ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ ៖
-
ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន
-
ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទ
-
ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
-
កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
-
លិខិតមានលក្ខណៈគតិយុត្ត ដូចជា ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន
ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។
តើឯកសារភ្ជាប់ក្នុងការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ មានអ្វីខ្លះ ?
ការស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
- ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារពីមន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងឯកសារពាក់ព័ន្ធនានា ដូចតទៅ ៖
+បំពេញពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (PT 02) (០១ ច្បាប់)
+វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (Ci LMAP)
+លិខិតលក់ផ្តាច់
+អត្តសញ្ញាណប័ណ្ណ អ្នកផ្ទេរកម្មសិទ្ធិនិងអ្នកទទួលកម្មសិទ្ធិ
+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
+ព័ត៌មានក្បាលដី
+កំណត់បង្ហាញរបស់សុរិយោដី
+ទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី
+កិច្ចសន្យាទិញ-លក់ ឬសាលក្រម ឬស.ជ.ណ និងលក្ខន្តិកៈក្រុមហ៊ុន សម្រាប់ក្រុមហ៊ុន និងសហគ្រាស
- ចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារបញ្ជាក់ ពី មេឃុំ ចៅសង្កាត់ អភិបាលក្រុង ស្រុក ខណ្ឌ ដូចតទៅ៖
+ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
+សេចក្តីជូនដំណឹងស្តីពីការចុះវាស់វែងអចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
+កំណត់ហេតុស្តីពីការចុះពិនិត្យវាស់វែងអចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
+លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី
+អត្តសញ្ញាណប័ណ្ណ អ្នកផ្ទេរសិទ្ធិនិងអ្នកទទួលសិទ្ធិ
+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
+កិច្ចសន្យាទិញ-លក់ ឬសាលក្រម ឬស.ជ.ណ និងលក្ខន្តិកៈក្រុមហ៊ុន សម្រាប់ក្រុមហ៊ុន និងសហគ្រាស
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៥០៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា
តើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យត្រូវបង់នៅពេលណា ?
អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធប្រថាប់ត្រាឱ្យបានគ្រប់ក្នុងរយៈពេល៣ខែចំពោះ៖
-
អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនសំណុំឯកសារផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យនោះ
-
អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនសំណុំឯកសារផ្ទេរ សិទ្ធិកាន់កាប់អចលនទ្រព្យរបស់ មេឃុំ/ចៅសង្កាត់ ឬក្រុង/ស្រុក/ខណ្ឌ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធនឹងការ ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យនោះ។
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៖
យោងតាមប្រកាសលេខ ៥០៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា