តើអ្វីទៅជាបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនគ្រឿងសម្អាង ? ហេតុអ្វីបានជាយើងចាំបាច់ត្រូវបង្កើតបទបញ្ជាផ្ទៃក្នុងទាំងនេះ ? ហើយត្រូវធ្វើដូចម្ដេចដើម្បីឱ្យបទបញ្ជាផ្ទៃក្នុងត្រឹមត្រូវស្របតាមច្បាប់ ?
កម្មវិធីស្វែងយល់អំពីច្បាប់របស់អង្គភាពសារព័ត៌មាន DBT News សហការជាមួយ ការិយាល័យមេធាវីប៊ីធី (BT Law Office) និង សមាគម អ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ហៅកាត់ថា CCA សូមលើកយកប្រធានបទស្តីពី «បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនគ្រឿងសម្អាង» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ។
ច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យនិយោជកនៃសហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្រោមច្បាប់ការងារ និងបានប្រើប្រាស់កម្មករនិយោជិតចាប់ពី ៨ (ប្រាំបី) នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចរៀបចំឱ្យមានបទបញ្ជាផ្ទៃក្នុងសម្រាប់សហគ្រាស គ្រឹះស្ថានរបស់ខ្លួន ។ ជាទូទៅបទបញ្ជាផ្ទៃក្នុង គឺជាវិធានផ្ទៃក្នុងមួយប្រភេទរបស់សហគ្រាស គ្រឹះស្ថាននីមួយៗ ដែលបានកំណត់ពីវិធានគ្រប់គ្រង បែបបទបំពេញការងារ ក៏ដូចជាវិធានការណ៍វិន័យចំពោះកម្មករនិយោជិតដែលបានប្រព្រឹត្តកំហុសក្នុងការបំពេញការងាររបស់ខ្លួន ។
ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបង្កើតបទបញ្ជាផ្ទៃក្នុង តាមរយៈមាត្រា ២៣ នៃច្បាប់ការងារ បានណែនាំនូវចំណុចមួយចំនួនដែលគួរតែត្រូវបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានចេញសេចក្ដីជូនដំណឹងកំណត់អំពីគំរូនៃបទបញ្ជាផ្ទៃក្នុងផងដែរ ។
គេសង្កេតជាទូទៅមានចំណុចមួយចំនួនដែលសំខាន់ត្រូវបានបញ្ចូលទៅក្នុងបទបញ្ជាផ្ទៃក្នុងមានដូចជា ៖
* លក្ខខណ្ឌនៃការទទួលឱ្យចូលធ្វើការ
* ការពណ៌នាអំពីការងារ
* ប្រាក់ឈ្នួល ប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗ
* ម៉ោងបំពេញការងារ
* ម៉ោងសម្រាក និងការឈប់សម្រាកនានា
* វិធានការសន្តិសុខ សុខភាព និងអនាម័យ
* សិទ្ធិ និងកាតព្វកិច្ចរបស់កម្មករនិយោជិត
* បែបបទបំពេញការងារផ្សេងៗស្របតាមស្ថានភាពសហគ្រាស គ្រឹះស្ថាន
* ទោសវិន័យចំពោះកម្មករនិយោជិត ជាអាទិ៍ ។
ជាគោលការណ៍បន្ទាប់ពីបានបង្កើតបទបញ្ជាផ្ទៃក្នុងសម្រាប់សហគ្រាស គ្រឹះស្ថានរបស់ខ្លួនហើយ និយោជកមានកាតព្វកិច្ចយកបទបញ្ជាផ្ទៃក្នុងនោះទៅចុះទិដ្ឋាការនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ម៉្យាងវិញដើម្បីជាភាពងាយស្រួល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹងដាក់ឱ្យដំណើរការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ LACMS» និងបានដំណើរការឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។ ចំណុចនេះបានជួយសម្រួលច្រើនដល់ការបំពេញបែបបទចុះទិដ្ឋាការ ដោយតាមរយៈប្រព័ន្ធ LACMS និយោជកអាចធ្វើការចុះទិដ្ឋាការលើបទបញ្ជាផ្ទៃក្នុងសម្រាប់សហគ្រាស គ្រឹះស្ថាន របស់ខ្លួនបានដោយងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែបំពេញព័ត៌មាន និងឯកសារតម្រូវដែលក្រសួងបានកំណត់ ។
តាមរយៈប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់អំពីសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងនោះការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស តម្រូវឱ្យបង់សេវាសាធារណៈ ចំនួន ៦០០.០០០ រៀល ហើយរយៈពេលផ្ដល់សេវាអតិបរមាចំនួន ៦០ ថ្ងៃ ។ ក្នុងករណីព័ត៌មាន និងឯកសារតម្រូវសម្រាប់ការស្នើសុំមានភាពត្រឹមត្រូវហើយ និយោជកនឹងទទួលបានបទបញ្ជាផ្ទៃក្នុងដែលបានចុះទិដ្ឋាការក្នុងទម្រង់ឌីជីថល ដើម្បីយកទៅប្រើប្រាស់ ។ ជាទូទៅបន្ទាប់ពីបានចុះទិដ្ឋាការរួច និយោជកត្រូវយកបទបញ្ជាផ្ទៃក្នុងនោះទៅផ្សព្វផ្សាយ និងបិទនៅទីកន្លែងណាមួយដែលសមរម្យ ដើម្បីឱ្យកម្មករនិយោជិតទាំងអស់អាចមើលបាន ។
សរុបមក បទបញ្ជាផ្ទៃក្នុង គឺជាវិធានសម្រាប់គ្រប់គ្រងដល់ដំណើរការទូទៅរបស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់ការងារ ។ ជាទូទៅក្រៅពីការបង្កើតបទបញ្ជាផ្ទៃក្នុង និយោជកត្រូវយកបទបញ្ជាផ្ទៃក្នុងទៅចុះទិដ្ឋាការស្របតាមការកំណត់របស់ក្រសួង តាមរយៈការស្នើសុំនៅក្នុង “ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ LACMS” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយត្រូវបំពេញរាល់បែបបទនៃការស្នើសុំ ព្រមទាំងបង់សេវាសាធារណៈដែលបានកំណត់ដោយក្រសួង ៕
រៀបរៀងដោយ៖ កញ្ញា តេង ស្រីអូន ជាជំនួយការមេធាវី និង ជាប្រធានរដ្ឋបាលនៃការិយាល័យមេធាវី ប៊ីធី (BT Law Office) មានអាសយដ្ឋានផ្ទះលេខ៤៥អ៊ី 8+9 ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, ទូរសព្ទទំនាក់ទំនងលេខ 012 589 111/096 320 8888 ហ្វេសបុកផេក៖ BT Law Offcie