សមាគមពាណិជ្ជកម្មកម្ពុជា(CBA) ដឹកនាំម្ចាស់អាជីវកម្ម ទៅចូលរួមពិព័រណ៍ Secutech ២០១៩នៅកោះតៃវ៉ាន់
(តៃវ៉ាន់)៖ យ៉ាងហោចណាស់ មានម្ចាស់អាជីវកម្មលើវិស័យផ្សេងៗគ្នា ចំនួន ជាង២១ក្រុមហ៊ុនមកពីប្រទេសកម្ពុជា បាន ចូលរួមពិព័រណ៍(Secutech 2019) កោះតៃវ៉ាន់ ប្រទេសចិននៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៩នេះ។
ការចូលរួមនេះ ដឹកនាំដោយ សមាគមពាណិជ្ជកម្មកម្ពុជា នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ ណាងហ្គាង កោះតៃវ៉ាន់ 4F.,Taipei Nangang Exhibition Center,Hall1 Taiwan ប្រទេសចិន។
កញ្ញា សុខ ហេងពេជ្រមុនី ជាជំនួយការ នាយកគ្រប់គ្រង នៃសមាគមពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ចាប់តាំងពី២០១១មក មានពាណិជ្ជករជាច្រើនអ្នកធ្លាប់បានចូលរួមកម្មវិធីនេះ តាមរយៈសមាគមរបស់កញ្ញា។
កញ្ញា បន្តថា ពិព័រណ៍នេះ ផ្តោតសំខាន់លើប្រព័ន្ធសុវត្ថិភាពលំនៅដ្ឋាន,ក្រុមហ៊ុន,រោងចក្រ ។ ល។
អ្នកចូលរួមក្នុងកម្មវិធីនេះ មានមកពីប្រទេសប៉ែកអឺរ៉ុប ចិន ជប៉ុន និងក្នុងតំបន់អាស៊ី ដែលពួកគេអាច សិក្សា និងចែករំលែកនូវបទពិសោធន៍ រវាងគ្នា និងគ្នា និងអាចជាឱកាសចាប់ដៃគូរកស៊ីជាមួយគ្នាទៅវិញទៅមកផងដែរ។
កញ្ញា សុខ ហេងពេជ្រមុនី សង្ឃឹមថា នៅឆ្នាំក្រោយៗ អាចនឹងមានពាណិជ្ជករខ្មែរ ដែលវិនិយោគលើវិស័យនេះ ចូលរួមបានកាន់តែច្រើនបន្ថែមទៀត៕
|