| BY | Heach | / | 10-06-2026 | / | 72 |
នគរបាលខេត្តតាកែវ រឹតបន្តឹងការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស
តាកែវ៖ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវសាធារណៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ចំពោះយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រមទាំងយានយន្តដែលមិនគោរពបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងកម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ វិធានការនេះមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់យានយន្តដែលត្រូវបានកែច្នៃខុសស្តង់ដារបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវដទៃទៀត។
ជាក់ស្តែង យានយន្តមួយចំនួនត្រូវបានកែប្រែរចនាសម្ព័ន្ធដើម ដូចជា ការពង្រីកតួរថយន្ត បន្ថែមទ្រុងដែក កែប្រែប្រព័ន្ធបច្ចេកទេស ឬដឹកជញ្ជូនលើសទម្ងន់កំណត់។ សកម្មភាពទាំងនេះអាចធ្វើឱ្យយានយន្តបាត់បង់លំនឹងពេលធ្វើចរាចរណ៍ បង្កើនហានិភ័យនៃការក្រឡាប់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗនៅលើដងផ្លូវ។
លើសពីនេះ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស មិនត្រឹមតែគំរាមកំហែងដល់សុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។ ដូច្នេះ អាជ្ញាធរជំនាញអំពាវនាវឱ្យម្ចាស់យានយន្ត និងអ្នកបើកបរទាំងអស់ គោរពតាមបទដ្ឋានបច្ចេកទេស និងច្បាប់ចរាចរណ៍ជាធរមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់លើដងផ្លូវ។
|