BY | pichey | / | 20-08-2024 | / | 41 |
ឯកឧត្ដម គួច ចំរើន ចេញលិខិតព្រមានលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត នៅស្រុកស្អាង និងក្រុងតាខ្មៅទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាព និងមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ
ខេត្តកណ្ដាល៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានចេញលិខិតមួយជម្រាបមកលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ក្នុងកម្មវត្ថុស្ដីពី ការព្រមានទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាងនិងក្រុងតាខ្មៅ។
យោង៖ ប្រកាសលេខ ០៩២ MIH/២០១៩ ចុះថ្ងៃទី២០ ខែមីនាឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
បើតាមឯកឧត្តម គួច ចំរើន សុំជម្រាបជូនលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតជ្រាបថា រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាព ស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរឃុំស្រុកខេត្តធ្លាប់បានដោះស្រាយជាច្រើនលើកច្រើនសា ប៉ុន្តែបញ្ហានេះអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ណារី ម្ចាស់អាជីវកម្មទឹកស្អាតអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងដែនអាជ្ញាប័ណ្ណរបស់ខ្លួនឲ្យបានល្អប្រសើរដោយទុករយៈពេលមួយខែដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើ ប្រសិនបើមិនកែប្រែរដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់តាមនីតិវិធីជាធរមាន។
|