BY | Bongvy | / | 09-05-2019 | / | 1937 |
បុណ្យវិសាខបូជាកាន់តែខិតជិតមកដល់! តើដឹងទេថាប្រវត្តិ នឹងកម្មវិធីបុណ្យវិសាខបូជា ប្រារព្ធឡើងក្នុងគោលបំណងដូចម្តេច?
ពិធីកម្មក្នុងព្រះពុទ្ធ សាសនាមានន័យថាជាអំពើទាំងឡាយណា ដែលពុទ្ធបរិសទ័មានសទ្ធារៀបចំតាមបែបផែននីមួយៗទៅតាមគន្លងពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ។ ចំណែកប្រភេទនៃពិធី កម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ? មានដូច ជាបុណ្យវិសាខបូជា បុណ្យមាឃបូជា។ល។ទម្រង់នៃកម្មវិធីត្រូវរៀបចំតុបតែងរចនាក្បូក្បាច់រូបភាពតម្កល់តាំងឧ្យស្របទៅតាមសណ្ឋានទ្រង់ទ្រាយរបស់បុណ្យនិមួយៗដូចជាបុណ្យពិសាខបូជាឬមាឃបូជាត្រូវរៀបចំក្បួនដង្ហែតាមដងវិថីឬក្នុងវត្តពន្ធ័ជុំវិញព្រះហារជាដើម ។
ព្រះសិរីមុនី ស៊ុន ចន្ទសុធា ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តព្រៃវែង និងជាព្រះចៅអធិការវត្តមេ.សប្រចណ្ឌ មានសង្ឃដីកាថា៖ បុណ្យវិសាខបូជា ពាក្យវិសាខ នឹង បូជា ជាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ដែលប្រារព្ធក្នុងហេតុនៃថ្ងៃមហានក្ខត្តឫក្ស៣យ៉ាងគឺ
១- ថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្រង់ប្រសូត ២-ទ្រង់បានបរមាភិសម្ពោធិ គឺបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ .៣- ទ្រង់រំលត់ខន្ធចូលកាន់ បរិនិពា្វន ។
បុណ្យវិសាខបូជា ជាកាបូជាដ៍ពិសេសមួយធ្វើរំឭកដល់ព្រះគុណនៃព្រះពុទ្ធបរមគ្រូ ដែលពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើជារៀងរាល់ឆ្នាំរាប់បានថាជាបុណ្យមួយយ៉ាងធំសម្រាប់ ព្រះពុទ្ធសាសនា ជាពុទ្ធានុស្សរណកិច្ចយ៉ាងសំខាន់សម្រាប់រំឭកឆ្ពោះព្រះពុទ្ធ សមណគោត្តមបរមគ្រូជាម្ចាស់នាថ្ងៃ ពេញបូណ៌មី ថ្ងៃ ១៥ កើត ខែ ពិសាខ ដែលពុទ្ធសាសនិកតែងធ្វើ សក្ការបូជា ប្រកបដោយសទ្ធាសាមគ្គីជាមហាកុសលដ៏ឧត្តុង្គឧត្តមថ្លៃថ្លា។
ព្រះអង្គមានសង្ឃដីកាបន្តថាព្រះពុទ្ធទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញ បូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុន ពុទ្ធសករាជ ៨០ ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និងទេវទហៈ។ ឧទ្យានលុម្ពិនី សព្វថ្ងៃ នេះស្ថិតនៅក្នុងប្រទេស នេប៉ាល់ មាន ចម្ងាយ ២៧គ.ម. ពីព្រំដែននៃប្រទេស ឥណ្ឌា ។ ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃ ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុន ពុទ្ធសករាជ ៤៥ ឆ្នាំ ក្នុងព្រះជន្ម ៣៥ ឆ្នាំ។ ព្រះអង្គទ្រង់ បរិនិព្វាន ក្នុងថ្ងៃ អង្គារ ពេញ បូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែក បច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃ ក្នុងព្រះជន្ម ៨០ ឆ្នាំគត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុង ក្រុងកុសិនារា ។
