ដើម្បីយល់កាន់តែច្បាស់ ថាអ្វីជាបទបន្លំ និងត្រូវទទួលទោសត្រឹមកម្រិតណានោះ ដូច្នេះ ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE) បានសហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី (DBT NEWS) សូមលើកយកប្រធានបទស្ដីពី (បទបន្លំ) មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣៨៤ បានបញ្ញតិ្តថា៖ អំពើបន្លំ គឺជាអំពើរបស់បុគ្គលដែលដឹងខ្លួនថា គ្មានលទ្ធភាពដាច់ខាតនឹងបង់ថ្លៃ ឬដែលសម្រេចចិត្តមិនបង់ថ្លៃ៖
១៖ ឱ្យគេបម្រើម្ហូបអាហារ ឬភេសជ្ជៈនៅក្នុងរង្គសាល ភោជនីយដ្ឋាន ឬនៅក្នុងគ្រឹះស្ថានដទៃទៀត ដែលបើកចំហដល់សាធារណជន។
២៖ ឱ្យគេប្រគល់បន្ទប់មួយ និងកាន់កាប់បន្ទប់នេះនៅក្នុងសណ្ឋាគារ ឬគ្រឹះស្ថានដទៃទៀត ដែលបើកចំហដល់សាធារណជន។
៣៖ ឱ្យគេដឹកជញ្ជូនខ្លួនតាមត្រីចក្រយាន តាមរថយន្តឈ្នួល ឬតាមមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។
ដើម្បីជាភាពងាយស្រួលយល់ពីចំណុចទាំងបីខាងលើនេះខ្ញុំសូមនិម្មិតឧទាហរណ៍ដូចខាងក្រោម៖
ឧបមាថា លោក «A» បានដឹងថាខ្លួនគ្មានប្រាក់ក៏បានម៉ៅរថយន្តតាក់ស៊ីពីភ្នំពេញទៅខេត្តមួយ លុះទៅ ដល់ទីរួមខេត្តលោក «A» បានឱ្យរថយន្ដឈប់សម្រាកចូលបន្ទប់ទឹក ហើយក៏បានរត់គេច ខ្លួនក្នុងបំណងគេចវេះពីការបង់ថ្លៃរថយន្ដ។ បន្ទាប់ពីនោះ លោក «A» ក៏បានជួលបន្ទប់សណ្ឋាគារមួយដើម្បីស្នាក់នៅ និងទទួល ទានអាហារមួយពេលដោយថ្លៃអាហារនេះ លោកបានឱ្យអ្នកគ្រប់គ្រងគិតជាមួយថ្លៃបន្ទប់សណ្ឋាគារ។ លុះដល់ពេលព្រឹកព្រលឹម លោក «A» ក៏បានចាកចេញពីសណ្ឋាគារដោយមិនបានបង់ថ្លៃបន្ទប់ និងថ្លៃអាហារឡើយ។ សកម្មភាពរបស់លោក «A» ក្នុងចំណោមសកម្មភាពទាំងបីខាងលើនេះ គឺជាការបន្លំដែលត្រូវបានបញ្ញត្តិក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ជនណាដែលបានប្រព្រឹត្តអំពើបន្លំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។ ចំពោះការប៉ុនប៉ងប្រព្រឹត្តក៏ត្រូវទទួល ការផ្តន្ទាទោសដូចគ្នាផងដែរ។
លើសពីនេះប្រសិនបើតុលាការយល់ឃើញថា បុគ្គលដែលបានប្រព្រឹត្តបទបន្លំត្រូវទទួលទោសបន្ថែមនោះ ក្រមព្រហ្មទណ្ឌបានចែងក្នុងមាត្រា៣៨៦ ដូចខាងក្រោម៖
១៖ ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។
២៖ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្ត នៅក្នុងការប្រកបវិជ្ជាជីវៈឬ នៅក្នុងឱកាសនៃការប្រកបវិជ្ជាជិវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។
៣៖ ការរឹបអូសផលទុន និងទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។
៤៖ ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿង។
៥៖ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល២ (ពីរ) ខែយ៉ាងច្រើន។
៦៖ ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន។
៧៖ ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃ យ៉ាងច្រើន។
សរុបមក ថ្វីត្បិតតែប្រជាពលរដ្ឋមួយចំនួនគិតថាអំពើបន្លំ គឺជារឿងតូចតាចនៅក្នុងសង្គម ជារឿងសាមញ្ញក៏ដោយតែទង្វើទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានបង្កជាបទល្មើសដែលមានបញ្ញត្ដិនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន ហើយជនដែលបានប្រព្រឹត្តបទល្មើសនឹងត្រូវទទួលការផ្ដន្ទាទោសទៅតាមច្បាប់កំណត់ ។
រៀបរៀងដោយ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office