BY | Bongvy | / | 27-06-2019 | / | 749 |
ការពិតពីជំងឺមហារីកមាត់ស្បូន និងការ ការពារដែលយើងចាំបាច់ត្រូវតែយល់ដឹង !!
នៅឆ្នាំ 2018 ស្ត្រីប្រហែល 311.000 នាក់ ទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺមហារីកមាត់ស្បូន។ ជាង 85% នៃការស្លាប់ទាំងនេះកើតមាននៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម។
ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងនៃការស្លាប់នៃជំងឺមហារីកក្នុងចំណោមស្ត្រីនៅក្នុងប្រទេសកម្ពុជា។ ស្ត្រីប្រមាណជា 1500 នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកមាត់ស្បូនហើយយ៉ាងហោចណាស់មានស្ត្រីចំនួន 900 នាក់បានស្លាប់ដោយជំងឺនេះជារៀងរាល់ឆ្នាំ។
តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?
ជំងឺមហារីក មាត់ស្បូនជាជម្ងឺមហារីកម្យ៉ាងដែលធ្វើអោយមានការប្រែប្រូលខុសពីធម្មតានៅតំបន់តំណរភ្ជាប់រវាងកោសិកាខាងក្នុងនិងខាងក្រៅនៅមាត់ស្បូន, នៅពេលដែលវាស៊ីចូលជ្រៅទៅខាងក្នុងកោសិការមាត់ស្បូន ហើយអាចរាលដាលទៅកាន់សរីរាង្គផ្សេងទៀត(metastasis) ដូចជា សួត , ថ្លើម , ប្លោកនោម និងក្រសាល់គូទជាដើម។
ទោះបីជាយ៉ាងណាក៏ដោយជម្ងឺនេះវាមានការវិវត្តន៏យឺត ដោយចាប់ផ្តើមពីការបំរែបំរួលកោសិកាជាមុនសិន។ ស្រ្តីភាគច្រើនអាចដឹងរោគវិនិច្ឆ័យនែការប្រែប្រួលកោសិការនៅចន្លោះអាយុ ពី ២០ ទៅ ៣០ ឆ្នាំ ក៏ប៉ុន្តែអាយុជាមធ្យមដែលអាចធ្វើរោគវិនិច្ឆ័យថាកើតជំងឺមហារីកមាត់ស្បូន គឺនៅខ្ទង់អាយុ ៥០ ឆ្នាំ។
តើជំងឺនេះបណ្តាលមកពីមូលហេតុអ្វី?
មូលហេតុចំបងនៃជំងឺនេះបណ្តាលមកពីមេរោគម្យ៉ាងឈ្មោះ HPV (Human Papilloma Virus)។
មេរោគ HPV ជាមេរោគម្យ៉ាងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរូមភេទ។ មេរោគនេះមានរហូតដល់ជាង ១០០ ប្រភេទ ហើយមាន១៤ប្រភេទ ដែលអាចបង្កឲ្យកើតមហារីក (WHO, 2019)។ ទោះបីជាយ៉ាងណាក៏ដោយមេរោគនេះអាចចេញជារោគសញ្ញាមួយចំនួនដូចជា:
- ដុះសិរមាន់នៅប្រដាប់ភេទ
– ការប្រែប្រួលកោសិការតំបន់មាត់ស្បូនជាដើម។
– ក្រៅពីមេរោគ HPV នៅមានមូលហេតុផ្សេងទៀតដែលអាចបណ្តាលអោយកើតជម្ងឺមហារីកមាត់ស្បូនផងដែរ។
តើអ្នកណាខ្លះដែលមានការប្រឈមមុខខ្ពស់ក្នុងការកើតជម្ងឺមហារីកមាត់ស្បូន?
យើងពិតជាចង់ដឹងណាស់ថាក្រៅពីមេរោគ HPV តើមានអ្នកណាខ្លះដែលមានការប្រឈមមុខខ្ពស់ ទៅនឹងជម្ងឺដ៏កាចសាហាវនេះ។ ស្រ្តីដែលមានការប្រឈមមុខខ្ពស់មានដូចជា :
-ស្រ្តីដែលឆាប់រួមភេទនៅវ័យក្មេងពេក ( ក្រោមអាយុ ២០ ឆ្នាំ)
-ស្រ្តីដែលធ្លាប់មានតេស្ត Pap Smear មិនធម្មតាពីមុន
-ស្រ្តីដែលមានបងប្អូនធ្លាប់កើតជំងឺមហារីកមាត់ស្បូន
-ស្រ្តីដែលមានដៃគូរួមភេទច្រើន ឬដៃគូមានដៃគូច្រើន
-ស្រ្តីដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
-ស្រ្តីដែលជក់បារីជាដើម
-អ្នកផ្ទុកមេរោគអេដស៍និងកើតជំងឺអេដស៍
*តើមានវិធីអ្វីខ្លះដើម្បីការពារជំងឺមហារីកមាត់ស្បូន?
ជាការពិតណាស់ ទោះបីជាជំងឺនេះកាចសាហាវដែលអាចបណ្តាលអោយស្លាប់បាន ក៏ប៉ុន្តែយើងអាចមានវិធីបង្ការ និងការពារវាបានដោយ ការចាក់វ៉ាក់សាំងបង្ការជម្ងឺមហារីកមាត់ស្បូនអោយបានត្រឹមត្រូវ និង ការធ្វើតេស្តស្រាវជ្រាវរកការប្រែប្រូលកោសិកាមាត់ស្បូនអោយបានទៀងទាត់។
|