គួរឲ្យកត់សម្គាល់ ដើម្បីទទួលបាននូវកម្រៃជើងសារច្រើន មានបុគ្គលមួយចំនួនបានធ្វើការគៀងគរបងប្អូនសាច់ញាតិ និងមិត្តភក្ដិរបស់ខ្លួនដើម្បីទៅចូលរួមស្ដាប់ការពន្យល់ណែនាំពីក្រុមហ៊ុន និងទិញផលិតផលក្រុមហ៊ុនដើម្បីមានឱកាសក្លាយជាដៃគូរកស៊ីជាដើម។ តាមការសង្កេតតម្លៃផលិតផលរបស់ក្រុមហ៊ុនទាំងនោះគឺមានតម្លៃខ្ពស់ខ្លាំងណាស់ ប្រសិនបើប្រៀបធៀបទៅនឹងតម្លៃទីផ្សារធម្មតា ប៉ុន្ដែវាមិនមានអ្វីចម្លែកឡើយចំពោះតម្លៃនេះ ត្បិតក្រុមត្រូវកាត់នូវកម្រៃជើងសារដល់អ្នកណែនាំអតិថិជនទៅទិញ។
តើ Multi-level-marketing (MLM) ក្នុងទម្រង់បោកប្រាស់ស្របច្បាប់នោះគឺជាអ្វី?
បណ្តាញទីផ្សារ ឬជាភាសាអង់គ្លេស Network Marketing អាចឲ្យអ្នកកើបលុយបានជាច្រើនបើអ្នកប្រើវាចំឱកាស។ ជាទូទៅវាសំដៅលើបណ្តាញទីផ្សារដោយផ្ទាល់ ដែលភាសាអង់គ្លេសហៅថា Multi-level-marketing (MLM) ដែលជាវិធីរកលុយមួយ ដែលគេតែងតែអូសទាញមនុស្សឲ្យចូលរួមជាមួយពួកគេ តាមរយៈការផ្សាយគ្រប់រូបភាពថា មិនតម្រូវឲ្យមានសមត្ថភាពខ្ពស់ ជំនាញពិតប្រាកដ និងទំហំវិនិយោគច្រើន។ ហើយពួកអ្នកបង្កើតវាឡើង ចូលចិត្តសន្យា និងនិយាយផ្តោតតែអំពីការរកប្រាក់ចំណូលពីការចូលរួមនោះ ជាការចាក់មនោគមន៍ឲ្យមនុស្សដែលមិនសូវមានការយល់ដឹងខ្ពស់ទាំងនោះជឿស្លុងលើគម្រោងប្រាក់ចំណេញរបស់ពួកគេ។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនលក់ផលិតផលដែលអះអាងថាមានប្រភពមកពីអាមេរិក និងថ្មីៗនេះមានក្រុមហ៊ុនមកពីម៉ាឡេស៉ីមួយក៏កំពុងតែប្រើបណ្តាញទីផ្សារ MLM នេះដែរ។ ការប្រើប្រាស់ផលិតផលជាកូនអុកនេះ ទោះបីវាមិនមែនជាការបោកប្រាស់ពេញតួរក៏ដោយ ប៉ុន្តែវាអាចជាការបោកប្រាស់ស្របច្បាប់ មានន័យថាមនុស្សយល់ព្រមឲ្យគេបោកដោយមិនដឹងខ្លួន។
ដំបូងពួកគេបានបង្កើតគម្រោងប្រាក់ចំណេញដែលភាគច្រើនបានពីការលក់ផលិតផល និងលុយទឹកតែពីការអូសទាញអ្នកផ្សេងចូលបណ្តាញ។ បន្ទាប់មកពួកគេចាប់ផ្តើមបើកសិក្ខាសិលាបណ្តុះបណ្តាលផ្សេងៗដោយដាក់ចំណងជើងថា “វគ្គបណ្តុះបណ្តាលវិធីរកលុយតាមអនឡាញ (Facebook, Instagram, line…)” “វគ្គបណ្តុះបណ្តាលរបៀបបើកអាជីវកម្មដោយមិនប្រើដើម” និងប្រធានបទជាច្រើនទៀត ប៉ុន្តែការបង្រៀនទាំងនោះគឺបង្រៀនឲ្យលក់ផលិតផលជាបណ្តាញរបស់គេនោះឯង។ ក្រោយមកអ្នកដែលចូលរួម ហើយត្រូវមនោគមន៍ចាក់ទឹកមិនលិចរបស់ក្រុមអ្នកបង្កើតបណ្តាញទាំងនោះ ចុះឈ្មោះចូលរួមដោយបង់ប្រាក់ចូលជាសមាជិក រួចគេឲ្យទិញផលិតផលស្តុក ឬអាចរកអ្នកទិញបានសិនចាំយកផលិតផលទៅ ដោយគេមានកន្លែងឲ្យធ្វើការ ហើយការងារទាំងនោះគ្មានអ្វីក្រៅពីខល បង្ហោះរូបភាពស្វែងរកអ្នកចូលរួមគ្រប់រូបភាព Liveវីឌីអូ អូសទាញមិត្តភក្តិ បងប្អូន សាច់ញាតិឲ្យចូលរួមបណ្តាញ និងទិញផលិតផល។
ទោះជាយ៉ាងណាក្ដី មានប្រជាពលរដ្ឋខ្មែរមួយចំនួនធំធ្លាប់បានរងគ្រោះដោយសាររបរនេះ បានអំពាវនាវឲ្យបងប្អូនដែលកំពុងតែមានឈ្មោះជាដៃគូររកស៊ីជាមួយក្រុមហ៊ុនទាំងនោះ មេត្តាពិចារណា ពីការប្រកបអាជីវកម្មរបៀបនេះ ព្រោះលោកអ្នកនឹងទទួលនូវផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន។
Credit: សោភា ផាវិ
ប្រភព: Facebook