BY | moeun | / | 08-11-2018 | / | 541 |
កីឡាករពិការកម្ពុជា នាំយកមេដាយមាស១គ្រឿង ពីការប្រកួតយុវជនកម្រិតអាស៊ី នៅប្រទេសកូរ៉េខាងត្បូង
ភ្នំពេញ៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ -កីឡាករពិការហែលទឹក យ៉ុន មួយ បានឈ្នះមេដាយមាស១ គ្រឿងពីការប្រកួតយុវជន អាស៊ី នៅប្រទេសកូរ៉េខាងត្បូង និងបានវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលទទួលបានការស្វាគមន៍លើកទឹកចិត្ត ដោយផ្ទល់ពីឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាAKP។
លោក យី សុភ័ក្រ្តា ប្រធានប្រតិភូដឹកនាំអត្តពលិកពិការនៃគណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍យុវជនកីឡាជនពិការអាស៊ី នៅប្រទេសកូរ៉េត្បូង ឆ្នាំ២០១៨នេះ គឺគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូនអត្តពលិក២នាក់ទៅចូលរួម គឺកីឡាករ យ៉ុន មួយ និង កីឡាករ ឈឿន កុសល ហើយជាលទ្ធផល កីឡាករ យ៉ុន មួយ ដណ្តើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រ។ លោកបន្ដថា ការ ប្រកួតនេះមាន៨ប្រទេសចូលរួម ដែលមាន៣ប្រភេទកីឡា ហើយក្រៅពីការប្រកួត គ្រូម្ចាស់ ផ្ទះកូរ៉េបានបង្វឹកដល់អត្តពលិកកម្ពុជាដែរ ដែលលោកអះអាងថាកីឡាករកម្ពុជាកើនឡើង បច្ចេកទេសគួរឱ្យកត់សម្គាល់៕
|