BY | Bongvy | / | 17-05-2019 | / | 498 |
អ្នកគ្រប់គ្រងថ្មីៗ គួរតែយល់ដឹងគន្លឹះទាំង៥នេះ
មិនថាអ្នកជាអ្នកគ្រប់គ្រងហាងតូចឬធំទេ ប្រសិនបើអ្នកមានបុគ្គលិកធ្វើការនៅក្រោម អ្នកត្រូវតែរៀនពីវិធីគ្រប់គ្រងពួកគេឲ្យបានល្អ ។ ការគ្រប់គ្រងដែលមានប្រសិទ្ធិភាពគឺជាជំនាញមួយដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្មតូចៗផងដែរ ហើយប្រសិនបើអ្នកទើបតែទទួលបានតំណែងនេះដំបូង អ្នកអាចរៀនពីគន្លឹះទាំង ៥ដូចខាងក្រោម ៖
១. ចាប់ផ្តើមថ្ងៃដំបូងឲ្យបានល្អ
ពេលដែលអ្នកជ្រើសបុគ្គលិក អ្នកត្រូវធានាថាថ្ងៃទីមួយដំណើរការទៅដោយរលូន។ តើមាននរណាចាំទទួលពួកគេនិងប្រាប់ពីដំណើរការនៃការងាររបស់ពួកគេឬទេ? តើពួកគេមានសម្ភាៈគ្រប់គ្រាន់ក្នុងការប្រកបការងារទេ? អ្នកត្រូវធានាថាអ្វីគ្រប់យ៉ាងត្រូវបានត្រៀមរួចជាស្រេចដើម្បីឲ្យពួកគេមានអារម្មណ៍ធូរស្រាលនិងអាចប្រកបការងារដោយមានប្រសិទ្ធិភាព ។
២. ប្រាប់ពីអ្វីដែលអ្នកចង់បានឲ្យបានច្បាស់លាស់
តើមូលហេតុអ្វីដែលបង្កឲ្យមនុស្សភាគច្រើនបោះបង់ការងារ? មូលហេតុមួយគឺភាពមិនច្បាស់លាស់នៃអ្វីដែលចៅហ្វាយចង់បាន។ អ្នកអាចទប់ស្កាត់បុគ្គលិកមិនឲ្យឈប់ធ្វើការបានដោយរៀបចំការណែនាំពីអ្វីដែលអ្នកចង់បានពីបុគ្គលិកឲ្យបានច្បាស់លាស់។
បុគ្គលិករបស់អ្នកគួរតែដឹងពីដំណើរការរបស់ពួកគេផងដែរថាពួកគេមានចំណុចល្អនិងចំណុចខ្វះខាតអ្វីខ្លះ? ដូច្នេះអ្នកក៏គួរតែរក្សាទំនាក់ទំនងជាមួយនឹងបុគ្គលិកឲ្យបានច្បាស់លាស់ពីដំណើរការការងាររបស់ពួកគេផងដែរ ។
3. អភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
មនុស្សតែងតែចង់មានអារម្មណ៍ថាពួកគេមានឱកាសលូតលាស់ពេលដែលប្រកបការងារ។ មិនថាផ្តល់ឱកាសឲ្យទៅបុគ្គលិកធ្វើការអ្វីមួយថ្មី ឬអនុវត្តកម្មវិធីបង្កើនសមត្ថភាពអ្វីមួយទេ ការវិនិយោគលើបុគ្គលិកអាចបង្កើនជំនឿទុកចិត្តនិងអាចជំរុញទឹកចិត្តរបស់ពួកគេទៀតផង។
៤. ចែករំលែកការងារ
ពេលអ្នកជាអ្នកគ្រប់គ្រង អ្នកតែងតែចង់ធ្វើអ្វីដោយខ្លួនឯងដែលបង្កឲ្យអ្នកហត់នឿយច្រើន និងប៉ះពាល់ដល់ប្រសិទ្ធិភាពការងារ ឬឱកាសលូតលាស់អាជីវកម្មរបស់អ្នក។ ដូច្នេះពេលដែលអ្នកមានបុគ្គលិកធ្វើការជាមួយ អ្នកគួរតែចែករំលែកការងារឲ្យទៅពួកគេ។
ប៉ុន្តែពេលដែលចែកការងារហើយ អ្នកគួរតែពិចារណាលើកិច្ចការដែលបុគ្គលិកអ្នកកំពុងតែរ៉ាប់រង និងជំនាញរបស់ពួកគេផងដែរដើម្បីកុំឲ្យពួកគេមានការងារច្រើនពេក។
៥. លុបបំបាត់ឧបសគ្គ
វាពិតជាសំខាន់ណាស់ក្នុងការជួយឲ្យបុគ្គលិករបស់អ្នកជោគជ័យ ហើយអ្នកអាចសម្រេចវាបានដោយលុបបំបាត់ឧបសគ្គតាមដែលអាចធ្វើបាន។ អ្នកគួរតែសួរបុគ្គលិកអ្នកជាប្រចាំថាពួកគេត្រូវការអ្វីខ្លះដើម្បីអាចប្រកបការងារពួកគេឲ្យបានល្អប្រសើរជាងមុននិងមានប្រសិទ្ធិភាពជាងមុនជាដើម។ ការជំនៀសឧបសគ្គសម្រាប់បុគ្គលិកប្រៀបដូចជាប្រាប់ដល់បុគ្គលិកអ្នកថាអ្នកខ្វល់ខ្វាយពីពួកគេ និងការប្រកបការងាររបស់ពួកគេផងដែរ ៕
|