BY | pichey | / | 28-08-2024 | / | 17 |
គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តអនុវត្តកម្រិតទ្រនាប់ដើមទុនខនស៉ើវេសិន.............
រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តអនុវត្តកម្រិតអនុបាតទ្រនាប់ដើមទុនខនស៊ីវេសិន អត្រាប្រាក់បម្រុងកាតព្វកិច្ចជា រូបិយប័ណ្ណ និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញជូនអតិថិជន។
ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង និងសូមជម្រាប លោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តទៅនេះហៅថា “គ្រឹះស្ថាន” ឱ្យបានជ្រាបថា ដើម្បីផ្តល់លទ្ធភាព បន្ថែមឱ្យគ្រឹះស្ថានបញ្ចេញឥណទាន សំដៅចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃ កម្ពុជា សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថាន៖
ក. បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹមកម្រិត ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
ខ. បន្តអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ ត្រឹមកម្រិត ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង
គ. រៀបចំឥណទានឡើងវិញជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ស្របតាមលក្ខខណ្ឌកំណត់ក្នុងសារាចរណែនាំដោយឡែក។
គ្រឹះស្ថានត្រូវបញ្ចេញឥណទានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវ
កំណើនប្រកបដោយចីរភាព និងរួមចំណែករក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថិរភាពប្រព័ន្ធធនាគារ និងប្រសិទ្ធភាពនៃការអនុវត្ត វិធានការអនុគ្រោះខាងលើ។
ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
|