BY | Heach | / | 18-07-2024 | / | 65 |
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំធនាគារជាតិនៃកម្ពុជា សិក្សាករណីលុយដុល្លារចាស់ និងដាច់បន្ដិចបន្តួច ដើម្បីកុំឱ្យលំបាកនូវការចាយវាយ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៤
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃរាជាណាចក្រកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជន ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។
នាឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ពីការលំបាករបស់ពលរដ្ឋខ្មែរ ក្នុងការចាយវាយលុយដុល្លារ ក្នុងករណីមានការដាច់រហែក និងកចាស់។
ពីពិធីនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំធនាគារជាតិទម្លាក់លក្ខខណ្ឌមួយចំនួន ចំពោះការចាយវាយក្រដាសប្រាក់ដុល្លារ ដែលមានភាពទក់ ឬមានស្នាមតិចតួច ដើម្បីផ្តល់ភាពងាយស្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋជាដើម។
សម្ដេចធិបតី មានប្រសាសន៍ថា «សូមឱ្យធនាគារពាណិជ្ជ ធនាគារឯកជន ចូលរួមផង អារឿងលុយដុល្លារពិបាកយក អាហឹ្នងវាពិបាក (លុយរហែក) បើថា លុយវាក្លែងក្លាយចុះ អាហ្នឹងរឿងមួយ បើលុយវាខ្ទេចខ្លាំងវារឿងមួយ ប៉ុន្ដែពេលខ្លះយើងដាក់លក្ខខណ្ឌកំណត់តិចពេក គ្រានតែដាច់តិច មិនឲ្យយក កាត់ទឹក ដ៏ចឹងវាលំបាក កន្លែងលក់គាត់យកអត់បាន ពេលទៅដូរធនាគារ ធនាគារកាត់ទឹក ។ ចឹងគាត់ត្រូវកាត់ទឹកឲ្យភ្ញៀវ ចឹងភ្ញៀវរអ៊ូថា លុយហេតុអីក៏មកចាយក៏លំបាកម៉េស។ ឥឡូវ ខ្ញុំ សូមឲ្យធ្វើម៉េចលោកជំទាវ (លោកជំទាវ ជា សិរី ប្រធានធនាគារជាតិ) ធ្វើការជាមួយធនាគារ ហើយសុំធនាគារពាណិជ្ជ យោគយល់»។
ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ត្រូវធ្វើយ៉ាងណាបង្កការងាយស្រួលដល់ភ្ញៀវទេសចរបរទេស ព្រោះជាការងារសំខាន់សម្រាប់ជួយវិស័យទេសចរណ៍ ដោយត្រូវទទួលបដិសណ្ឋារកិច្ចឲ្យបានល្អ ជាពិសេសនៅពេលភ្ញៀវចុះពីយន្តហោះចូលព្រលាន៕ ផ្សាយដោយ៖ តេង ស្រីអូន
|