តើសាក្សីដែលផ្ដល់ចម្លើយភូតកុហកជូនតុលាការ ឬមិនព្រមធ្វើជាសាក្សីត្រូវទទួលការផ្តន្ទាទោសអ្វីខ្លះ?
ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ ការិយាល័យមេធាវី ប៊ីធី (BT LAW OFFICE ) សហការជាមួយ អង្គភាពសារព័ត៌មានឌីប៊ីធី (DBT NEWS ) សូមលើកយកប្រធានបទស្តីពី (បទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មក្លែងក្លាយ) មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ដូចតទៅ៖
ដូចដែលបានលើកឡើងខាងលើរួចហើយថា សាក្សីត្រូវតែឆ្លើយការពិត ទៀងត្រង់ មិនភូតកុហកឡើយ ដូច្នេះពេលសាក្សីចូលឆ្លើយបំភ្លឺនៅតុលាការ តម្រូវឱ្យធ្វើសម្បថស្របតាមសាសនា ឬជំនឿរបស់ខ្លួនថានិយាយតែការពិត ដែលខ្លួនបានមើលឃើញ ស្ដាប់ឮ ចងចាំ មុននឹងសាក្សីម្នាក់ៗឆ្លើយសំណួរ ចំណែកឯខ្លឹមសារនៃសម្បថមាននៅក្នុងឧបសម្ព័ន្ធនៃក្រមព្រហ្មទណ្ឌ ប៉ុន្តែការធ្វើសម្បថនេះត្រូវបានអនុញ្ញាតឱ្យរួចផុតចំពោះសាក្សីមួយចំនួនដូចជា៖
១៖ ឪពុកម្ដាយនិងបុព្វជនគ្រប់រូបរបស់ជនត្រូវចោទ។
២៖ កូនប្រុសកូនស្រីនិងបច្ឆាជនគ្រប់រូបផ្សេងទៀតរបស់ជនត្រូវចោទ។
៣៖ បងប្អូនប្រុសស្រីរបស់ជនត្រូវចោទ។
៤៖ ប្ដីឬប្រពន្ធរបស់ជនត្រូវចោទទោះបីបានលែងលះគ្នាហើយក៏ដោយ។
៥៖ កុមារអាយុតិចជាង ១៤ឆ្នាំផងដែរ។
បើទោះបីជាមានការអនុញ្ញាតឱ្យរួចផុតពីការធ្វើសម្បថក្តី សាក្សីត្រូវតែផ្តល់ចម្លើយពិត មិនទទួលផលប្រយោជន៍ លាភសក្ការៈ ដើម្បីផ្តល់ចម្លើយភូតកុហកឡើយ បើពុំដូច្នេះទេត្រូវទទួលការផ្តន្ទាទោសតាមមាត្រា ៥៤៧ បទស៊ីសំណូករបស់សាក្សី ដើម្បីធ្វើសក្ខីកម្មក្លែងក្លាយ បានចែងថា «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ អំពើរបស់សាក្សីណាដែលទទូចសុំ ឬយល់ព្រមទទួលយកដោយផ្ទាល់ ឬដោយប្រយោលនូវអំណោយ ចំនួន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បី (១) មិនធ្វើជាសាក្សី (២) ផ្ដល់សក្ខីកម្មភូតកុហក។
ប៉ុន្ដែការផ្ដន្ទាទោសខាងលើនេះ ត្រូវលើកលែងចំពោះកុមារដែលមានអាយុតិចជាង ១៤ឆ្នាំ (ចំណុចទី៥នៃការអនុញ្ញាតឱ្យរួចផុតពីការធ្វើសម្បថ)។ បទល្មើសនេះក៏បានកំណត់ជាប្រភេទនៃបទល្មើសពុករលួយដូចមានបញ្ញតិ្តក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។
សរុបរួមមក ចំណុចនេះសាក្សីមានកាតព្វកិច្ចចូលខ្លួនឆ្លើយបំភ្លឺករណីមានការកោះហៅពីតុលាការ ដោយត្រូវឆ្លើយបំភ្លឺតែការពិតនូវហេតុការណ៍ដែលខ្លួនបានមើលឃើញ (សកម្មភាព) និងអ្វីដែលខ្លួនបានស្ដាប់ឮ បានចងចាំ ជូនតុលាការ ជៀសវាងការផ្តល់ចម្លើយភូតកុហក ឬមិនព្រមចូលឆ្លើយ នាំឱ្យសាក្សីទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមបញ្ញត្តិច្បាប់ដែលបានកំណត់ ។
រៀបរៀងដោយ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Office