តែទោះជាយ៉ាងណាក៏ដោយ សម្តេចធិបតី បានណែនាំឱ្យ វិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកខ្លួន ជាពិសេស លើផ្នែកអភិបាលកិច្ច និងចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជន ។
ឆ្លៀតនាឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានខិតខំជំរុញកិច្ចសហការឱ្យកាន់តែបុរេសកម្ម និង រស់រវើក ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអភិវឌ្ឍ និងវឌ្ឍនភាពនៃវិស័យសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្មនៅកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី បានអរគុណចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខដុមនីយកម្មរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន តាមរយៈសកម្មភាពការងារទាំងឡាយ គួរឱ្យកត់សម្គាល់ ។
សូមបញ្ជាក់ផងដែរថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម ក្រោមប្រធានបទ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យម ដើម្បីកំណើនកាន់តែប្រសើរ (Better MSMEs Ecosystem for Better Growth)» ដែលត្រូវបានសហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា(FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម នៅកម្ពុជា ក្នុងគោលបំណងអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី១ ឆ្នាំ២០២៤ និងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងផលិតករក្នុងស្រុកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កម្មវិធីសំណេះសំណាលនេះ មានការចូលរួមពីតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ប្រមាណជិត ៥.០០០ នាក់ មកពីបណ្តារាជធានី-ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលភាគច្រើនជាសហគ្រាសកម្មន្តសាលស្បៀង និងម្ហូបអាហារ នៃសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីជាផ្លូវការចំនួន ៤៤.៥៥០ មូលដ្ឋាន
អ្វីដែលគួកត់សម្គាល់មួយទៀតនោះគឺ មានការដើរបង្ហាញម៉ូតរួមទាំងកាន់ផលិតផលខ្មែរល្បីៗមួយចំនួនធំដែលជាឪកាស់ក្នុងការបង្ហាញថាខ្មែរយើងមានផលិតផលជាច្រើនដែរបានផលិតនិងមានគុណភាពផងអាចទទួលយកបាន៕ ដោយ៖ ស្រីអូន