តើមូលហេតុអ្វីដែលនាំឱ្យស្រាមានជាតិពុល? តើស្រាបង្កផលប៉ះពាល់បែបណាខ្លះដល់សុខភាព? ហើយយើងត្រូវបង្ការការពារដោយរបៀបណា?
កម្មវិធីស្វែងយល់អំពីច្បាប់របស់ការិយាល័យមេធាវី ប៊ីធី (BT Law Office) សហការជាមួយ អង្គភាពសារព័ត៌មាន DBT News សូមលើកយកប្រធានបទស្តីពី «មូលហេតុដែលនាំឱ្យពុលស្រា និងផលប៉ះពាល់ដល់សុខភាព» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ និងស៊ីជម្រៅអំពីមូលហេតុនៃការពុលស្រា ផលប៉ះពាល់ដែលបណ្តាលមកពីស្រា និងវិធានការបង្ការនៃការពុលស្រា។
តើស្រាជាអ្វី?
ស្រាសំដៅដល់ភេសជ្ជៈ ដែលមានជាតិអាល់កុល (អេទីលអាល់កុល ឬអេតាណុល) កើតឡើងដោយដំណើរការបំបែកដោយមេតំបែរ ទៅលើគ្រាប់ធញ្ញជាតិ ផ្លែឈើ ឬ ប្រភពផ្សេងទៀតនៃស្ករ។ ជាទូទៅដំណើរនៃការផលិតស្រា នៅតាមផ្ទះ តាមបែបបុរាណឬ ប្រពៃណី មិនអាចធានាសុវត្ថិភាពគ្រប់គ្រាន់បានទេ ដោយសារខ្វះ បច្ចេកទេសញែកយកចេញនូវសារធាតុមេតាណុល ដែលជា ប្រភេទអាល់កុលពុល អាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះមនុស្ស និងអាចបណ្តាលឱ្យស្លាប់។
ការប្រុងប្រយ័ត្ន និងចៀសវាង៖
-
មិនត្រូវចាត់ទុកមេតាណុល ថាជាមេស្រា
-
មេតាណុលគឺជា អាល់កុលពុល ឬហៅម្យ៉ាងទៀតថាជា ស្រាពុល
-
ទោះបីមេតាណុលមានលក្ខណៈខាងក្រៅស្រដៀង គ្នាខ្លាំងទៅនឹងអាល់កុលធម្មតា ឬអេតាណុល ប៉ុន្តែគេ មិនអាចយកវាទៅលាយធ្វើជាស្រាបានជាដាច់ខាត ព្រោះអាចបណ្តាលឱ្យពុលស្លាប់។
មូលហេតុនៃស្រាពុល៖
-
ស្រាពុលគឺបណ្តាលមកពីការប្រើ ឬលាយបញ្ចូលមេតាណុល ដោយយល់ច្រឡំ (ឬបន្លំ) ជាមេស្រា
-
ភាគច្រើននៃស្រាពុល គឺមានបរិមាណមេតាណុលច្រើន ខ្លាំង។ មេតាណុលអាចអនុញ្ញាតឱ្យមាននៅក្នុងស្រាតែ ក្នុងបរិមាណតិចតួចប៉ុណ្ណោះ គឺ ១.៥ មីលីលីត្រ នៅក្នុង ១លីត្រ ស្រាស ដែលមានកម្រិតអាល់កុល ៤០%
-
ស្រាពុលក៏អាចបណ្តាលផងដែរដោយសារតែការផលិត ខ្វះលក្ខណៈបច្ចេកទេស ឬធ្វេសប្រហែសដោយមិនបាន ត្រួតពិនិត្យវត្ថុធាតុដើមបានត្រឹមត្រូវ
-
យោងតាមអង្គការសុខភាពពិភពលោក កំហាប់មេតាណុល នៅក្នុងឈាម ចាប់ពី១៥០០-២០០០មីលីក្រាម/លីត្រ អាចបណ្តាលឱ្យស្លាប់បាន។
បញ្ហាសំខាន់ៗផ្សេងទៀតដែលធ្វើឱ្យស្រាពុលមាន៖
-
ការច្រកទៅក្នុងដបមានផ្ទុកជាតិពុល និងលាងមិនបានស្អាត
-
ការដាក់បន្ថែម ឬលួចលាយសារធាតុពុលក្នុងគោលបំណង ធ្វើឱ្យស្រាខ្លាំង (ថ្នាំសម្លាប់សត្វល្អិត ដូចជាអង់គ្រីន ឬ ដេដេតេ ឬ ត្រាំរុក្ខជាតិពុល)
-
ការលាយចូលស្រាផ្សេងទៀតដែលមិនស្គាល់ប្រភព។
ផលប៉ះពាល់នៃការពុលស្រា
