BY | Bongvy | / | 26-05-2019 | / | 747 |
អាជ្ញាធរបារាំងហាមមិនឱ្យក្មេងៗ និងស្ត្រីមានផ្ទៃពោះ ប្រើថ្នាំ Smecta ទេដោយសារតែ…
Smecta គឺជាប្រភេទថ្នាំម្សៅលាយទឹក ប្រឆាំងអាការៈរាករូស ឈឺពោះវៀន យ៉ាងមានប្រសិទ្ធភាព ប៉ុន្តែអាជ្ញាធរសុខាភិបាលបារាំង ចេញសេចក្ដីណែនាំ ហាមមិនឱ្យក្មេងក្រោមអាយុពីរឆ្នាំ និងស្រ្តីមានផ្ទៃពោះទទួលទាននោះទេ។ មូលហេតុ គឺដោយសារគេឃើញមានជាតិសំណរនៅក្នុងថ្នាំនេះ ហើយអាចធ្វើឱ្យទារកតូចៗ និងស្ត្រីមានផ្ទៃពោះពុលបាន ប៉ុន្តែសម្រាប់កុមារអាយុ ២ឆ្នាំឡើង និងមនុស្សពេញវ័យ អាចបន្តប្រើប្រាស់បានជាធម្មតា។ថ្នាំស្មិចតា ថ្នាំប្រឆាំងនឹងការរាករូស ដែលមានប្រើច្រើន និងយ៉ាងទូលំទូលាយ នៅប្រទេសបារាំង ក៏ដូចជានៅប្រទេសកម្ពុជាដែរ។ ប៉ុន្តែកាលពីដើមខែមីនាកន្លងទៅថ្មីៗនេះ ភ្នាក់ងារសុខាភិបាលបារាំង បានចេញសេចក្តីណែនាំមិនឱ្យឪពុកម្តាយផ្តល់ថ្នាំ Smecta ដល់ទារកអាយុក្រោម២ឆ្នាំប្រើទេ។ ចំណែកស្ត្រីមានផ្ទៃពោះ ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដែរ។
ភ្នាក់ងារសុខាភិបាលបារាំងធ្វើការសម្រេចចិត្តបែបនេះ ដោយយោងទៅលើការសិក្សាអង្កេតអន្តរជាតិមួយ ស្តីអំពីកំរិតទាបបំផុតនៃជាតិសំណរដែលអាចបង្កជាតិពុលសំណរ។ នៅក្នុងថ្នាំស្មិចតា ដែលផលិត ចេញពីដីឥដ្ឋ គេសង្កេតឃើញមានជាតិសំណរ ដ៏តិចតួចបំផុតមែន តែវាអាចប៉ះពាល់ដល់សុខភាពទារក និងកូននៅក្នុងផ្ទៃ។ នេះជាអនុសាសន៍ណែនាំ បង្ការទុកជាមុន ព្រោះការពារវាប្រសើរជាងព្យាបាល។ ហើយរហូតមកទល់នឹងពេលនេះ គេពុំដែលធ្លាប់ជួបឬឃើញមានករណីពុលជាតិសំណរដោយការប្រើថ្នាំស្មិចតា នៅឡើយទេ។
សំណរអាចជ្រាបចូលក្នុងខ្លួនយើងតាមផ្លូវដង្ហើម និងផ្លូវរំលាយអាហារ។ ពុលសំណរជាជំងឺដែលកើតឡើងដោយស្ងៀមស្ងាត់ ដោយធ្វើឱ្យអ្នកជំងឺមានការហេវហត់ ឈឺក្បាល ភ្លេចភ្លាំងច្រើន រាករូស ក្តៀន ឈឺពោះ មិនឃ្លានអាហារ រសាប់រសល់ គេងមិនលក់។ យូរទៅអាចធ្វើឱ្យអ្នកជំងឺស្លេកស្លាំង ឡើងឈាម មានជំងឺបេះដូង និងក្រលៀន និងបាត់បង់ជីវិតតែម្តង បើជាតិសំណរមានច្រើនជ្រុលក្នុងខ្លួន។
ចំពោះកុមារ ជាតិសំណរនឹងធ្វើឱ្យក្មេងទន់ខ្យោយ លូតលាស់មិនត្រឹមត្រូវ។ ស្ត្រីមានផ្ទៃពោះ មិនអាចរក្សាគ៌ភបានត្រឹមត្រូវ។ ទោះបែបនេះក្ដី កុមារ ចាប់ពីអាយុ២ឆ្នាំឡើង អាចប្រើថ្នាំស្មិចតាក្នុងកំរិតបួនកញ្ចប់ក្នុងមួយថ្ងៃ ក្នុងរយៈពេលបីថ្ងៃ និងពីរកញ្ចប់មួយថ្ងៃក្នុងរយៈពេលបួនថ្ងៃ។ មនុស្សធំពេញវ័យ បីទៅ៦កញ្ចប់ក្នុងមួយថ្ងៃ និងយ៉ាងយូរបំផុត៧ថ្ងៃ។ អ្នកមានអាការៈចុក ឬរាគរូស អាចប្រើថ្នាំស្មិចតា នៅមុនពេលទទួលទានអាហារ និងឱ្យបានឆ្ងាយពីការទទួលទានថ្នាំផ្សេងទៀត ព្រោះស្មិចតាអាចស្រូបយកជាតិថ្នាំ និងធ្វើឱ្យការព្យាបាលជំងឺផ្សេងទៀតលែងមានប្រសិទ្ធភាព។នៅពេលមានអាការៈរាករូស យើងបានបាត់ជាតិទឹកអស់ច្រើនណាស់ ដូច្នេះសូមពិសារថ្នាំ និងពិសារទឹកឱ្យបានច្រើន។ ចៀសវាងកុំទទួលទានបន្លែផ្លែឈើស្រស់ អាហារមានជាតិហិរ ទឹកត្រជាក់ខ្លាំង តែសូមជ្រើសរើសពិសារសាច់អាំង និងបាយ បបរ ឱ្យបានច្រើន៕
ប្រភព Angkorfresh.com
|