តើអ្វីជាបទល្មើសមនុស្សឃាតដោយអចេតនា? តើបទល្មើសនេះ ត្រូវទទួលទោសបែបណា?
ការិយាល័យមេធាវី ប៊ីធី សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី សូមលើកយកប្រធានបទទាក់ទងនឹង «បទមនុស្សឃាតដោយអចេតនា» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងដូចតទៅ៖
យោងតាមស្មារតីមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា «បទមនុស្សឃាតដោយអចេតនា» គឺជាអំពើបណ្តាលឲ្យស្លាប់អ្នកដទៃដោយ៖
ទី១៖ការធ្វេសប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ជីខ្ជា។
ទី២៖ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
ក្នុងន័យខាងលើពាក្យថា «ការធ្វេសប្រហែស» គឺជាការភ្លេចភ្លាំង ខ្វះភាពម៉ត់ចត់ ការមាក់ងាយដោយជនល្មើស។ ចំពោះ «ការមិនប្រុងប្រយ័ត្ន» សំដៅទៅលើអំពើទាំងឡាយណាដែល បណ្តាលមកពីការមិនបានប្រុងប្រៀបស្មារតី ដោយការរវើរវាយជាដើម។ រីឯ «ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ» គឺជាការមិនប្រតិបត្តិតាមបទបញ្ជាទាំងឡាយ ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន ឬសហគ្រាសណាមួយ ឬគឺជាការមិនប្រតិបត្តិតាមអ្វីដែលច្បាប់បានតម្រូវឲ្យធ្វើ។
«បទមនុស្សឃាតដោយអចេតនា» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន រៀលទៅ៦លានរៀល។ ឧទាហរណ៍៖ កាលពីឆ្នាំ២០១៤ មានហេតុការណ៍គ្រោះថ្នាក់មួយ បានកើតឡើងនៅម្តុំស្តាតអូឡាំពិក ដែលកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អ្នកម៉ៅការសំណង់ និងជាងសំណង់ ក៏បានធ្វើឲ្យដែកជ្រុងប្រវែងជាង ១ម៉ែត្រ ធ្លាក់ពីលើអគារកំពុងសាងសង់ ត្រូវចំក្បាលស្ត្រីម្នាក់បណ្តាលឲ្យបែកលលាដ៍ក្បាលស្លាប់ភ្លាមៗ។ ទង្វើនេះបង្ហាញថា ទោះបីជាអ្នកម៉ៅការសំណង់ និងជាងសំណង់ ពុំមានចេតនាក្នុងការសម្លាប់ស្រ្តីនោះក៏ដោយ ប៉ុន្តែការខ្ជីខ្ជា ការធ្វេសប្រហែសរបស់ពួកគាត់ គឺបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត ដែលត្រូវផ្តន្ទាទោសតាមមាត្រាខាងលើ។
ក្រៅពីបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ក៏មានច្បាប់ផ្សេងទៀត បានចែងអំពីការផ្តន្ទាទោស និងដាក់ពិន័យទៅលើជនដែលធ្វើឲ្យបុគ្គលដទៃស្លាប់ ដោយសារការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្នជាអាទិ៍។ ជាក់ស្តែង ករណីចរាចរណ៍ ប្រសិនបើជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទ ប្បញ្ញតិ្តស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យស្លាប់អ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬ ច្រើន ដូចមានចែងក្នុងមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖
ក.បើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
គ.បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។
ឃ. រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ។
ឧទាហរណ៍៖ លោក «ក» បានទៅចូលរួមកម្មវិធីមង្គលការរបស់មិត្តភក្តិខ្លួន ហើយបានផឹកស្រាស្រវឹង។ ក្រោយពីចប់កម្មវិធី លោក «ក» បានបើកបររថយន្តរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ ប៉ុន្តែដោយសារលោកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង ទើបលោកបានរេចង្កូតឡានទៅបុកលោកស្រី «ខ» បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ទង្វើរបស់លោក «ក» ទោះបីពុំមានចេតនាក្នុងការសម្លាប់មនុស្ស ប៉ុន្តែទង្វើនោះកើតចេញពីការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សរុបជារួម បទល្មើសមនុស្សឃាតដោយអចេតនា ត្រូវបានចែងក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ឬច្បាប់ពិសេសផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ញត្តិយ៉ាងច្បាស់ក្នុងការផ្តន្ទាទោស និងដាក់ពិន័យចំពោះជនដែលបានប្រព្រឹត្តកំហុស ដែលកើតឡើងចេញពីការខ្ជីខ្ជា ការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្នរបស់ជននោះ។
រៀបរៀងដោយ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office