តើអំពើបែបណាខ្លះដែលត្រូវបានកំណត់ថាជា បទល្មើសសេពសន្ថវៈ? ហើយជនដែលប្រព្រឹត្តល្មើសនឹងត្រូវ ផ្ដន្ទាទោសកម្រិតណា?
ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE) សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី (DBT NEWS) សូមលើកយកប្រធានបទស្តីពី (បទល្មើសរំលោភសេពសន្ថវៈ) មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និង សិស្ស និស្សិតដូចតទៅ៖ «រំលោភសេពសន្ថវៈ» ជាសញ្ញាណនៃអំពើបំពានទៅលើផ្លូវភេទមួយប្រភេទ ដែលមានចែងយ៉ាងច្បាស់លាស់ក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលក្ខណៈ នៃអំពើដែលបំពានទៅលើផ្លូវភេទមានច្រើនបែបច្រើនទម្រង់ ដែលក្រមព្រហ្មទណ្ឌបានកំណត់ថា ជាបទល្មើសផ្សេងៗគ្នា ទៅតាមលក្ខណៈសត្យានុម័តដាច់ដោយឡែករបស់វា ដូចជា (បទរំលោភសេពសន្ថវៈ) (បទប្រទូសកេរខ្មាស) (បទរុកកួនខាងផ្លូវភេទ) ជាដើម។
បទល្មើសរំលោភសេពសន្ថវៈ ត្រូវបានកំណត់ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា២៣៩ ដែលបានបញ្ញត្តថា៖ «គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាម កំហែង ឬដោយឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ»។ ចំណុចសំខាន់ដែលយើងត្រូវយល់ពីសញ្ញាណ នៃបទល្មើសនេះគឺ ៖
ទី១៖ ទាក់ទងនឹងចេតនា (ការព្រមព្រៀង) របស់ជនរងគ្រោះដែលនៅក្នុងបទល្មើស រំលោភសេពសន្ថវៈ គឺមិនមានការព្រមព្រៀងពីជនរងគ្រោះឡើយ និង
ទី២៖ ជនល្មើសប្រព្រឹត្តអំពើនេះ ក្រោមរូបភាពបំពានលើសិទិ្ធ ខាងផ្លូវភេទជនរងគ្រោះ ដោយការប្រើប្រាស់ហិង្សា បង្ខិតបង្ខំ គំរាមកំហែង ការឆ្មក់ឱកាសទៅលើជនរងគ្រោះដើម្បីប្រព្រឹត្តបទល្មើសដើម្បី សម្រេចចំណង់ផ្លូវភេទខ្លួន ដើម្បីបញ្ចូលអង្គជាតរបស់ខ្លួន ទៅក្នុងអង្គជាត (អវយវៈភេទ) របស់ជនរងគ្រោះ ឬកន្លែង ផ្សេងៗទៀតរបស់ជនរងគ្រោះ ដូចជា គូទ ឬមាត់ជាដើម។ ជនល្មើសក៏អាចប្រើប្រាស់ឧបករណ៍ ផ្សេងៗទៀត ដើម្បីបញ្ចូលទៅក្នុងអង្គជាតរបស់ជនរងគ្រោះផងដែរ។
ម៉្យាងវិញទៀត ជនល្មើសអាចប្រព្រឹត្តអំពើនេះ ដោយការប្រើប្រាស់អាវុធ ឬគំរាមកំហែងថា នឹងប្រើប្រាស់អាវុធ ឬប្រើប្រាស់នូវគ្រឿងញៀន ឬសារធាតុផ្សេងៗទៀត ដើម្បីធ្វើឲ្យជនរងគ្រោះបាត់បង់ស្មារតីជាដើម។ ជនរងគ្រោះនៅក្នុងបទល្មើសរំលោភសេពសន្ថវៈ ត្រូវតែជារូបវន្តបុគ្គល ដែលនៅរស់រានមានជីវិត ទោះបីជាមានភេទដូចគ្នា ឬក៏ខុសគ្នាក៏ដោយ។ ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា (បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ១០ (ដប់)ឆ្នាំ)។ ការផ្តន្ទាទោសនេះ សំដៅតែលើបទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។ ប្រសិនបើមានស្ថានទម្ងន់ទោសនោះ កម្រិតនៃការផ្តន្ទាទោសនឹងប្រែប្រួលដូចខាងក្រោម៖
- មាត្រា២៤០៖ បទរំលោភសេពសន្ថវៈត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំកាលបើអំពើនេះប្រព្រឹត្តឡើងដោយ៖
១៖ប្រើប្រាស់អាវុធឬគំរាមកំហែងថានឹងប្រើប្រាស់អាវុធ។
២៖ប្រើប្រាស់គ្រឿងញៀន ឬគ្រប់ដែលនាំឱ្យជនរងគ្រោះបាត់បង់ ឬចុះខ្សោយលទ្ធភាពទប់ទល់។
៣៖ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះ។
៤៖ដោយបុគ្គលដែលរំលោភអំណាចដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ។
៥៖ដោយបុគ្គលច្រើនរូប ដែលប្រព្រឹត្តឡើងក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកសមគំនិត។
- មាត្រា២៤១៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ១៥ (ដប់ប្រាំ)ឆ្នាំកាលបើអំពើនេះប្រព្រឹត្តទៅលើ៖
១៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។
២៖នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។
៣៖បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពនៃបុគ្គលនេះ ត្រូវបានគេមើលឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។
- មាត្រា២៤២៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើបទល្មើសអំពើនេះនាំឱ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍ ដល់ជនរងគ្រោះ។
- មាត្រា២៤៣៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម ឬអំពើឃោរឃៅ។
- មាត្រា២៤៤៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០(សាមសិប) ឆ្នាំ កាលបើបទល្មើសនេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។ ក្រៅពីការផ្តន្ទាទោសដាក់ពន្ធនាគារ មានទោសបន្ថែមផ្សេងៗទៀត ដែលអាចត្រូវប្រកាសចំពោះជនល្មើស ហើយទោសបន្ថែមទាំងនោះ មានចែងក្នុងមាត្រា២៤៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
រៀបរៀងដោយ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888 ហ្វេសបុកផេក៖ BT Law Office