លោកបានរៀបរាប់ថា ជាញឹកញាប់ប្រជាពលរដ្ឋមួយចំនួនតែងតែឆ្លើយតបថា «គេប្រើរាប់ឆ្នាំហើយមិនអីផង» ឬ «សុខចិត្តងាប់ ឱ្យតែបានស្អាត» ដែលបង្ហាញពីការមើលរំលងហានិភ័យសុខភាព និងការផ្តល់អាទិភាពដល់រូបសម្រស់ជាងសុវត្ថិភាពរាងកាយ។
វេជ្ជបណ្ឌិតរូបនេះបានសង្កត់ធ្ងន់ថា មនុស្សជាច្រើនមិនទាន់យល់ពីទំហំនៃផលប៉ះពាល់នោះទេ ព្រោះពួកគេមិនទាន់ជួបប្រទះជំងឺធ្ងន់ធ្ងរ ឬស្ថានភាពសង្គ្រោះបន្ទាន់ដោយផ្ទាល់។ លោកបានលើកឡើងថា នៅពេលដែលរោគសញ្ញា ឬផលវិបាកលេចចេញមក អាចជាពេលដែលការព្យាបាលកាន់តែលំបាក ឬហួសពេលក្នុងការការពារ។
ជាមួយគ្នានេះ លោកក៏បានបង្ហាញពីអារម្មណ៍ហត់នឿយ និងខកចិត្តមួយផ្នែកផងដែរ ដោយបញ្ជាក់ថា គ្រូពេទ្យជាច្រើនតែងតែចំណាយពេលពន្យល់ និងអប់រំសាធារណជន ប៉ុន្តែពេលខ្លះបែរជាទទួលបានការរិះគន់ ឬការមិនពេញចិត្តពីអ្នកស្តាប់វិញ។ ទោះជាយ៉ាងណា លោកនៅតែចាត់ទុកការផ្សព្វផ្សាយចំណេះដឹងសុខភាពជាកាតព្វកិច្ចសំខាន់មួយសម្រាប់សង្គម។
នៅក្នុងសារនោះដែរ លោកបានលើកឡើងថា ការខ្វះព័ត៌មាន និងការយល់ដឹងអំពីសុខភាព អាចធ្វើឱ្យក្រុមប្រជាពលរដ្ឋដែលមានធនធាន និងឱកាសសិក្សាតិច ជួបហានិភ័យច្រើនជាងគេ។ ដូច្នេះ ការអប់រំសុខភាពជាបន្តបន្ទាប់ គឺជាកត្តាសំខាន់ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងមានសុវត្ថិភាពជាងមុន។
លោកវិជ្ជបណ្ឌិតចង់ផ្ញើសារនេះទៅកាន់សាធារណជនថា ការថែរក្សាសម្រស់គួរតែធ្វើឡើងដោយផ្អែកលើសុវត្ថិភាព និងចំណេះដឹងវិទ្យាសាស្ត្រ មិនគួរប្រថុយនឹងផលប៉ះពាល់សុខភាពរយៈពេលវែង ដើម្បីប្តូរយកភាពស្រស់ស្អាតក្នុងរយៈពេលខ្លីនោះឡើយ។