BY | Bongvy | / | 12-12-2019 | / | 791 |
ស្វែងយល់អំពី វិធីត្រួតពិនិត្យថ្នាំពេទ្យមុននឹងយកមកប្រើប្រាស់
មនុស្សគ្រប់ៗរូបសុទ្ធតែដឹងហើយថាថ្នាំពេទ្យ គឺជាអាវុធមុខពីរ ប្រសិនបើយើងប្រើប្រាស់វាមិនបានត្រឹមត្រូវនោះ និងធ្វើអោយយើងកាន់តែឈឺធ្ងន់ធ្ងរឡើងៗ និងអាចឈានទៅដល់ការបាត់បង់ជីវិតក៏មាន។
ហើយ ទម្រាំតែប្រើប្រាស់ថ្នាំពេទ្យក្លែងក្លាយទៀតនោះ តើវាមានផលប៉ះពាល់យ៉ាងណាខ្លះទៅដល់សុខភាពរបស់ប្រជាជនខ្មែរទូទាំងប្រទេស? នៅត្រង់ចំណុចនេះ វារឹតតែបង្ហាញអោយកាន់តែច្បាស់ថាមនុស្សសម័យឥឡូវតិចឈឺនេះ តិចឈឺនោះ ហើយឈឺជំងឺប្លែកៗទៀតផង។
កត្តាដែលបណ្តាលអោយមានជំងឺបណ្តាលមកពី អាកាសធាតុ ,ការរស់នៅ និងការបរិភោគអាហារ មួយចំនួនដែលមានសារធាតុគីមី និងជាពិសេសទៀតនោះក្នុងការប្រើប្រាស់ថ្នាំពេទ្យក្លែងក្លាយដែលកំពង់ចរាចរណ៍លើទីផ្សារខុសច្បាប់ កត្តាទាំងនេះវាជាការរួមចំណែកបំផ្លាញសុខភាពប្រជាពលរដ្ឋបន្តិចម្តងៗ ដោយមិនដឹងខ្លួន។ មនុស្សមួយចំនួនមិនអាចរស់ដោយគ្មានថ្នាំពេទ្យបាននោះទេ ហើយក៏ត្រូវប្រើប្រាស់ជាប្រចាំផងដែរ ដើម្បីរក្សាស្ថានភាពជំងឺរបស់ខ្លួនឲ្យនៅសភាពធម្មតា។ ប៉ុន្តែករណីខ្លះប្រើយូរៗទៅ គឺកាន់តែឈឺច្រើនឡើងៗ រហូតបាត់បង់ជីវិតក៏មាន។
ម្លោះហើយប្រជាពលរដ្ឋខ្លួនឯងគួរតែគិតពិចារណា ថាក្នុងករណីណាគួរតែប្រើថ្នាំពេទ្យ ហើយករណីណាមិនគួរប្រើប្រាស់ ព្រោះផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពេទ្យក្លែងក្លាយនិងខុសវេជ្ជបញ្ជានោះ អាចធ្វើអោយយើងឈឺធ្ងន់ធ្ងរឡើងហើយបំផ្លាញសរីរាង្គណាមួយក្នុងខ្លួនរបស់យើងទាំងមិនដឹងខ្លួន។បើយោងតាមច្បាប់បុគ្គលណាដែលផលិត ចែកចាយឱសថ ក្លែងក្លាយនោះនិងត្រូវមានទោស តាមច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងវិសោធនកម្មស្តីពីការគ្រប់គ្រងឱសថ។
ក្រសួងពាក់ព័ន្ធនានាគួរតែចូលរួមបង្កើនការអប់រំដល់ ប្រជាពលរដ្ឋឲ្យបានយល់ដឹងកាន់តែច្បាស់ពីការត្រួតពិនិត្យមើលឱសថក្លែងក្លាយ តាមរយៈ ការចុះអប់រំតាមមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងតាមខេត្ត រាជធានីអោយបានទូលំទូលាយ ដោយឡែកយើងត្រូវធ្វើការផ្សព្វផ្សាយនានាតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមហ្វេសប៊ុកជាដើម ដើម្បីឲ្យប្រជាជនយល់ដឹង និងជ្រាបកាន់តែច្បាស់ពីការប្រើប្រាស់(ថ្នាំពេទ្យ)។
ក្រៅពីនេះក្រសួងពាក់ព័ន្ធនានា ដែលរួមមានដូចជាមន្ត្រីគយ មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ត្រីត្រួតពិនិត្យផលិតផលក្លែងក្លាយ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ និងមន្ត្រីមកពីក្រសួងសុខាភិបាល គួរតែពន្លឿនការងាររបស់ខ្លួនដើម្បីទប់ស្កាត់ និងបង្កា ផលិតផលក្លែងក្លាយទាំងនោះ។ បង្កើនការត្រួតពិនិត្យនៅតាមឱសថស្ថាននានា មិនថា នៅក្នុងទីក្រុងភ្នំពេញនោះទេ គឺសូម្បីតែនៅតាមបណ្តាខេត្ត និងតំបន់ដាច់ស្រយ៉ាលនានាផងដែរ។
ប្រជាជនកម្ពុជាគួរតែយល់ដឹងឲ្យបានច្បាស់ពីការប្រើប្រាស់ថ្នាំពេទ្យ។ ប្រសិនបើដឹងថាជំងឺរបស់ខ្លួន ត្រូវនឹងថ្នាំណាមួយហើយនោះ អាចទៅរកទិញបានទៅតាមឱសថស្ថានដែលមានស្លាកយីហោត្រឹមត្រូវ។ ហើយនៅពេលដែលទិញថ្នាំក៏ត្រូវពិនិត្យមើលការវេចខ្ចប់ អក្សរនៅលើសំបកថ្នាំ និងកាលបរិច្ឆេទប្រើប្រាស់ឲ្យបានច្បាស់លាស់ផងដែរ។ ប៉ុន្តែបើមិនទាន់ដឹង ឬក៏មិនទាន់ច្បាស់ថាខ្លួនមានជំងឺអ្វីឲ្យប្រាកដនោះទេ ត្រូវទៅរកគ្រូពេទ្យពិនិត្យ និងពិគ្រោះជំងឺជាមុនសិន ដើម្បីទទួលបានវេជ្ជបញ្ជា ពីគ្រូពេទ្យដើម្បីយកទៅទិញថ្នាំមកប្រើប្រាស់អោយមានប្រសិទ្ធភាព។
|