តើអ្វីជាធុរកិច្ច?
ធុរកិច្ចគឺជាសកម្មភាពរបស់បុគ្គលម្នាក់ៗឬអង្គការនានាដែលមានបំណងរកប្រាក់ចំណេញតាមរយៈសកម្មភាពមួយចំនួនដូចជា៖ ការគ្រប់គ្រង, ទីផ្សារ, ហិរញ្ញវត្ថុ, គណនេយ្យ, ផលិតកម្ម, ...។
តើអ្វីជាអំពើមិនសុចរិត? ហើយតើអំពើមិនសុចរិតក្នុងធរកិច្ចមានលក្ខណៈបែបណាខ្លះ?
យោងតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩
មាត្រា៩ អំពើមិនសុចរិត
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតឡើយ។
អំពើមិនសុចរិត សំដៅដល់អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ ឬ បោកបញ្ឆោតអ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនា ឬ អចេតនាក៏ដោយ៖
-
ទង្វើ ឬ អំណះអំណាងទាំងឡាយដូចជា ការផ្សាយពាណិជ្ជកម្ម ការជំរុញការលក់ និងអំណះអំណាងផ្សេងទៀត
-
ការធ្វើឱ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពីថ្លៃ តម្លៃ ឬគុណភាពនៃទំនិញឬសេវា។ បុគ្គលក្នុង ធុរកិច្ចមិនអាចពឹងផ្អែកទៅលើការបោះពុម្ពអក្សរនិងស្លាកសញ្ញាតូចៗពិបាកមើល និងការអះអាង ការពារខ្លួនដែលមានលក្ខណៈធ្វើឱ្យមានភាពភាន់ច្រឡំ ដើម្បីឱ្យរួចផុតពីការទទួលខុសត្រូវ ការមិនបង្ហាញដល់អ្នកប្រើប្រាស់នូវការសន្យា ការរំពឹងទុក និងព័ត៌មានដែលពាក់ព័ន្ធ
-
ការទាញអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ប្រសិនបើអ្នកផ្គត់ផ្គង់ដឹងថាអ្នកប្រើប្រាស់មិនស្ថិតក្នុងជំហរ អាចការពារផលប្រយោជន៍របស់ខ្លួនបានឬមិនមានសមត្ថភាពយល់ដឹងពីទំនិញ ឬសេវា ដូចជា ចរិតលក្ខណៈ ប្រភេទ ភាសា អានុភាពនៃប្រតិបត្តិការ ឬបញ្ហានានាដែលទាក់ទងនឹងប្រតិបត្តិការនោះ ឬ
-
អំពើផ្សេងៗទៀតដែលកំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
មាត្រា១០ អំពើមិនសុចរិតទាក់ទងនឹងទំនិញ
-
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតដែលមានលក្ខណៈជា ការបំភាន់ឬបោកបញ្ឆោតដល់សាធារណជន ទាក់ទងនឹងប្រភេទ ដំណើរការផលិត ចរិតលក្ខណៈ ភាពសមតាមបំណង បរិមាណ រង្វាស់រង្វាល់ ក្រិតខ្នាត ស្តង់ដា ឬគុណភាពនៃទំនិញឡើយ។
មាត្រា១១ អំពើមិនសុចរិត ទាក់ទងនឹងសេវា
-
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតដែលមានលក្ខណៈបំភាន់ឬ បោកបញ្ឆោតដល់សាធារណជន ទាក់ទងនឹងប្រភេទ ស្តង់ដា ចរិតលក្ខណៈ ភាពសមតាមបំណង ទំហំឬ គុណភាពនៃសេវាឡើយ។
មាត្រា១២ ការអះអាងដោយបំភាន់
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវផ្គត់ផ្គង់ ជំរុញការផ្គត់ផ្គង់ ឬជំរុញការប្រើប្រាស់ទំនិញ ឬ សេវា ដោយអះអាងដោយបំភាន់ណាមួយដូចខាងក្រោម៖
- ទំនិញនោះមានលក្ខណៈពិសេសដោយឡែកចំពោះប្រភេទ បទដ្ឋាន គុណភាព ចំណាត់ថ្នាក់ បរិមាណ សមាសធាតុ រចនាបថ ម៉ូដែល ឬទំនិញនោះមានប្រវត្តិពិសេស ឬទំនិញនោះមាន ការប្រើប្រាស់ពិសេសកន្លងមកហើយ
- សេវានោះមានលក្ខណៈពិសេសដោយឡែកចំពោះ ប្រភេទ បទដ្ឋាន គុណភាព ទំហំ ឬសេវានោះ ត្រូវបានផ្គត់ផ្គង់ដោយបុគ្គលពិសេសណាមួយ ឬដោយបុគ្គលណាមួយដែលមានមុខជំនាញ ឬ មានលក្ខណសម្បត្តិពិសេសក្នុងការធ្វើពាណិជ្ជកម្ម
បុគ្គលមានកេរ្តិ៍ឈ្មោះណាមួយបានឯកភាពទទួលទំនិញឬសេវានោះរួចហើយ
- ទំនិញនោះជាទំនិញថ្មី ឬជាទំនិញដែលត្រូវបានធ្វើឱ្យដូចថ្មី ឬជាទំនិញដែលបានផលិត បាន បង្កើតឡើង បានកែច្នៃ នៅពេលវេលាពិសេសជាក់លាក់ណាមួយ
- ទំនិញឬសេវានោះមានការឧបត្ថម្ភគាំទ្រ មានការទទួលស្គាល់ មានការបញ្ជាក់ មានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ មានវត្ថុរណប មានការប្រើប្រាស់ច្រើន ឬមានអត្ថប្រយោជន៍ច្រើន
- ទំនិញ ឬសេវានោះមានការទទួលស្គាល់អំពីថ្លៃ
- ទំនិញ ឬសេវានោះមានតម្រូវការច្រើន
- ទំនិញឬសេវានោះមានរួមបញ្ចូលឬមិនរួមបញ្ចូលនូវការធានារ៉ាប់រង សំណងទូទាត់ ឬដំណោះស្រាយ
សិទ្ធិ ឬលក្ខខណ្ឌផ្សេងៗទៀត
- ទំនិញមានប្រភពដើមមកពីទីកន្លែងណាមួយ។
ការអះអាងដោយបំភាន់ផ្សេងទៀតត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែល
ជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់តាមសំណើរបស់បញ្ញត្តិករមានសមត្ថកិច្ច។
ចែករំលែកដោយ៖ លោក ប៉ិច ដេវីត ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ពាណិជ្ជកម្ម នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888