៣. វិធីសាស្ត្រសម្គាល់ «ប្រភពពិត» និង «ប្រភពបន្លំ»
ពិនិត្យបារកូដ (Barcode): លេខ ៣ ខ្ទង់ដំបូងបញ្ជាក់ពីប្រទេស (ឧទាហរណ៍៖ ៨៨០ គឺកូរ៉េ, ៨៨៥ គឺថៃ, ៤៥/៤៩ គឺជប៉ុន)។ ប្រសិនបើបារកូដបង្ហាញប្រទេសចិន (៦៩០) តែផលិតផលសរសេរថា Made in USA នោះគឺជាការបន្លំហើយ។
ស្វែងរកអាសយដ្ឋានរោងចក្រ៖ ផលិតផលពិតត្រូវតែមានអាសយដ្ឋានច្បាស់លាស់ដល់លេខផ្ទះ ផ្លូវ និងក្រុង។ បើគ្រាន់តែសរសេរឈ្មោះប្រទេសទទេរៗ វាគឺជាសញ្ញាសង្ស័យ។
លេខប្រវេទន៍ពីក្រសួងសុខាភិបាល៖ ផលិតផលនាំចូលស្របច្បាប់ត្រូវតែមានការត្រួតពិនិត្យ និងផ្តល់លេខប្រវេទន៍ពីក្រសួងសុខាភិបាលកម្ពុជា។
នៅវិធិសាស្រ្តជាច្រើនទៀតដែលសមាគមគ្រឿងសម្អាងCCAបានចែករំលែកដល់សមាជិករបស់ខ្លួនកន្លងមក។
៤. ផលប៉ះពាល់ និងការប្រុងប្រយ័ត្ន
អ្នកជំនាញផ្នែកសើស្បែកបានព្រមានថា គ្រឿងសម្អាងបន្លំប្រភពច្រើនតែផ្ទុកសារធាតុគីមីដែលមានតម្លៃថោក និងគ្រោះថ្នាក់ខ្លាំង ព្រោះវាផលិតឡើងដោយគ្មានស្តង់ដារត្រឹមត្រូវ វាអាចបណ្តាលឱ្យស្បែកមុខរលាក ឡើងអាចម៍រុយជ្រៅ និងងាយរងគ្រោះថ្នាក់ដល់កម្រិតមហារីកស្បែកជាដើមនឹងប៉ះពាល់ដូចជា៖
I.ផលប៉ះពាល់លើសុខភាពស្បែក (Health Risks)
ដោយសារផលិតផលក្លែងប្រភព ច្រើនតែផលិតក្នុងរោងចក្រខុសច្បាប់ដែលគ្មានការត្រួតពិនិត្យស្តង់ដារ វាអាចមានផ្ទុក៖
សារធាតុគីមីហាមឃាត់៖ ដូចជា បារត (Mercury), អ៊ីដ្រូគីណូន (Hydroquinone) និងស្ដេរ៉ូអ៊ីត (Steroids) ដែលធ្វើឱ្យស្បែកសលឿនខុសធម្មតា តែបណ្តាលឱ្យស្បែកស្តើង មើលឃើញសរសៃឈាម និងឡើងអាចម៍រុយជ្រៅ។
ការឆ្លងមេរោគ៖ បរិស្ថានផលិតគ្មានអនាម័យអាចនាំឱ្យមានបាក់តេរីក្នុងសាច់គ្រីម បង្កឱ្យមានមុនខ្ទុះ រលាកស្បែក និងដំបៅ។
ប្រតិកម្មអាឡែហ្ស៊ីខ្លាំង៖ ធ្វើឱ្យហើមមុខ រមាស់ ក្រហាយ និងរបកស្បែក ដែលជួនកាលមិនអាចព្យាបាលឱ្យដូចដើមវិញបានឡើយ។
II. ផលប៉ះពាល់លើសេដ្ឋកិច្ចអ្នកប្រើប្រាស់ (Economic Loss)
ខាតបង់ថវិកា៖ អ្នកប្រើប្រាស់ត្រូវចំណាយប្រាក់ថ្លៃ (តម្លៃទំនិញនាំចូល) ដើម្បីទិញផលិតផលដែលមានគុណភាពថោកទាប។
ចំណាយលើការព្យាបាល៖ ថវិកាដែលត្រូវចំណាយទៅលើការជួបគ្រូពេទ្យសើស្បែក និងទិញថ្នាំព្យាបាលមុខដែលខូច ច្រើនជាងតម្លៃគ្រឿងសម្អាងរាប់សិបដង។
III. ការបាត់បង់ទំនុកចិត្តលើទីផ្សារ (Loss of Market Trust)
ប៉ះពាល់ម៉ាកសញ្ញាពិត៖ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនផលិតពិតប្រាកដ និងធ្វើឱ្យអតិថិជនលែងហ៊ានទិញផលិតផលពីប្រទេសនោះ (ឧទាហរណ៍៖ លែងហ៊ានទិញផលិតផលកូរ៉េ ព្រោះខ្លាចប៉ះរបស់ក្លែងក្លាយ)។
ប៉ះពាល់ដល់អាជីវករសុចរិត៖ អ្នកលក់ដែលនាំចូលទំនិញត្រឹមត្រូវ ពិបាកប្រកួតប្រជែងជាមួយអ្នកលក់របស់ក្លែងក្លាយដែលលក់ក្នុងតម្លៃទាប។
IV. ផលប៉ះពាល់ផ្នែកច្បាប់ (Legal Issues)
សម្រាប់អ្នកលក់៖ ប្រឈមនឹងការចុះបង្ក្រាបពីអាជ្ញាធរ (ក.ប.ប. ឬ គ.ប.ផ.ក.) ការរឹបអូសទំនិញ បង់ប្រាក់ពិន័យមហាសាល និងទោសពន្ធនាគារពីបទបោកបញ្ឆោតអ្នកប្រើប្រាស់។
ការរំលោភសិទ្ធិបញ្ញា៖ ការប្រើប្រាស់ឈ្មោះប្រទេស ឬម៉ាកសញ្ញាដោយគ្មានការអនុញ្ញាត គឺជាការរំលោភច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
៥ ពេលសង្ស័យថាប៉ះផលិតផលក្លែងប្រភពតើគួធ្វើយ៉ាងណា?
