| BY | Heach | / | 16-02-2026 | / | 33 |
ប្រជាពលរដ្ឋសាទរ ចំពោះចំណាត់ការតឹងរឹងលើរថយន្តកែច្នៃខុសបច្ចេកទេស នៅភ្នំពេញ
ប្រជាពលរដ្ឋជាច្រើនបានសម្តែងការគាំទ្រ និងសាទរ ចំពោះចំណាត់ការយ៉ាងតឹងរឹងរបស់កម្លាំងនគរបាលចរាចរណ៍ ដែលអនុវត្តច្បាប់ដោយគ្មានការយោគយល់ ឬលើកលែង ចំពោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវសាធារណៈ។
នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ ចុះដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅក្នុង ភ្នំពេញ។
ប្រតិបត្តិការនេះ ផ្តោតលើការចាប់ឃាត់យានយន្តដែលតទ្រុង ឬកែច្នៃខុសបច្ចេកទេស មិនគោរពតាមស្តង់ដារសុវត្ថិភាព ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
👉 ប្រជាពលរដ្ឋជឿជាក់ថា ការអនុវត្តច្បាប់ដោយតឹងរឹង និងស្មើភាព គឺជាជំហានសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពសាធារណៈ។
|