តាមរយៈការទទួលស្គាល់សិទិ្ធខាងលើនេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៤មហាសន្និបាតអង្គការសហប្រជាជាតិបាន អនុម័តនូវអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ដោយមានប្រទេសមួយចំនួននៅលើសកលលោក រួមទាំងប្រទេសកម្ពុជាបានទទួលស្គាល់ និងបានចូលជាភាគីមួយនៃអនុសញ្ញាខាងលើនេះ ព្រមទាំងបានបញ្ញត្ត នៅក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហាមឃាត់ជាពិសេសចំពោះការធ្វើទារុណកម្មណាមួយ ហើយប្រកាសថាចម្លើយសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងបញ្ចាក់អំពីពិរុទ្ធភាពទេ។
ដើម្បីយល់កាន់តែច្បាស់ថា តើអំពើណាខ្លះដែលត្រូវបានចាត់ទុកថា ជាការធ្វើទារុណកម្ម និងអំពើឃោរឃៅ? ហើយជនដែលប្រព្រឹត្តអំពើបែបនោះ នឹងត្រូវប្រឈមមុខជាមួយនឹងការផ្ដន្ទាទោសដល់កម្រិតណា? ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE) សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី (DBT NEWS) នឹងធ្វើការបង្ហាញ និងចែករំលែកជូនសាធារណៈជន សិស្ស និស្សិត ដូចតទៅ៖
យោងតាមអនុសញ្ញាប្រឆាំងទារុណកម្ម ពាក្យ (ទារុណកម្ម) មានន័យថា អំពើទាំងទ្បាយណាដែលនាំឱ្យមានការឈឺចាប់ ឬរងទុក្ខយ៉ាងខ្លាំង ទោះផ្លូវកាយ ឬផ្លូវចិត្តក្តី ដែលត្រូវបានបង្កឡើងដោយចេតនាទៅលើជនណាម្នាក់ក្នុងគោលបំណងទាំងទ្បាយដូចជា ទាញយកព័ត៌មានពីជននោះ ឬតតិយជនណាម្នាក់ ដាក់ទណ្ឌកម្មជននោះចំពោះអំពើណាមួយដែលជននោះ ឬតតិយជនណាម្នាក់បានប្រព្រឹត្ត ឬសង្ស័យថាបានប្រព្រឹត្ត បំភិតបំភ័យ ឬបង្ខិតបង្ខំជននោះ ឬតតិយជនណាម្នាក់ ឬដើម្បីមូលហេតុណាមួយផ្សេងទៀត ដែលផ្អែកលើការរើសអើងណាមួយ ហើយការឈឺចាប់ ឬការរងទុក្ខ អាចបង្កដោយមន្រ្តីសាធារណៈ ឬជនផ្សេងទៀត តាមការញុះញង់ ឬការព្រមព្រៀង ឬផ្តើមគំនិតរបស់មន្រ្តីសាធារណៈ ឬជនផ្សេងទៀតដែលបំពេញតួនាទីជាផ្លូវការ។ ពាក្យថាទារុណកម្មមិនរាប់បញ្ចូលនូវការឈឺចាប់ ឬការរងទុក្ខដែលកើតជាប់ ឬម្តងម្កាល ពីទណ្ឌកម្មត្រឹមត្រូវតាមច្បាប់ទ្បើយ។
ដើម្បីទប់ស្កាត់ និងកាត់បន្ថយនូវការកើតឡើងនៃអំពើអមនុស្សធម៌នេះ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តត្រង់មាត្រា ២១០ ថា (ទារុណកម្ម ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ)។
ស្ថានទម្ងន់ទោសចំពោះបទទារុណកម្ម ឬអំពើឃោរឃៅ (មាត្រា ២១១ - មាត្រា ២១៥) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តទៅលើ៖
១.បុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុនៃអាយុបុគ្គលនោះ។
២.នារីមានគភ៌កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែងឬឮកាលបើជនល្មើសបានដឹង។
៣.បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬ ពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្ដែងឬកាលបើជនល្មើសបានដឹង។
៤.ជនរងគ្រោះ ឬ ដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឱ្យប្ដឹងបរិហារពីបទល្មើស ឬ សុំឱ្យធ្វើការជួសជុលព្យសនកម្ម។
៥.សាក្សី ដើម្បីរារាំងកុំឱ្យឆ្លើយផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។
៦.ជនរងគ្រោះ ឬ ដើមបណ្ដឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឱ្យធ្វើការជួសជុលព្យសនកម្ម។
៧.សាក្សី ដោយមូលហេតុសាក្សីនេះបានផ្ដល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត។
៨.កាលបើបទឧក្រិដ្ឋនេះ ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន។
៩.កាលបើបទឧក្រិដ្ឋនេះនាំឱ្យមានការកាត់អវ:យវ: ឬឱ្យមានពិការភាពជាអចិន្រៃយ៍ដល់ជនរងគ្រោះ។
បទទារុណកម្ម និងអំពើឃោរឃៅ ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំកាល បើបទឧក្រិដ្ឋនេះ បណ្ដាលឱ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ ឬនាំឱ្យមានអត្ថឃាតរបស់ជននោះ។
សរុបមក ទារុណកម្ម និងអំពើឃោរឃៅ ត្រូវបានមនុស្សជាតិយកចិត្តទុកដាក់ និងប្រឆាំងដាច់ខាតចំពោះអំពើទាំងនេះ ហើយក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ក៏បានបញ្ញត្តអំពើទាំងនោះជាបទឧក្រិដ្ឋ ដែលត្រូវដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរទៅលើជនដែលប្រព្រឹត្តផងដែរ។
ទន្ទឹមនឹងនេះ តាមរយៈព្រះរាជក្រឹត្យនស/រកត/០៨១៧/៦៩១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបានបង្កើត គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ដើម្បីពង្រឹងកិច្ចការពារដល់ជនទាំងទ្បាយ ដែលត្រូវបានដកហូត សេរីភាពឲ្យរួចផុតពីការធ្វើទារុណកម្ម។
រៀបរៀងដោយ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី៨+៩ ផ្លូវវត្តអង្គតាមិញ(២០០៤) ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office