ដើម្បីយល់កាន់តែច្បាស់ ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE) សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី (DBT NEWS) សូមលើកយកប្រធានបទស្ដីពី (ការបោះបង់គ្រួសារ) មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្ស និស្សិត ដូចខាងក្រោម។
ការបោះបង់គ្រួសារ ក្នុងន័យនេះ គឺសំដៅលើបុគ្គលទាំងឡាយណាមិនគោរពតាមសេចក្ដីសម្រេច (សាលក្រម ឬសាលដីកា) ស្ថាពររបស់តុលាការ ដែលបង្គាប់ឱ្យបុគ្គលនោះបង់អាហារកាតព្វកិច្ចដល់៖ ១.សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន, ២.កូនជាអនីតិជន, ៣.បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀត ។ ជាក់ស្ដែង យើងអាចជួបករណីបែបនេះដូចជា៖
១៖ ក្នុងករណីប្តីប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ (ចុះសំបុត្រអាពាហ៍ពិពាហ៍) ស្របតាមច្បាប់ ប៉ុន្តែក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬក្រោយពេលលែងលះ បែរជាសហព័ទ្ធម្ខាង (ប្តី ឬប្រពន្ធ) មិនបានទំនុកបម្រុង និងចិញ្ចឹមបីបាច់ថែរក្សាដល់សហព័ទ្ធម្ខាងទៀត (ប្តី ឬប្រពន្ធ) ឬមិនបានផ្តល់អាហារកាតព្វកិច្ចដល់អតីតសហព័ទ្ធម្ខាងទៀត (អតីតប្តី ឬប្រពន្ធ) ទេ ។ ឬ
២៖ ក្នុងករណីឪពុកម្តាយមិនជួយទំនុកបម្រុង និងចិញ្ចឹមបីបាច់ថែរក្សាដល់កូនៗដែលជាអនីតិជន ។ ឬ
៣៖ ក្នុងករណីកូនចៅមិនជួយទំនុកបម្រុងដល់ឪពុកម្ដាយ ឬជីដូនជីតាចាស់ជរា ឬសាច់ញាតិណាមួយ ដែលអសមត្ថភាពក្នុងការទ្រទ្រង់ជីវភាព ហើយចាំបាច់ត្រូវការមើលថែ និងការផ្គត់ផ្គង់ពីកូនចៅ ។
ចំពោះករណីខាងលើ ភាគីដែលមានប្រយោជន៍អាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីស្នើសុំឱ្យតុលាការបង្គាប់ឱ្យភាគីម្ខាងទៀតបង់អាហារកាតព្វកិច្ចដល់ខ្លួន។ ក្រោយពីបានទទួលពាក្យបណ្ដឹងរួចរាល់ តុលាការបានចេញសេចក្តីសម្រេចបង្គាប់ឱ្យភាគីម្ខាងទៀតនោះ បង់អាហារកាតព្វកិច្ចដល់ភាគីដែលមានប្រយោជន៍ បន្ទាប់មកសេចក្តីសម្រេចរបស់តុលាការក៏បានចូលជាស្ថាពរ ។ ប៉ុន្តែទោះបីជាមានសេចក្តីសម្រេចសា្ថពររបស់តុលាការយ៉ាងនេះក្តី ក៏ភាគីម្ខាងទៀតមិនព្រមបង់អាហារកាតព្វកិច្ចដែរ ។
ដូចនេះប្រសិនបើភាគីម្ខាងទៀត ដែលមិនគោរពតាមសេចក្តីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ក្នុងរយៈពេល ២ (ពីរ) ខែ យ៉ាងតិច នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់
បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ នឹងត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣២៤ (បទបោះបង់គ្រួសារ) នៃក្រមព្រហ្មទណ្ឌ ដែលបានចែងថា (ការមិនគោរពតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ក្នុងរយៈពេល ២ (ពីរ) ខែ យ៉ាងតិច នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ (មួយ) ខែ ទៅ ០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល) ។
ក្រៅពីទោសទណ្ឌខាងលើ ចំពោះបទល្មើសនេះក៏មានទោសបន្ថែម (មាត្រា៣២៥ នៃក្រមព្រហ្មទណ្ឌ) ដូចជា៖
១៖ ការដកសិទ្ធិខ្លះជាពលរដ្ឋ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។
២៖ ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន ។
៣៖ ការផ្សាយសេចក្ដីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ។
៤៖ ការផ្សាយសេចក្ដីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃ យ៉ាងច្រើន ។
សរុបមក ការមិនគោរពតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដោយមិនព្រមបង់ក្នុងរយៈពេល ២ (ពីរ) ខែ យ៉ាងតិច នូវអាហារកាតព្វកិច្ចដល់សហព័ទ្ធ ឬអតីតសហព័ទ្ធរបស់ខ្លួន ដល់កូនជាអនីតិជន ដល់បច្ឆាញាតិ ឬបុព្វញាតិ ឬដល់ញាតិផ្សេងទៀតរបស់ខ្លួននោះ គឺជាបទល្មើស (បទបោះបង់គ្រួសារ) និងទទួលរងការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
រៀបរៀងដោយ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office