បើកលោកអ្នកទិញប៉ះផលិតផលក្លែងប្រភព ឬ សង្ស័យថាជាផលិតផលនោះក្លែងប្រភពគួធ្វើដូចនេះ៖
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
៦ យោងតាមច្បាប់កបប ស្តីអំពីការក្លែងបន្លំ ឬក្លែងប្រភពផលិតផលតើមានទោសទណ្ឌយ៉ាងណា?
ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល និងសេវា (ដែលអនុវត្តដោយអគ្គនាយកដ្ឋាន ក.ប.ប. - ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ) ការក្លែងបន្លំផលិតផល ឬក្លែងប្រភពដើម គឺជាបទល្មើសដែលត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។
ខាងក្រោមនេះគឺជាទោសទណ្ឌសំខាន់ៗដែលកំណត់ក្នុងច្បាប់នេះ៖
I ការពិន័យជាប្រាក់ និងទោសពន្ធនាគារ (ចំពោះការក្លែងបន្លំ)
យោងតាមមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល និងសេវា៖
ទោសដាក់ពន្ធនាគារ៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ។
ការពិន័យជាប្រាក់៖ ត្រូវពិន័យជាប្រាក់ពី ៥ លានរៀល ដល់ ១០ លានរៀល។
បទល្មើសរួមមាន៖ ការក្លែងបន្លំអត្តសញ្ញាណទំនិញ (ដូចជាការបន្លំប្រភពដើមថាផលិតនៅកូរ៉េ តែការពិតផលិតនៅកន្លែងផ្សេង) ឬការបន្លំគុណភាព (ដាក់សារធាតុគ្រោះថ្នាក់)។
II ករណីបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព (មាត្រា ៦៤)
ប្រសិនបើការក្លែងបន្លំប្រភព ឬគុណភាពនោះ បណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៖
ទោសដាក់ពន្ធនាគារ៖ អាចកើនឡើងពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ ប្រសិនបើបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ។
ការពិន័យជាប្រាក់៖ អាចត្រូវពិន័យពី ១០ លានរៀល ដល់ ២០ លានរៀល។
III វិធានការរដ្ឋបាលអមជាមួយ (Administrative Sanctions)
ក្រៅពីទោសព្រហ្មទណ្ឌ អគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធិចាត់វិធានការភ្លាមៗរួមមាន៖
ការដកហូត និងបំផ្លាញចោល៖ រាល់ផលិតផលក្លែងក្លាយទាំងអស់ត្រូវដកហូតពីទីផ្សារ និងយកទៅកម្ទេចចោល។
ការបិទអាជីវកម្ម៖ ផ្អាកជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ណអាជីវកម្មជាស្ថាពរ។
ការផ្សព្វផ្សាយជាសាធារណៈ៖ ឈ្មោះក្រុមហ៊ុន ឬអាជីវករដែលល្មើស នឹងត្រូវផ្សព្វផ្សាយជាសាធារណៈដើម្បីព្រមានអ្នកប្រើប្រាស់។
IV បទល្មើសពាក់ព័ន្ធនឹងការបន្លំស្លាកសញ្ញា (Labeling)
ការបិទស្លាកសញ្ញាមិនត្រឹមត្រូវ ឬបន្លំព័ត៌មានប្រភពដើមលើសំបកវេចខ្ចប់៖
អាជីវករអាចត្រូវរងការ ពិន័យអន្តរការណ៍ ជាប្រាក់យ៉ាងធ្ងន់ធ្ងរពីមន្ត្រី ក.ប.ប. ដែលចុះត្រួតពិនិត្យផ្ទាល់។