ប្រជាពលរដ្ឋនៃសង្កាត់ភ្លើងឆេះរទេះ ដែលជាសង្កាត់មួយស្ថិតនៅក្នុងខណ្ឌពោធិ៍សែន ក្នុងនោះមានភូមិចំនួន ៨ ភូមិ កំពុងជួបនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ទោះបីជាសង្កាត់មួយនេះស្ថិតនៅក្រោមរដ្ឋបាលរបស់សាលារាជធានីភ្នំពេញក៏ដោយ។ ជាទូទៅ ប្រជាជនដែលរស់នៅក្នុងសង្កាត់នេះ ប្រើប្រាស់ទឹកដែលបានមកពីការត្រងទឹកភ្លៀងទុក និងបុកអណ្ដូងសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ប៉ុន្តែនៅក្នុងរដូវប្រាំងដែលគ្មានភ្លៀងធ្លាក់ ពួកគាត់តែងតែជួបប្រទះនឹងការខ្វះខាតទឹក សូម្បីតែអណ្ដូងទឹកនៅទីតាំងមួយចំនួនក៏ចាប់ផ្ដើមខ្វះខាតទឹកប្រើប្រាស់ដែរ។
ដោយមានការចង្អុលបង្ហាញពីលោកចៅសង្កាត់ភ្លើងឆេះរទេះផ្ទាល់ សារព័ត៌មាន BTN បានធ្វើការចុះសម្ភាសន៍ផ្ទាល់ជាមួយលោកមេភូមិ និងប្រជាពលរដ្ឋដែលរស់នៅសង្កាត់មួយនេះ។ តាមរយៈលោកសូត្រ លី ដែលជាមេភូមិគោកខ្សាច់ដែលជាភូមិមួយក្នុងសង្កាត់ភ្លើងឆេះរទេះនេះ បានបង្ហាញប្រាប់សារព័ត៌មាន BTN ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបស់លោកដែលមានជាង ១៦០ គ្រួសារ មានការលំបាកជាខ្លាំងនៅក្នុងរដូវប្រាំងនេះ ដោយសារតែពួកគាត់មិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ លោកមេភូមិបានបន្តទៀតថា ការបុកអណ្ដូប្រើប្រាស់ត្រូវប្រើជម្រៅពី២០ម៉ែត្រទៅ៣០ម៉ែត្របានចេញទឹក ហើយអ្វីដែរលើសពីទៀតនោះគឺមិនបានថ្លាល្អនោះទេ ហើយទឹកចេញតាមម៉ោងទៀត លោកបានបន្ដថាក្នុងចំណោមភូមិទាំង ៨ នៃសង្កាត់មួយនេះមានតែភូមិទួលកីមួយទេដែលទទួលបានទឹកស្អាតពីរដ្ឋករទឹកមកប្រើប្រាស់កាលពីពេលថ្មីៗនេះ ដូចនេះហើយប្រជាជនក្នុងភូមិរបស់គាត់ និងភូមិផ្សេងទៀតតែងតែទិញទឹកតាមរយៈឡានដឹកទឹកពីភូមិទួលកីមក។
បើតាមការសម្ភាសន៍ពីប្រជាពលរដ្ឋ ម្នាក់នៅភូមិគោកខ្សាច់នេះ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហាញប្រាប់សារព័ត៌មាន BTN ថា គាត់តែងតែប្រើប្រាស់ទឹកអណ្ដូងនៅក្រោយផ្ទះរបស់គាត់ ប៉ុន្តែថ្មីៗនេះ អណ្ដូងមួយនេះមិនអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់គ្រួសាររបស់គាត់បាននោះទេ ហើយគាត់បានទិញទឹកស្អាតតាមឡានដឹកទឹកពីភូមិទួលកី ដែលក្នុងនោះមួយធុងដែលមានចំណុះ ១ ៥០០ លីត្រ (១.៥ ម៉ែត្រគូប) មានតម្លៃរហូតដល់ទៅ៣៥០០០(បីម៉ឺនប្រាំពាន់រៀល)។ គាត់បានបន្ថែមទៀតថា ពេលខ្លះឡានទឹកមិនអាចបំពេញតម្រូវការទាន់ពេលវេលាទេ គាត់ត្រូវទិញទឹកបរិសុទ្ធចំណុះ ២០ លីត្រ ក្នុងតម្លៃ ៣ ០០០ រៀល មកប្រើសម្រាប់ចម្អិនអាហារ និងសម្រាប់ងូតដើម្បីបំពេញតម្រូវការ។
ចំណែកឯបងប្រុសម្នាក់ដែលរស់នៅក្នុងភូមិភ្លើងឆេះរទេះលិច បានប្រាប់សារព័ត៌មាន BTN ដែរថា ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់នេះពិតជាមានបញ្ហារឿងខ្វះទឹកប្រើប្រាស់មែន។ គាត់បានបន្តទៀតថា គ្រួសារមួយចំនួនដែលមានជីវភាពល្អប្រសើរ គឺមានលទ្ធភាពដើម្បីឲ្យគេបុកអណ្ដូងឲ្យ ព្រោះការបុកអណ្ដូងនេះត្រូវចំណាយចាប់ពី ១ពាន់ ទៅ ២ពាន់ដុល្លារឯនោះដោយសារតែតំបន់នេះមិនងាយនឹងបុកអណ្ដូងចេញនោះទេ។ ម្ល៉េះហើយប្រជាពលរដ្ឋដែលគ្មានលទ្ធភាពបុកអណ្ដូង គឺមានតែទិញទឹកឡានមកប្រើប្រាស់ក្នុងតម្លៃថ្លៃ ហើយជួនកាលត្រួវបង្ខំចិត្តប្រើទឹកល្អក់ពីស្រះមួយនៅក្នុងភូមិនោះទៀតផង។
តាមរយៈការចុះសម្ភាសន៍នេះ ប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហានេះ ជាពិសេសគឺព្រួយបារម្ភចំពោះក្មេងៗដែលជាកូនរបស់ពួកគាត់ ព្រោះពួកគេមិនសូវបានងូតទឹកនៅពេលដែលមានអាកាសធាតុក្ដៅ និងប្រឈមនឹងបញ្ហាសុខភាពនៅពេលដែលពួកគេប្រើប្រាស់ទឹកមិនស្អាតនោះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្ដាត់ភ្លើងឆេះរទេះទាំងមូលបានអំពាវនាវនិងសំណូមពរ សុំអោយខាងថ្នាក់ដឹកនាំ ឬអភិបាលខណ្ឌពោធិ៍សែនជ័យមេត្ដាជួយដោះស្រាយបញ្ហាកង្វាក់ខាតទឹកប្រើប្រាស់ដល់ពួកគាត់ផងព្រោះគាត់តែងតែបារម្ហណ៍អំពីបញ្ហាសុខភាពរបស់គាត់នឹងក្មេងៗ សត្វដែលចាំបាត់ត្រួវតែមានទឹកប្រើប្រាស់ជាប្រចាំថ្ងៃ។
អង្គភាពសារព័ត៍មាន BTNNews សូមអំពាវនាវដល់សារធារណៈជនដែលមានព័ត៌មានទាក់ទងនិង ហានិភ័យ ឬ ផលប៉ះពាល់ផ្សេងៗមេត្តាផ្តល់ព័ត៌មានទាំងនោះមកយើងខ្ញុំតាមរយៈលេខទូរសព្ទ័012589111(Telegram/Viber/…..)Facebookpage: www.facebook.com/info.BTNNews
BTN News. 167,159 likes • 14,350 talking about this. Community