ដំណាក់ទីពីរនេះ មានចំងាយប្រមាណ ២,៧ គីឡូម៉ែត្រពីជំរំទីមួយ កំពស់ប្រមាណ ១១៨០ ម៉ែត្រពីជើងភ្នំ និងប្រើពេលដើរឡើងប្រមាណ ៤-៥ ម៉ោង ពីជំរំទីមួយ។ ចំពោះដំណាក់ទីពីរនេះ ភ្ញៀវទេសចរត្រូវឆ្លងកាត់ឡើងចុះភ្នំចំនួនពីរ ដោយត្រូវដើរឆ្លងកាត់ព្រៃឈើតូចៗ ព្រៃឬស្សី មុននឹងបន្តដើរកាត់ព្រៃក្រាស់ៗដែលមានដើមឈើធំៗ ដើម្បីទៅដល់ជំរំទីពីរ។ ទិដ្ឋភាពនៅជំរំទីពីរនេះ មានលក្ខណស្រស់ស្អាត ហ៊ុំព័ទ្ធដោយដើមឈើធំៗ ដែលស្ទើរតែពន្លឺព្រះអាទិត្យក៏ចាំងចូលពុំដល់ ហើយបរិយាកាសពេលរាត្រីពិតជាកាន់តែប្លែក ដោយសារពេលយប់អាកាសធាតុចុះត្រជាក់ខ្លាំង។ ដំណាក់ទីពីរនេះ មានភាពលំបាកកំរិតមធ្យមធៀបនឹងដំណាក់ទីមួយ ស័ក្កសមសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការផ្សងព្រេងកម្រិតមធ្យម (កំរិតទីពីរ)។ ដូច្នេះ បើសិនមកដល់ដំណាក់ទីមួយ ភ្ញៀវទេសចរអាចជ្រើសរើសថាតើគួរបន្តដំណើរទៅដំណាក់ទីពីរ ឬត្រលប់ចុះទៅជើងភ្នំវិញ។
បន្ទាប់មក ភ្ញៀវទេសចរត្រូវបន្តប្រមាណ ៣ ម៉ោងទៀត ដើម្បីឡើងដល់កំពូលភ្នំ។
សព្វថ្ងៃនេះយើងសង្កេតឃើញថា ការដើរព្រៃ ឡើងភ្នំ បោះជំរំ ជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏មានសក្តានុពលសម្រាប់កម្ពុជា។
ប្រភព: ក្រសួងទេសចរណ៏