តើការប្រើប្រាស់ឡេលាយធ្វើឱ្យស្បែកស អាចបង្កនូវផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងណាខ្លះ?
កម្មវិធីស្វែងយល់អំពីច្បាប់របស់ការិយាល័យមេធាវី ប៊ីធី (BT Law Office) សហការជាមួយ អង្គភាពសារព័ត៌មាន DBT News និងសមាគមអ្នកប្រឹក្សាយោល់គ្រឿងសម្អាង(CCA)សូមលើកយកប្រធានបទស្តីពី «គ្រោះថ្នាក់
បណ្តាលមកពីការប្រើប្រាស់លឡេលាយធ្វើឱ្យស្បែកស» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត អ្នកស្រាវជ្រាវ ឱ្យបានជ្រាបកាន់តែច្បាស់ និងស៊ីជម្រៅ។
តាមគ្រូពេទ្យឯកទេសជំនាញរោគសើស្បែកបានបញ្ជាក់ថា ឡេលាយ ផ្សំឡើងពីសារជាតិអាស៊ីតខ្លាំង និងវត្ថុធាតុគីមីមួយចំនួន ដែលនឹងនាំឲ្យស្បែកឆាប់សតែស្បែកនោះនឹងខូចទៅវិញ ហើយនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ នាពេលខាងមុខ។ ប្រភេទឡេខ្លះផ្ទុកទៅដោយសារជាតិបារ៉ត ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធប្រសាទ ហើយឡេលាយលាបស្បែក ក៏អាចធ្វើឲ្យស្បែករបស់អ្នកឡើងកន្ទួលក្រហម រមាស់ រលាក ហើយប្រសិនបើស្បែករបស់អ្នកឆាប់មានប្រតិកម្ម អ្នកនឹងអាចរងផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះដូចជាជំងឺមហារីកស្បែកជាដើម។ អ្នកខ្លះមានបញ្ហារមាស់ដល់ថ្នាក់អេះចេញឈាម និងឡើងកន្ទួលធំៗ ដែលឡេលាយអាចជ្រាបចូលដល់កោសិកាខាងក្នុង ប៉ះទង្គិចដល់សុខភាពស្បែក និងសុខភាពរាងកាយ។
បើតាមការលើកឡើងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សព្វថ្ងៃនេះពពួកឡេលាយទាំងនោះមិនត្រូវបាន
ផលិតតាមក្បួនខ្នាតត្រឹមត្រូវនោះទេ។ វាគឺជាការច្នៃដោយអ្នកលក់ផ្ទាល់ ច្នៃដោយអ្នកលាយម្សៅ អ្នកលក់គ្រឿងសម្អាង ឬក៏អ្នកដែលផលិតនូវផលិតផលក្លែងក្លាយ ដោយគាត់ធ្វើយ៉ាងណា ឲ្យឃើញលទ្ធផលស្បែកសលឿន ប៉ុន្តែគាត់មិនបានគិតពីផលវិបាកដែលអាចកើតមានទៅលើអ្នកប្រើប្រាស់នោះទេ។ ហើយបច្ចុប្បន្ននេះក្រសួងកំពុងបន្តយុទ្ធនាការបង្ក្រាបជារៀងរាល់ថ្ងៃចំពោះចរាចរណ៍ឡេលាយសម្រាប់លាបស្បែកឲ្យស និងរៀបចំប្រព័ន្ធចុះបញ្ជីការ តាមអនឡាញដើម្បីកំណត់ពីប្រភពនាំចូលឡេលាបស្បែកត្រឹមត្រូវផងដែរ។
សរុបមកមុននឹងអ្នកសម្រេចចិត្តក្នុងការប្រើប្រាស់ឡេដើម្បីជួយដល់សុខភាពស្បែក សូមជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា ឈ្មោះផលិតផល និងប្រភពផលិតច្បាស់លាស់ ព្រមទាំងមានវិញ្ញាបនប័ត្រប្រវេទន៍ផលិតផលគ្រឿងសម្អាង ដែលមានការទទួលពិនិត្យសារធាតុផ្សំត្រឹមត្រូវពីក្រសួងសុខភិបាល ដើម្បីចៀសផុតពីបញ្ហា និងគ្រោះថ្នាក់ទាំងឡាយដែលអាចកើតមានឡើង។
ចែករំលែកដោយ៖ លោក ប៉ិច ដេវីត ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ពាណិជ្ជកម្ម នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888