាំង និងការគំរាមតាមផ្លូវចិត្ត។
សរុបមករាល់ដើម្បីឱ្យការធ្វើពាណិជ្ជកម្មតែងតែងផ្តល់នូវផលអវិជ្ជមាន ការខាតបង់ដល់អ្នកប្រើប្រាស់ ក៏ដូចជាពាណិជ្ជករផ្ទាល់គឺអាចប្រឈមមុខនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់។ ដូចនេះពាណិជ្ជករត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ដែលមានអនុភាពគ្រប់គ្រងទៅលើដំណើរការនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន និងជាពិសេសគឺច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីឱ្យការធ្វើពាណិជ្ជកម្មរបស់ខ្លួនអាចប្រព្រឹត្តទៅបានស្របទៅតាមច្បាប់ និងមិនបង្កនូវផលប៉ះពាល់ផ្សេងៗដល់អ្នកដែលទទួលយកទំនិញ ឬសេវារបស់ខ្លួន។
ចែករំលែកដោយ៖ លោក ប៉ិច ដេវីត ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ពាណិជ្ជកម្ម នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888