-
ឈឺក្បាល វិលមុខ ធីងធោង ឈឺក្នុងពោះ
-
ពិបាកដកដង្ហើម
-
ស្រវាំងភ្នែក ឬងងឹតភ្នែក
-
ក្អួត បែកពពុះមាត់ ឬពេលខ្លះមានក្អួតចេញឈាម
-
ធ្វើឱ្យខូចក្រលៀន មានបញ្ហាបេះដូង និងចរន្តឈាម ខូចថ្លើម ខូចប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល
-
បាត់បង់ស្មារតី ឬសន្លប់
-
ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យបាត់បង់ជីវិត។
វិធានការបង្ការនៃការពុលស្រា៖
ក.អ្នកផលិត៖
-
ត្រូវជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពល្អ និងមានប្រភពច្បាស់លាស់
-
ត្រូវប្រើសំបកវេចខ្ចប់ធន់នឹងជាតិអាល់កុល និងមាន ដាក់ស្លាកសញ្ញា ឈ្មោះ និងអាសយដ្ឋានផលិតឱ្យ បានត្រឹមត្រូវ
-
ត្រូវរៀបចំអនាម័យនៃការផលិតឱ្យបានត្រឹមត្រូវ
-
មិនត្រូវដាក់លាយឡំគ្នានូវសារធាតុគីមីផ្សេងៗនៅ កន្លែងផលិត
-
មិនត្រូវដាក់បន្ថែមសារធាតុពុល ឬសារធាតុដែលមិន ស្គាល់ប្រភពទៅក្នុងស្រា។
ខ.អ្នកចែកចាយ និងអ្នកលក់៖
-
ត្រូវចែកចាយ និងដាក់លក់តែផលិតផលស្រាដែល មានប្រភព និងស្លាកសញ្ញាច្បាស់លាស់
-
មិនត្រូវទុកផលិតផលស្រាលាយឡំជាមួយនឹង ផលិតផលសារធាតុគីមីផ្សេងៗដែលមានសំបក វេចខ្ចប់ស្រដៀង
-
មិនត្រូវដាក់លក់ផលិតផលស្រាដែលគ្មានស្លាកសញ្ញា
គ.អ្នកប្រើប្រាស់៖
-
ទិញស្រាពីប្រភពដែលស្គាល់ច្បាស់លាស់ និងមាន ដាក់ស្លាកសញ្ញា ឈ្មោះ និងអាសយដ្ឋានអ្នកផលិត ត្រឹមត្រូវ
-
មិនត្រូវទិញស្រាពីអ្នកផលិត ឬអ្នកលក់ដែលមាន ប្រវត្តិមិនច្បាស់លាស់ ឬមិនស្គាល់ប្រភព
-
មិនត្រូវទទួលទានស្រា ដែលមិនស្គាល់ប្រភព
-
ក្នុងករណីមានអាការៈមិនស្រួល ត្រូវបញ្ឈប់ការ ផឹកជាបន្ទាន់ និងត្រូវប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម។
ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទទួលទាន អ្នកទិញត្រូវ៖
-
ពិនិត្យមើលស្លាកសញ្ញាឱ្យបានច្បាស់លាស់ ចៀសវាង ផលិតផលក្លែងក្លាយ
-
មិនត្រូវទទួលទានស្រាច្រើនលើសកម្រិត
-
ក្នុងករណីសង្ស័យថាពុល ឬមានអាការៈមិនស្រួល ត្រូវ បញ្ឈប់ការទទួលទានស្រាភ្លាម និងត្រូវទៅពេទ្យដើម្បីពិនិត្យ។
សរុបមកស្រាអាចបង្ករផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងទទួលទានស្រាដោយពុំដឹងពីប្រភពនៃការផលិតច្បាស់លាស់ និងការទទួលទានលើសកម្រិត។
ចែករំលែកដោយ៖ លោក ប៉ិច ដេវីត ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ពាណិជ្ជកម្ម នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888