ក្រុមហ៊ុនក៏បាននិងកំពុងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង Forte ផ្ដល់ជូនកញ្ចប់ការពាររាល់ពេលដែលអតិថិជនប្រើប្រាស់ App WeGO ធ្វើដំណើរ តាំងពីចំណុចចាប់ផ្ដើមរហូតដល់គោលដៅ។ បន្ថែមពីនេះ ក្រុមហ៊ុន WeGO បានផ្ដួចផ្ដើមជំរុញដល់អ្នកបើកបរជាសមាជិកទៅប្រឡងយកប័ណ្ណបើកបរដោយធានារ៉ាប់រងលើតម្លៃសេវាពីក្រសួងសាធារណការទៀតផង។
ថ្នាក់ដឹកនាំក្រុមហ៊ុនដដែលបញ្ជាក់ដែរថា ដើម្បីឆ្លើយតបទៅនឹងការផ្ដួចផ្ដើមរបស់សាលារាជធានីភ្នំពេញក្នុងកិច្ចប្រជុំជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាមួយក្រុមហ៊ុនធំៗបីដែលបម្រើក្នុងវិស័យចែករំលែកសេវាកម្មធ្វើដំណើរតាមទូរសព្ទដែលមាន WeGO ចូលរួមកាលពីថ្ងៃទី ២២ កុម្ភៈកន្លងទៅនេះជុំវិញបញ្ហាសន្តិសុខ និងសុវត្ថិភាពធ្វើដំណើរជូនអ្នកដំណើរ ក្រុមហ៊ុននឹងចាត់វិធានការជាច្រើនបន្ថែមទៀតរួមមាន ការបោះពុម្ពស្ទីកគ័រអប់រំច្បាប់ចរាចរណ៍តាមម៉ូតូកង់បីរាប់ម៉ឺនសន្លឹក ព្រមទាំងធ្វើយុទ្ធនាការតាមបណ្ដាញសង្គមផ្សេងៗទៀតផងដែរ។
“គ្រប់សកម្មភាពរបស់យើងគឺធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងពាក្យស្លោករបស់យើងគឺអតិថិជនដែលប្រើសេវារបស់ WeGO គឺអាច ”ជឿជាក់ក្នុងការធ្វើដំណើរ"។
ការរឹតបន្តឹងរបស់សាលារាជធានីជុំវិញបញ្ហាសន្តិសុខតាមមធ្យោបាយកង់បីគឺ បន្ទាប់ពីមានការជជែកក៏ដូចជាចែករំលែកយ៉ាងផុលផុសជុំវិញករណីប៉ុនប៉ងរំលោភពីសំណាក់អ្នកបើកបរកង់បីទៅលើភ្ញៀវរបស់ខ្លួនកាលពីជាងសប្ដាហ៍មកនេះ៕
ប្រភព៖ សាលារាជធានីភ្នំពេញ