BY | Bongvy | / | 07-05-2019 | / | 1119 |
ធ្លាប់ទៅលេងខេត្តស្ទឹងត្រែងហើយឫនៅ? តោះ ចង់ដឹងថាខេត្តនេះមានកន្លែងកំសាន្តណាខ្លះ
ថាឡាបរីវ៉ាត់ - ស្ទឹងត្រែង
ឈ្មោះពិរោះណាស់មែនទេ? ថាឡាបរីវ៉ាត់ ជាស្រុកមួយ នៃស្រុកទាំង៥ របស់ខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា "ធារាបរិព័ទ្ធ" គឺព័ទ្ធជុំទិសទៅដោយទឹក និងភ្នំដូចឈ្មោះមែន។
"បើនិយាយអំពីខេត្តស្ទឹងត្រែងហាក់ដូចជាឆ្ងាយណាស់ សម្រាប់អ្នកដែលមកពីទីក្រុងភ្នំពេញ ប៉ុន្តែប្រសិនជាមានឳកាសបានមកដល់ ច្បាស់ជាប្លែកភ្នែកជាមួយនឹងភាពអំណោយផលនៃតំបន់ទេសចរណ៍បែបធម្មជាតិនៃស្រុកនេះ។
ដងទន្លេមេគង្គលើជាប្រភពមួយនៃតំបន់ទេសចរណ៍ក្នុងតំបន់នេះ ដែលអ្នកអាចជួលទូកបែបជាឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល ចំណាយ និងរដូវកាល) សម្រាប់ជិះមើលព្រៃលិចទឹក ដែលដើមរបស់វាដុះកោងទោរទៅតាមកម្លាំងទឹកហូរពីល្បាក់ខោនដែលធ្វើឲ្យអ្នកងឿងឆ្ងល់ប្លែកភ្នែកព្រោះថាអាចនឹងមិនដែលបានឃើញពីមុនមក ការគយគន់ជម្រកសត្វស្លាបនៅតំបន់រាមសារ ដែលជាតំបន់ធម្មជាតិ កំពុងត្រូវបានអភិរក្ស ព្រមជាមួយនឹងការទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតក្នុងតំបន់ល្បាក់ខោលឯព្រះរំកិល។
បន្ថែមទៅលើនេះទៀត ស្ទឹងត្រែងជាខេត្តមួយសំបូរទៅដោយកោះធម្មជាតិ មានដូចជាកោះហាន កោះលន កោះល្ងរ ជាដើម ដែលជារមណីយដ្ឋានធម្មជាតិដ៏គួរឲ្យចង់លំហែ។ សម្រាប់កោះហាន (អ្នកស្រុកនេះបង្កើតជាសហគមន៍ទេសចរណ៍មួយថ្មី ហៅឈ្មោះថា កោះខេ) ប្រសិនបើអ្នកគ្មានយាន្តជំនិះទេ អ្នកអាចជួលម៉ូតូសម្រាប់ជិះ (ប្រមាណជា ១០ដុល្លារក្នុងមួយថ្ងៃ មានសាំងស្រាប់) ឆ្លងពីស្ពានសេកុងប្រមាណពី ១៥ ទៅ ២០នាទី នៅខាងឆ្វេងដៃអ្នកនឹងឃើញស្លាកបដារ សហគមន៍ទេសចរណ៍ធម្មជាតិ កោះខេ គ្រាន់បត់ចូលតាមនោះបន្តិចនឹងដល់កំពង់ចម្លងដែលអ្នកអាចឆ្លងទៅដល់កោះនោះហើយ ឆ្លងទៅនឹងមកតម្លៃ២០០០រៀល។
អ្វីដែលជានិមិត្តរូបរបស់ទេសចរណ៍ខេត្តស្ទឹងត្រែងនោះគឺទឹកធ្លាក់ព្រះនិមត្តិ (ចំណែកអ្នកស្រុកព្រះវិហារហៅថា ទឹកធ្លាក់សុភ័ក្រមិត្ត) ដែលស្ថិតនៅព្រំដែនកម្ពុជា ឡាវត្រង់់ចំណុចកោះ៤០០០ និង ខេត្តព្រះវិហារ។ តំបន់នេះជាតំបន់គោលដៅនៃទស្សនាចរក្នុងស្រុកក៏ដូចជាបរទេសដែលផ្លូវចូលមិនជាពិបាកទេ គ្រាន់តែហុយបន្តិចទៅតាមកន្លែង តែបើបានទៅដល់នឹងជក់ចិត្តទឹកសម្លេងទឹកធ្លាក់ បើបានហែលលេងកាន់តែពិសេស ព្រោះថាទឹកត្រជាក់រហឹម។ បើនិយាយអំពីចំណីអាហារនៅទឹកធ្លាក់ព្រះនិមត្តិ មិនខ្វះនោះទេព្រោះពោរពេញទៅដោយខ្ជុះលក់ចំណីអាហារ ហើយសំបូរបែបណាស់។
ក្រៅពីធម្មជាតិ សម្រាប់អ្នកដែលចូលចិត្តប្រវត្តិសាស្ត្រ និងបុរាណស្ថានក៏អាចទស្សនាវត្តបុរាណផ្សេងៗក្នុងក្រុង មានដូចអាទិ៍ វត្តស្រះកែវមុនីវណ្ណ ក៏ដូចជាមានប្រាសាទបុរាណផងដែរ ប្រាសាទភ្នំព្រះធាតុដែលដួលរលំសឹងអស់ហើយ និងប្រាសាទព្រះគោដែលស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម។
|