គួរបញ្ជាក់ផងដែរថា ដោយសារតែអំពើពុករលួយ ជាសកម្មភាពខុសច្បាប់ ដែលកើតឡើងតាមរូបភាពផ្សេងៗពីគ្នាច្រើន ហេតុនេះហើយបានជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចែងនូវច្បាប់ ដោយចាត់នូវវិធានការយ៉ាងតឹងរ៉ឹង ដែលធ្វើការផ្តន្ទាទោស ទៅលើមន្រ្តីរាជការណាដែលបានប្រព្រឹត្តអំពើពុករលួយ ។ នៅក្នុងចំណោមបទល្មើសពាក់ព័ន្ធជាមួយអំពើពុករលួយជាច្រើន គឺមានបទល្មើសមួយហៅថា បទលើ្មសវីតិក្រម ដែលបទល្មើសមួយប្រភេទនេះ សាធារណជនទាំងអស់ គួរតែស្វែងយល់ សម្រាប់ជាចំណេះដឹង និងការពារខ្លួន ពីបុគ្គលទុច្ចរិត ។
ដូចនេះ ដើម្បីលម្អិតឱ្យកាន់តែច្បាស់ថាតើ បទល្មើស វីតិក្រម គឺជាអ្វី ? ហើយអ្នកដែលប្រព្រឹត្ត បទល្មើសមួយនេះនឹងត្រូវទទួលរងនូវទណ្ឌកម្មបែបណាពីសំណាក់ផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ?
ការិយាល័យមេធាវី ប៊ីធី សហការជាមួយ អង្គភាពសារព័ត៌មាន ឌីប៊ីធី បានលើកយកប្រធានបទស្តីពី (បទល្មើស វីតិក្រម««) មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចខាងក្រោម។
ដោយយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥៩២ បានបញ្ញាត្តិឱ្យនិយមន័យថា វីតិក្រម គឺជាអំពើរបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែល៖
១ ៖ ទាមទារ ឬ ទទួល ជាសិទ្ធិ ជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ ឬ ដែលលើសពីចំនួនដែលគេត្រូវបង់។
២ ៖ យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬ ការលោះលាចំពោះការបង់ពន្ធ ឬ អាករដែលខ្លួនដឹងថាខុសច្បាប់ ។
តើបុគ្គលណាខ្លះជា អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ?
អ្នករាជការសាធារណៈ គឺជាបុគ្គលដែលបម្រើការងារក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការ ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្តិ ទោះជាអចិន្រៃ្តយ៍ ឬជាបណ្តោះអាសន្នក្តី ទោះជាបាន ឬមិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈ អាយុរបស់បុគ្គលនោះឡើយ ។ ចំណែកឯ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត គឺសំដៅដល់សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងជាពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត ។
ចំពោះបុគ្គលដែលបានប្រពឹត្តបទល្មើសខាងលើ គឺត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីរ ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល នេះដោយយោងតាមមាត្រា ៥៩៣ ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាឧទាហរណ៍ ករណី លោក (ក) បានយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅធ្វើការបញ្ជាក់នៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីយកឯកសារនោះទៅប្រើប្រាស់ក្នុងការងារចាំបាច់ផ្ទាល់ខ្លួន ហើយនៅពេលដែលគាត់ទៅដល់ការិយាល័យច្រកចេញចូលតែមួយ ស្រាប់តែ លោក (ខ)ដែលជាមន្ត្រីបម្រើការងារនៅទីនោះផ្ទាល់ បានទាមទារឱ្យ លោក «ក» បង់នូវប្រាក់សម្រាប់ការងារបញ្ជាក់អត្តសញ្ញាណប័ណ្ណនោះ ក្នុងមួយសន្លឹកចំនួន ១០.០០០រៀល ទាំងដែលដឹងថាការបញ្ជាក់អត្តសញ្ញាណប័ណ្ណខាងលើនេះ ច្បាប់មិនតម្រូវឱ្យប្រជាពលរដ្ឋធ្វើការបង់ប្រាក់សេវារដ្ឋបាលឡើយ (យោងតាមប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ១៤៣៤២.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦) ដោយសារតែមានតម្រូវការចាំបាច់ លោក(ក)ក៏យល់ព្រមបង់តាមការទាមទាររបស់ លោក (ខ) ។
ចំពោះករណីបែបនេះ លោក (ខ) ដែលជាមន្រ្តីរាជការសាធារណៈ នឹងត្រូវផ្តន្ទាទោស ពីបទល្មើស វីតិក្រម ជាក់ជាមិនខាន ចំពោះអំពើល្មើសច្បាប់ដែលខ្លួនបានប្រព្រឹត្ត ។
សរុបជារួមមក បទល្មើស វីតិក្រម គឺមានគោលបំណងក្នុងការផ្ដន្ទាទោសយ៉ាងតឹងរ៉ឹង ទៅលើបុគ្គលដែលជាអ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈណា ដែលហ៊ានប្រព្រឹត្តអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ។ ម្យ៉ាងវិញទៀត ការអនុវត្តទោសយ៉ាងតឹងរ៉ឹងបែបនេះ ក៏ជាកត្ដាមួយនាំឱ្យមានការកាត់បន្ថយនូវសកម្មភាពពុករលួយនៅតាមស្ថាប័នរដ្ឋនានា ដើម្បីឱ្យសង្គមជាតិមានការរីកចម្រើនផងដែរ ។
រៀបរៀងដោយ៖ លោក ផូ សុភ័ក្តិ ជាប្រធានក្រុមទទួលបន្ទុកផ្នែកកិច្ចការងារច្បាប់ព្រហ្មទណ្ឌ នៃការិយាល័យមេធាវី ប៊ីធី មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ .ទូរស័ព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888
ហ្វេសបុកផេក៖ BT Law Offcie