ជាប្រពៃណី បុណ្យវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថាបុណ្ណមីមានសេចក្តីថាខែពេញ បូណ៌មី ។ ម្យ៉ាងទៀតការប្រារព្ធពិធីក្នុងពេល រាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បី នឹងបានឱកាស អុជ គ្រឿងប្រទីប ជ្វាលា បូជា ភ្លើងអគ្គិសនី ឲ្យភ្លឺ រុងរឿង រន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុស ទាំងស្រី អាចបំពេញ កុសលកម្មនេះដោយសប្បាយរីករាយ ព្រោះ ពេលយប់ជាពេលទំនេរផង។
បុណ្យវិសាខបូជាចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ ក្មេង ប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការ បូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីប ជ្វាលា តូច ធំ អុជ បំភ្លឺព្រោងព្រាត នៅគ្រប់ទីវត្តអារាម មានអារាធនានមន្តធម្មឋិកសម្តែងព្រះធម៌ទេសនាអំពីពុទ្ធប្បវត្តិ តាំងពីដើមរហូតដល់ចប់ បន្ទាប់មកព្រះសង្ឃ និង ឧបាសក ឧបាសិកា ពុទ្ធបរិស័ទក្មេងចាស់ប្រុស្រីស្វាធ្យាយសូត្រធម៌បទផ្សេងៗ ដូចជា នមោ ៨បទ ឋាន ធំ ៨ កន្លែងជាដើម វត្តខ្លះគេប្រារព្ធធ្វើរហូតទល់ភ្លឺតែម្តងតាមលទ្ធភាពនឹងសទ្ធាជ្រៈថ្លា។
ប្រវត្តិ បុណ្យវិសាខបូជា ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើ វិសាខបូជា នៅថ្ងៃពេញបូណ៌មី ខែពិសាខ រៀងៗមកតាំងពីបុរាណកាល។ តាមការស្រាវជ្រាវបានឧ្យដឹងថាបុណ្យ វិសាខបូជាទំនងជាធ្វើ នៅក្រោយពុទ្ធបរិនិព្វាន ច្រើនរយឆ្នាំ។ ប្រទេសឥណ្ឌា និងប្រទេស ស្រីលង្កាបានប្រារព្ធ ពិធីបុណ្យនេះយូរយារណាស់មកហើយ ហើយថ្ងៃមហានក្ខត្តឫក្សនេះប្រជាពុទ្ធបរិសទ័ប្រទេសស្រីលង្កាគេមានសទ្ធាចាត់ចែងទេយ្យទានជូនចែកដោយសេចក្តីដល់គ្នានឹងគ្នាទៅវិញទៅមកតាមគ្រប់ទីកន្លែង។ល។ បញ្ជាក់បន្ថែមឲ្យបានដឹងផងដែរថាសម្រាប់តំបន់នៃប្រទេសសៀម និងប្រទេសខ្មែរ ទើបនឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំ អ្នកមុខ អ្នកកា ទាំងឡាយដំណាលតៗគ្នាបានឲ្យដឹងថាគេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្តេច ព្រះហរិរក្សមារា (ព្រះអង្គដួង) ដែល គង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ មហាប៉ាន ដែលស្តេច សៀម បាន បញ្ជូន មកកាន់ ឧត្តុង្គ តាមសំណើ ព្រះបាទអង្គដួង។ បុណ្យ វិសាខបូជា ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃ បុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិក នៃអង្គការ សហប្រជាជាតិ ជិត ២០០ ប្រទេស បានអនុម័ត ជាឯកច្ឆន្ទ ទទួលស្គាល់ និងចាត់ទុក បុណ្យវិសាខបូជា របស់ព្រះពុទ្ធសាសនា ជា បុណ្យអន្តរជាតិ។
ចុងក្រោយព្រះអង្គមានសង្ឃដីកាថា របៀបធ្វើ វិសាខបូជា មុននឹងប្រកាសវិសាខបូជា
អាចារ្យនាំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ នមស្ការ ព្រះរតនត្រ័យ តាមវិធី រតនប្បណាម សង្ខេប ឬពិស្តារ ហើយសមាទានសីល និមន្តព្រះសង្ឃសម្តែងព្រះធម៌ទេសនារួចសឹមប្រកាស វិសាខបូជា ដូចតទៅនេះ វិធីប្រកាស វិសាខបូជា (លោក អាចារ្យ ត្រូវអានមួយឃ្លាម្តងៗ ដើម្បីឲ្យឧបាសកឧបាសិកានិងពុទ្ធបរិស័ទក្មេងចាសប្រុសស្រីគាត់ថាតាម៕
|